សម្ដេចតេជោ អំពាវនាវដល់ជនរួមជាតិបន្តសាមគ្គីគ្នាកសាងមាតុភូមិមិនឱ្យអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ជាតិ កើតឡើងជាថ្មី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិខ្មែរទាំងអស់បន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។
ក្នុងសារលិខិតក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានរំឮកពីប្រវត្តិសាស្ត្រនៃថ្ងៃ៧ មករា ដែលនាំមកនូវសិទ្ធិរស់រានមានជីវិតដល់ប្រជាជនខ្មែរឡើងវិញ និងបានធានាដល់ការអភិវឌ្ឍជាតិមាតុភូមិកម្ពុជាដល់សព្វថ្ងៃ។ សម្ដេចបានលើកឡើងបន្ថែមថាក្នុងរយៈពេល៤៣ឆ្នាំនេះកម្ពុជាកំពុងដើរលើផ្លូវប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់បំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើននៃមាតុភូមិកម្ពុជា។
សម្ដេចតេជោបានលើកឡើងថា៖ «កម្ពុជាដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជាកន្លែងដណ្ដើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះក្លាយជាព្រះរាជាណាចក្រដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ ជាប្រទេសមានសន្ដិភាព ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុងមានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្ដាប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះគឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រួបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ» ។
សម្ដេចតេជោបន្ថែមថា ក្នុងឆ្នាំ២០២២នេះកម្ពុជាកំពុងឈានចូលក្នុងក្ដីសង្ឃឹមថ្មីនឹងជោគជ័យបន្ថែមសម្រាប់ជាតិបន្តទៀត ដោយសម្ដេចអំពាវនាវដល់ជនរួមជាតិទាំងអស់ឱ្យបន្តការពារស្មារតី ៧ មករា មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញនោះទេ។
សម្ដេចតេជោបានរំឮកថា៖ «ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧ មករា រំឮកយើងឱ្យចងចាំជានិច្ចនូវមហាសោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់ឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្ដិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម» ។
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាដែលជាអង្គភាពទ័ពរៀបរយដំបូងត្រូវបានបង្កើតឡើង។ ក្រោមការដឹកនាំរបស់សម្ដេច ហេង សំរិន និងសម្តេច ជា ស៊ីម និងចលនាតស៊ូដែលមានរួចមកហើយនៅខេត្តកោះកុង និងនៅទិសឦសាន កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ាក៏បានក្រោកឈរប្រឆាំងនឹងរបបប៉ុលពត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជាក៏ត្រូវបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយមកចលនាមួយនេះបានឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដែលនាំមកនូវការរស់រានមានជីវិតជាលើកទី២ដល់ប្រជាជនខ្មែរទាំងអស់ទូទាំងប្រទេសឡើងវិញបន្ទាប់ពីត្រូវបានរស់នៅក្រោមរបបអាវខ្មៅយង់ឃ្នងខ្មែរក្រហមអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
ពាក្យស្លោក «សង្គ្រោះ ស្តារ និងការពារ» ត្រូវបានប្រើប្រាស់ធ្វើជាប្រធានបទសំខាន់សម្រាប់អបអរខួបលើកទី៤៣ ថ្ងៃ៧ ខែមករា នាឆ្នាំ២០២២នេះ៕