បាត់ដំបង៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មីកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) បានថ្លែងថាប្រទេសជប៉ុនមានការប្ដេជ្ញាក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការដឹកនាំអាស៊ានឆ្នាំ២០២២នេះឱ្យបានជោគជ័យ ក្នុងន័យនេះលោកបានសំដែងនូវការគោរពចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោដែលបានជម្នះធ្វើដំណើរទៅប្រទេសមីយ៉ាន់ម៉ានិងបានផ្ដួចផ្ដើមនូវគំនិតធ្វើឱ្យមានការកែលម្អស្ថានភាពក្នុងប្រទេសមីយ៉ានម៉ាផងដែរ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ដែលភ្ជាប់រវាងខេត្តបាត់ដំបង ទៅក្រុងសេរីសោភ័ណនៃខេត្តបន្ទាយមានជ័យ លោក មីកាមិ ម៉ាសាហ៊ីរ៉ូ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងថា៖ «ខ្ញុំសូមសំដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីសម្រាប់ដំណើរទស្សនកិច្ចភ្លាមៗរបស់សម្ដេចទៅកាន់ប្រទេសមីយ៉ាន់ម៉ានិងបានផ្ដួចផ្ដើមគំនិតក្នុងការស្ដារនួវស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ ប្រទេសជប៉ុនមានបំណងផ្ដល់កិច្ចសហប្រតិបត្តិការណ៍យ៉ាងមុះមុតដើម្បីឱ្យកម្ពុជាមានជោគជ័យក្នុងនាមជាប្រធានអាស៊ាន» ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ាដើម្បីជួបមេដឹកនាំយោធា មីន អោងលាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ដោយថាដើម្បីជួយរកដំណោះស្រាយភាពជាប់គាំងនៅក្នុងប្រទេសនេះ ក៏ដូចជានាំប្រទេសមីយ៉ាន់ម៉ាត្រលប់មកអាស៊ានវិញផងដែរ។
ក្នុងជំនួបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យានឹងសម្ដេចតេជោហ៊ុន សែន ថារដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានឹងពន្យាបទឈប់បាញ់រហូតដល់ដំណាច់ឆ្នាំ២០២២ សម្រួលដំណើរការទទួលយកជំនួយពីអាស៊ាន ព្រមទាំងសម្របសម្រួលឱ្យប្រេសិតពិសេសអាស៊ានក្នុងដំណើរទស្សនកិច្ចមកមីយ៉ាន់ម៉ាឱ្យបានទៅជួបជាមួយភាគីពាក់ព័ន្ធទាំងអស់នៃជម្លោះក្នុងប្រទេសរួមទាំងអង្គការប្រដាប់អាវុធជនជាតិភាគតិចផងដែរ៕
PHOTO: EAC NEWS