វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

តុលាការចោទប្រកាន់និងឃុំខ្លួនអ្នកកាសែត៣នាក់ ពាក់ព័ន្ធនឹងការញុះញង់ពលរដ្ឋឱ្យតវ៉ាទាមទារដីព្រៃលិចទឹកបឹងទន្លេសាបនៅកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មនុស្សចំនួន៥នាក់ ក្នុងនោះមានអ្នកកាសែតចំនួន៣នាក់ ត្រូវបានតុលាការខេត្តកំពង់ឆ្នាំងចោទប្រកាន់និងឃុំខ្លួនពាក់ព័ន្ធនឹងការញុះញង់ឱ្យពលរដ្ឋតវ៉ាទាមទារដីព្រៃលិចទឹកតំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចអ្នកកាសែត៣នាក់នោះរួមមានឈ្មោះ សាំង ចាន់ថន អាយុ៤៦ឆ្នាំ ជាអ្នកសារព័ត៌មាន MCTV លោក អ៊ុក ប៉ារ៉ាឌី អាយុ៣៤ឆ្នាំ ជាអ្នកសារព័ត៌មានក្រៀល Hot News និងលោក កែវ ហួ អាយុ៥៤ឆ្នាំ ជាអ្នកសារព័ត៌មាន SBT Post ត្រូវបានបញ្ជូនខ្លួនទៅតុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី៨ ខែមករា កន្លងទៅ។

អ្នកទាំង៥នាក់ខាងលើ ត្រូវបានតុលាការចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ ដែលប្រព្រឹត្តទៅនៅតំបន់៣ ខេត្តកំពង់ឆ្នាំង និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្នកាលពីថ្ងៃទី៨ ខែមករា។

ក្នុងហ្វេសបុកផេក MC Cambodia (សារព័ត៌មាន MCTV) ដែលបានផុសកាលពីថ្ងៃទី១ ខែមករា បានចុះផ្សាយពីការតវ៉ារបស់ពលរដ្ឋជាង៤៥៧គ្រួសារ បាននាំគ្នាស្នើសុំដល់រដ្ឋាភិបាលឱ្យផ្ដល់ដីដែលពួកគេធ្លាប់អាស្រ័យផលនៅតំបន់បឹងទន្លេសាប តំបន់៣ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ឱ្យពួកគេបន្តអាស្រ័យផលបន្តទៀត បន្ទាប់ពីរដ្ឋបានដកហូតដីដែលពួកគេទន្ទ្រានយកកាលពីចុងឆ្នាំមុន។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធចុះស្រាវជ្រាវនិងបង្ក្រាបជនល្មើសទន្ទ្រានដីទឹកបឹងទន្លេសាប យកមកអនុវត្តន៍ទោស និងឱ្យអង្គភាពប្រឆាំងអំពើពុករលួយបើកការស៊ើបអង្កេតផងដែរ។ ការចេញវិធានការក្ដៅរបស់សម្ដេចតេជោ គឺបន្ទាប់ពីសម្ដេចតេជោទទួលបានរបាយការណ៍ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច ពាក់ព័ន្ធនឹងការកាប់ទន្ទ្រាននិងឈូសឆាយដី លុបបឹងទន្លេសាបដែលមាននៅក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។

កាលពីថ្ងៃទី១៦ ខែធ្នូ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាប្ដូរផ្ដាច់ចំពោះយុទ្ទនាការការពារបឹងទន្លេសាបឱ្យបានជាដាច់ខាត ដោយបន្តចាត់វិធានការទប់ស្កាត់និងបង្ក្រាបចំពោះការលួចកាប់បំផ្លាញព្រៃលិចទឹកនិងតំបន់ស្នូលផ្ទៃបឹងទន្លេសាប និងការវាទទីទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៃតំបន់និងទន្លេសាបព្រមទាំងដកហូតយកមកវិញនូវដែនព្រៃលិចទឹកទាំងឡាយដែលកាន់កាប់ដោយខុសច្បាប់៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក