ភ្នំពេញ៖ នៅក្នុងជំនួបជាមួយប្រធានគណៈសង្ឃនាយក នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណៈកម្មាធិការជាតិអេស្កាប់តាមប្រព័ន្ធវីដេអូរកាលពីព្រឹកមិញនេះ គណៈប្រតិភូខេត្តឆុងឈីង នៃសាធារណរដ្ឋប្រជាមានិតចិន បានថ្លែងសន្យាបន្តចូលរួមជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាតាមរយៈការជួយផ្តល់អាហារូបករណ៍បន្ថែម។
អំឡុងនៃកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ស្តីពីការផ្លាស់ប្តូរវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា-ចិន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ ព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូខេត្តឆុងឈីង បានថ្លែងសន្យាជាមួយសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានគណៈសង្ឃនាយកនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណៈកម្មាធិការជាតិអេស្កាប់ លោកទេសរដ្ឋមន្រ្តី លី ធុជ ថា គណៈប្រតិភូចិនខេត្តឆុងឈីង សន្យាបន្តជួយដល់កម្ពុជាក្នុងការចូលរួមបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ដោយសហការជាមួយគណៈកម្មាធិការជាតិអេស្កាប់។
ភាគីទាំងពីរបានឯកភាពបន្តលើកកម្ពស់ និងពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ចំពោះវិស័យអប់រំ សេដ្ឋកិច្ច សង្គម វប្បធម៌ និងសាសនា ផ្អែកលើគំនិតផ្តួចផ្តើម “ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ” ក្រោយបញ្ចប់ការរីករាលដាលជំងឺកូវីដ-១៩ផងដែរ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានអះអាងថា ទំនាក់ទំនងរវាងកម្ពុជា-ចិន គឺជាទំនាក់ទំនងដែកថែប និងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ ចំណងការទូតជាប្រវត្តិសាស្រ្តរវាងព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងលោក ម៉ៅ សេទុង នាឆ្នាំ១៩៥៨ បានបន្តដល់ទស្សនវិស័យរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងប្រធានាធិបតី ស៊ី ជីនពីន ថែមទៀត ដែលសកម្មភាពទាំងនេះ ធ្វើឱ្យមិត្តភាពកាន់តែមានសភាពស៊ីជម្រៅ ជិតស្និទ្ធ និងរឹងមាំ ហើយបម្រើប្រយោជន៍ដល់ប្រជាជន និងប្រជាជាតិទាំងពីរ។
លោកបន្តទៀតថា គំនិតផ្តួចផ្តើម “ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ” របស់មិត្តចិន គឺជាគម្រោងដ៏អស្ចារ្យមួយ និងជាកម្លាំងចលករមួយយ៉ាងសំខាន់ក្នុងការជំរុញឲ្យមានការអភិវឌ្ឍប្រកបដោយចីរភាព និងសាកលភាវូបនីយកម្មក្នុងតំបន់និងពិភពលោក កាន់តែខ្លាំងក្លា និងល្អប្រសើរឡើង ក្នុងនោះកម្ពុជាបានទទួលនូវផលប្រយោជន៍យ៉ាងច្រើនពីមហាមិត្តចិន ក្នុងការអនុវត្តគម្រោងនេះ តាមរយៈការតភ្ជាប់នៃទំនាក់ទំនងវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្សាភ្ជាប់រវាងប្រជាជននិងប្រជាជន។
បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងផ្តល់នូវការគាំទ្រដល់កិច្ចការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា។ ពិសេសចិនបានចូលរួមកសាងជីវិតថ្មី ក្តីសង្ឃឹមថ្មី និងអនាគតថ្មីសម្រាប់ប្រជាជន និងប្រទេសកម្ពុជា។
តបនឹងការលើកឡើងខាងលើ ព្រះតេជគុណ តៅ ចៀន ព្រះចៅអធិការវត្តហ័រយាន និងគណៈប្រតិភូចិនខេត្តឆុងឈីង ក៏បានបង្ហាញនូវការសប្បាយរីករាយចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទំនាក់ទំនងផ្នែកព្រះពុទ្ធសាសនារវាងប្រជាជនទាំងពីរផងដែរ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ លោកទេសរដ្ឋមន្រ្តី លី ធុជ ប្រធានគណៈកម្មាធិការជាតិអេស្កាប់ ក៏ធ្លាប់បានទំនាក់ទំនងជាមួយគណៈកម្មាធិការអប់រំខេត្តឆុងឈីង ដើម្បីស្នើសុំអាហារូបករណ៍សម្រាប់ផ្តល់ជូនមន្រ្តីរាជការ យុវជនកម្ពុជា ព្រមទាំងបានបញ្ជូនមន្រ្តីរាជការ និងយុវជនកម្ពុជា ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “E-commerce” ដែលប្រព្រឹត្តិទៅនៅសាលា Chongqing Creation Vocational College នាខេត្តឆុងឈីងម្តងរួចមកហើយ។ ឯវគ្គបណ្ដុះបណ្តាលនាអំឡុងខែមេសា ឆ្នាំ២០២២ ខាងមុននេះ គឺជាវគ្គទី២ ដែលគ្រោងនឹងរៀបចំឡើងតាមរយៈប្រព័ន្ធវីដេអូរ៕