ទីក្រុង Tianjin ប្រទេសចិនបានរាយការណ៍ពីករណីឆ្លងថ្មី COVID-19 ចំនួន២០ករណី ខណៈអាជ្ញាធរដាក់វិធានការរឹតត្បឹត
ធានជីន ៖ បើតាមអាជ្ញាធរក្នុងតំបន់ធានជីន ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុងធានជីន ភាគខាងជើងប្រទេសចិន បានរាយការណ៍ពីករណីឆ្លង COVID-19 ក្នុងស្រុកថ្មីចំនួន ២០ករណី ខណៈក្រុមសុខាភិបាលកំពុងត្រៀមដើម្បីចេញធ្វើតេស្តលក្ខណៈទ្រង់ទ្រាយធំទូទាំងក្រុង។
ទីស្នាក់ការកណ្តាលក្រុងសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ បាននិយាយថា អ្នកជំងឺទាំងអស់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្រុង ដើម្បីពិនិត្យ និងព្យាបាល។ វិធានការបច្ចុប្បន្ន ប្រជាជននៅទីក្រុង Tianjin ត្រូវបានស្នើកុំឱ្យចាកចេញពីទីក្រុង ប្រសិនបើចាំបាច់។ អ្នកដែលត្រូវចាកចេញពីទីក្រុងត្រូវតែមានវិញ្ញាបនបត្រធ្វើតេស្ត អវិជ្ជមាន និងលេខកូដសុខភាពពណ៌បៃតងក្នុងរយៈពេល ៤៨ ម៉ោងហើយបទប្បញ្ញត្តិនេះនឹងចូលជាធរមានចាប់ពីចុងថ្ងៃអាទិត្យនេះតទៅ។
សម្រាប់ប្រជាពលរដ្ឋដែលមានជំងឺគ្រុនក្តៅ មិនត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីក្រុងធានជីន ឬចូលទៅកាន់ទីក្រុងប៉េកាំង ដែលជារដ្ឋធានីរបស់ប្រទេសចិននោះទេ រហូតដល់ហានិភ័យនៃការឆ្លងត្រូវបានដកចេញ។
រដ្ឋបាលទីក្រុង Tianjin បានឱ្យដឹងថា ប្រជាជនដែលរស់នៅក្នុងសង្កាត់ចំនួន៤ នឹងត្រូវធ្វើតេស្តក្នុងកំលុងពេល ២៤ម៉ោងខាងមុខ ខណៈនៅសង្កាត់ដទៃទៀត នឹងត្រូវចាប់ផ្តើមការធ្វើតេស្តនៅថ្ងៃបន្ទាប់។
គិតត្រឹមថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២ ចិនមានករណីឆ្លងសរុបត្រឹម ១០៣,៦១៩នាក់ ខណៈតួលេខអ្នកស្លាប់ស្ថិតនៅដដែល គឺ៤,៦៣៦នាក់៕