លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាទទួលបានលទ្ធផលវិជ្ជមានជាមួយនឹងការបោះជំហានទៅមុខ

ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃសុក្រ ទី៧ មករា គឺជាដំណើរលើកដំបូងរបស់មេដឹកនាំបរទេសចាប់តាំងពីការចូលកាន់កាប់យោធាកាលពីឆ្នាំមុនដែលបានធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងភាពចលាចល។

ក្នុងតួនាទីជាប្រធានអាស៊ាននាបច្ចុប្បន្ន សម្តេច តេជោ ហ៊ុន សែន បានជួបជាមួយឧត្តមសេនីយ Min Aung Hlaing ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ។

នៅក្នុងជំនួបរបស់មេដឹកនាំទាំងពីរ នាយឧត្តមសេនីយ៍ Min Aung Hlaing បានប្រាប់សម្ដេចតេជោ ហ៊ុន សែន ថាប្រទេសមីយ៉ាន់ម៉ាបានបន្តបទឈប់បាញ់ជាមួយអង្គការប្រដាប់អាវុធជនជាតិភាគតិចទាំងអស់ (EAOs) នៅក្នុងប្រទេស ដែលត្រូវបានកំណត់ថានឹងផុតកំណត់នៅចុងខែកុម្ភៈ ដោយបន្តរហូតដល់ដំណាច់ឆ្នាំ។ លោកក៏​ប្រកាស​បានស្វាគមន៍ចំពោះការចូលរួមរបស់បេសកជនពិសេសអាស៊ានទទួលបន្ទុកមីយ៉ាន់ម៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា លោក ប្រាក់ សុខុន ដើម្បីចូលរួមកិច្ចចរចាបទឈប់បាញ់ជាមួយ និងក្នុងចំណោមប្រទេសនានា ដែលនេះជាជំហានដ៏សំខាន់ក្នុងគោលការឯកភាពប្រាំចំណុចរបស់អាស៊ាន។

ជាមួយគ្នានេះផងដែរឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានឲ្យដឹងថាកិច្ចពិភាក្សារវាងសម្ដេចតេជោ និងមេដឹកនាំមីយ៉ាន់ម៉ា ពិតជាទទួលបានលទ្ធផលល្អ និងជាវិជ្ជមានជាមួយនឹងជំហានឆ្ពោះទៅមុខលើការអនុវត្តកិច្ចខិតខំប្រឹងប្រែងសន្តិភាព ដែលបានព្រមព្រៀងដោយអាស៊ាន ដែលបច្ចុប្បនកម្ពុជាជាប្រធាន។ ដែល​នេះគឺជាវឌ្ឍនភាពក្នុងការអនុវត្តការឯកភាពគ្នាចំនួនប្រាំចំណុចស្តីពីវិបត្តិមីយ៉ាន់ម៉ាដែលមេដឹកនាំអាស៊ានសម្រេចបាននៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីក្នុងខែមេសា ឆ្នាំ២០២១។

ទាក់ទងនឹងប្រសិទ្ធភាពនៃការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនមីយ៉ាន់ម៉ា ជាពិសេសដល់ប្រជាជនដែលត្រូវការជំនួយបំផុតនោះ សម្តេចតេជោ និងលោកឧត្តមសេនីយ៍ Min Aung Hlaing បានគាំទ្រដល់ការរៀបចំកិច្ចប្រជុំរវាងភាគីពាក់ព័ន្ធដូចជាបេសកជនពិសេសរបស់ប្រធានអាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា អគ្គលេខាធិការអាស៊ាន តំណាងមជ្ឈមណ្ឌលជំនួយមនុស្សធម៌ និងគ្រប់គ្រងគ្រោះមហន្តរាយអាស៊ាន (AHA Centre) និងក្រុមការងារជាតិមីយ៉ាន់ម៉ាក្នុងការសម្របសម្រួលការផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA ដែលជា សមាគមកាកបាទក្រហមមីយ៉ាន់ម៉ា (MRCS) និងទីភ្នាក់ងារជំនាញពាក់ព័ន្ធរបស់អង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានទទួលស្គាល់ពីសារៈសំខាន់ដ៏សំខាន់នៃការបង្កើតយន្តការ និងសម្ភារៈបរិក្ខារត្រឹមត្រូវសម្រាប់កម្មវិធីចាក់វ៉ាក់សាំង COVID-19 រួមជាមួយនឹងការផ្តល់ជំនួយមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពដល់ប្រជាពលរដ្ឋដែលខ្វះខាតដោយមិនមានការរើសអើង ព្រោះគ្មានអ្វីសំខាន់ជាងការជួយសង្គ្រោះអាយុជីវិតមនុស្សនោះទេ។

ទោះបីយ៉ាងណាក៏ដោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្តមសេនីយ៍ Min Aung Hlaing បានបង្កឱ្យមានការតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការរិះគន់នៅក្រៅប្រទេស ដោយ​បាន​លើក​ឡើង​ថាជំនួបនេះបានធ្វើឱ្យមានភាពស្របច្បាប់នៃការកាន់កាប់យោធា និងបំបែកភាពឯកោផ្នែកការទូតស្ទើរតែទាំងស្រុងរបស់លោក Min Aung Hlaing។

ការដណ្តើមអំណាចរបស់យោធាបាននាំឱ្យមានជម្លោះរីករាលដាលជាមួយជនស៊ីវិលដែលបង្កើតជាក្រុមទ័ពព្រៃ និងមនុស្សរាប់ពាន់នាក់ត្រូវបានបណ្តេញចេញពីផ្ទះរបស់ពួកគេដោយការវាយលុករបស់កងទ័ព។

ប្រេសិតពិសេសរបស់អាស៊ានប្រចាំប្រទេសមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បានប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីលោកបានត្រឡប់មកប្រទេសវិញជាមួយសម្តេចតេជោ ហ៊ុន សែន ពីទស្សនៈកិច្ចរយៈពេល២៤ម៉ោងរួចមក ដោយ​បាន​លើក​ឡើង​ថា៖​ «ប្រសិនបើមាននរណាម្នាក់ដែលប្រឆាំងនឹងការរីកចម្រើននៃកិច្ចចរចាទាំងនេះនិងកិច្ចព្រមព្រៀងបែបនេះ គឺមានតែអ្នកដែលស្រលាញ់សង្រ្គាម អ្នកដែលមិនចង់ឃើញប្រទេសមីយ៉ាន់ម៉ាវិលទៅរកស្ថិរភាព និងសន្តិភាព»។

ឧត្តមសេនីយ Min Aung Hlaing បានលើក​ឡើង​ក្នុង​សេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃសុក្រថាកិច្ចចរចានេះសបញ្ជាក់ពីភាព "ស្មោះត្រង់" ហើយបានបន្តថា មេដឹកនាំទាំងពីរនឹងជំរុញឱ្យមានកិច្ចប្រជុំនៃភាគីពាក់ព័ន្ធស្តីពីការផ្តល់ជំនួយមនុស្សធម៌បន្តទៀត។

ទោះបីយ៉ាងណាក៏ដោយ បទឈប់បាញ់នេះទំនងជាមិនត្រូវចិត្តគូប្រជែងរបស់ក្រុមយោធាមីយ៉ានម៉ាឡើយ។ បទឈប់បាញ់នេះក៏បានសំដៅជាពិសេសទៅលើក្រុមប្រដាប់អាវុធជនជាតិភាគតិចដែលមានរយៈពេលយូរប៉ុណ្ណោះ មិនមែនជាអង្គភាពទ័ពព្រៃស៊ីវិលថ្មីដែលកំពុងធ្វើសង្គ្រាមភាគច្រើននោះទេ។

ជាមួយគ្នានេះផងដែរលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបង្ហើបដែរថា សម្តេចតេជោ ហ៊ុន សែនក៏បានលើកយកសំណុំរឿងលោក Sean Turnell ជនជាតិអូស្ត្រាលី អតីតទីប្រឹក្សាសេដ្ឋកិច្ចរបស់លោកស្រី ស៊ូជី ដែលកំពុងកាត់ទោសនៅប្រទេសមីយ៉ាន់ម៉ា ក្រោមការចោទប្រកាន់ពីបទរំលោភលើអាថ៌កំបាំងរដ្ឋក្នុងកិច្ចប្រជុំនោះ។ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា សម្តេចតេជោ បានលើកឡើងសំណើនេះ របស់រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Marise Payne។

លោក ប្រាក់ សុខុន បាននិយាយថា៖ «សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហានេះជាមួយឧត្តមសេនីយ Min Aung Hlaing ដោយផ្ទាល់ ហើយអគ្គសេនាធិការមីយ៉ាន់ម៉ាបានឆ្លើយតបថា សំណុំរឿងនេះគឺនៅចំពោះមុខតុលាការ ប៉ុន្តែលោកថានៅពេលដែលវាត្រូវបានបញ្ចប់ ឧត្តមសេនីយ៍ជាន់ខ្ពស់នឹងពិចារណាករណីនេះ។ នោះមានន័យថា ឧត្តមសេនីយ៍ Min Aunga Hlaing បានសន្យាថាលោកនឹងត្រឡប់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងលទ្ធផលជាវិជ្ជមាន»។

គួររំលឹកផងដែរថា កាលពីខែមេសា ឆ្នាំ២០២១ មេដឹកនាំអាស៊ាន រួមទាំងលោកឧត្តមសេនីយ៍ Min Aung Hlaing បានព្រមព្រៀងគ្នាលើកូសង់ស៉ីសចំនួន ៥ចំណុច ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃវិបត្តិមីយ៉ាន់ម៉ា រួមទាំងការបញ្ចប់អំពើហិង្សា និងការសន្ទនានយោបាយក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់។ ក្រោយមកមេដឹកនាំមីយ៉ាន់ម៉ាត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងកិច្ចប្រជុំអាស៊ានក្នុងខែតុលា បន្ទាប់ពីបេសកជនពិសេសរបស់អាស៊ានមិនត្រូវអនុញ្ញាតឲ្យជួបជាមួយលោកស្រី ស៊ូជី និងអ្នកជាប់ឃុំនយោបាយផ្សេងទៀត ដែលជាលក្ខខណ្ឌមួយក្នុងចំណោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង។

យោធាមីយ៉ាន់ម៉ាក៏បាននិយាយថា សម្តេចតេជោ ហ៊ុន សែន ក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យជួបជាមួយលោកស្រី ស៊ូជី ដែលកំពុងជាប់ពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធកាលពីថ្ងៃទី ៧ ខែធ្នូ ក្រោមបទចោទប្រកាន់ញុះញង់ និងរំលោភលើការរឹតបន្តឹងវិធានការសុខាភិបាល។

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធាបានពន្យារពេលសាលក្រមដែលវាត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅក្នុងសំណុំរឿងចំនួនពីរនៅក្នុងការកាត់ទោសមេដឹកនាំដែលត្រូវបានលើករហូតដល់ថ្ងៃទី១០ ខែមករា ខណៈលោកស្រីកំពុងប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនផ្សេងទៀត។

យោធាមីយ៉ាន់ម៉ាក៏មានប្រវត្តិបង្ហូរឈាម រួមទាំងយុទ្ធនាការប្រឆាំងនឹងជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ហើយការដណ្តើមអំណាចរបស់ខ្លួនបានបង្កឱ្យមានបាតុកម្ម ទូទាំងប្រទេស ដែលកម្លាំងសន្តិសុខ បានបង្ក្រាបបង្កឲ្យមានមនុស្សស្លាប់។

ថ្មីៗនេះ យោធាបានគាបសង្កត់ដោយហឹង្សាលើរាល់ការប្រឆាំង ការបាត់ខ្លួន ការធ្វើទារុណកម្ម និងការសម្លាប់ក្រៅប្រព័ន្ធតុលាការ ហើយក៏បានបើកការវាយប្រហារតាមអាកាស និងការវាយលុកលើប្រឆាំងនិងក្រុមឧទ្ទាមប្រដាប់អាវុធជនជាតិភាគតិចផងដែរ។ គិតមកដល់ពេលនេះកងកម្លាំងសន្តិសុខបានសម្លាប់ជនស៊ីវិលប្រហែល ១,៤៤៣ នាក់ នៅពេលដែលការបង្រ្កាបកាន់តែធ្ងន់ធ្ងរ ការតស៊ូប្រដាប់អាវុធបានរីកធំឡើងក្នុងប្រទេសនេះបើយោងតាមចំនួនលម្អិតដោយសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក