ភ្នំពេញ៖ «សង្គ្រោះ ស្តារ និងការពារ» បានក្លាយជាពាក្យស្លោក ប្រើប្រាស់ធ្វើជាប្រធានបទសំខាន់សម្រាប់អបអរខួបលើកទី៤៣ ថ្ងៃ៧ មករា នាឆ្នាំ២០២២នេះ។
ការជ្រើសយកពាក្យទាំងបីខាងដើមធ្វើជាប្រធានបទសំខាន់សម្រាប់ឆ្នាំនេះមិនមែនជារឿងចៃដន្យឡើយ សម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខជនឆ្នើមតែងទទួលបានការគាំទ្រពីគណបក្សប្រជាជនកម្ពុជាធ្វើជាបេក្ខភាពនាយករដ្ឋមន្ត្រីជាច្រើនអាណត្តិរួចមកហើយនោះធ្លាប់បានលើកឡើងជាច្រើនលើករួចមកហើយថា ទីណាមានទុក្ខ គឺទីនោះមានគណបក្សប្រជាជនកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រីធ្លាប់បានលើកឡើងនៅក្នុងកម្មវិធីនាអំឡុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ថា៖ «គណបក្សប្រជាជន គឺជាគណបក្សដែលរួមទាំងសុខ ហើយរួមទាំងទុក្ខ។ ពាក្យខ្មែរគេបានភ្ជាប់គ្នាថា “រួមសុខរួមទុក្ខ” »។
ស្របគ្នានឹងការលើកឡើងរបស់សម្តេចតេជោ មុនរួមចំណែករុញច្រានប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនដូចបច្ចុប្បន្ន ដែលបង្ហាញយ៉ាងច្បាស់តាមរយៈសមិទ្ធផលជាច្រើននៃការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមមានស្ពាន ថ្នល់ និងអគាររដ្ឋបាលសាធារណៈពាសពេញប្រទេសនាពេលនេះ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងអំឡុងពេល ៧០ឆ្នាំកន្លងមក បានបញ្ជាក់យ៉ាងច្បាស់ទោះសភាពការណ៍ជាតិនិងអន្តរជាតិមានការវិវត្តន៍ស្មុគស្មាញបែបណាក្តីក៏គណបក្សប្រជាជនកម្ពុជានៅតែជាគណបក្សតែមួយគត់ដែលតែងផ្សារភ្ជាប់ខ្លួនជាមួយប្រជាជនគ្រប់ពេលវេលា។
គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងនាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយប្រើប្រាស់ឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» ដែលមានប្រភពចេញពីចលនាតស៊ូស្នេហាជាតិនិងប្រជាជន ហើយប្រឆាំងនឹងអាណានិគមនិយមបារាំងដើម្បីឯករាជ្យជាតិ។ បក្សប្រជាជនតែងប្រកាន់ខ្ជាប់ជានិច្ចក្នុងការធ្វើជាតំណាងដ៏បរិសុទ្ធរក្សានូវផលប្រយោជន៍ប្រជាជនជាធំ ជម្នះរាល់ឧបសគ្គហើយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីកសាងប្រទេសមួយប្រកបដោយឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។
រយៈពេល១៧ឆ្នាំ ពីឆ្នាំ១៩៥៣រហូតឆ្នាំ១៩៧០ ប្រទេសកម្ពុជាបានប្រឈមនឹងសង្គ្រាមដែលបង្កដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពាន។ ក្រោយមករដ្ឋប្រហាររបស់របបសាធារណរដ្ឋខ្មែរនាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក៏បង្កើតបានជាភ្លើងសង្គ្រាមដុតបំផ្លាញមាតុភូមិនិងសម្លាប់ប្រជាជនកម្ពុជាជាងកន្លះលាននាក់ថែមទៀត។
ថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ក៏ចូលមកដល់ប្រជាជនកម្ពុជាដែលសង្ឃឹមរស់ក្នុងសុខសន្តិភាព ក៏ត្រូវរលាយក្តីស្រមៃរបស់ខ្លួនទាំងស្រុង ព្រោះពួក ប៉ុល ពត បានបង្កើតរបបកម្ពុជាប្រជាធិបតេយ្យ ហើយបានអនុវត្តនយោបាយប្រល័យពូជសាស្ត្រ ប្រែក្លាយប្រទេសកម្ពុជាទៅជាវាលពិឃាដ។ រយៈពេល ៣ឆ្នាំ៨ខែ២០ថ្ងៃ រចនាសម្ព័ន្ធប្រទេសជាតិបានរលាយខ្ទេចដល់ឬសគល់ ហើយប្រជាជនចំនួន ៣លាន៣សែននាក់ក៏ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានសរសេររៀបរាប់នៅក្នុងសៀវភៅរឿង “គូព្រេងមិនព្រាត់” ថា៖ «ថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ នោះគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីដឹកនាំចលនាតស៊ូសង្រ្គោះជីវិតប្រជាជន»។
គឺនៅពេលនោះហើយដែលសម្តចតេជោ ហ៊ុន សែន បានចេញដំណើរភៀសខ្លួនទៅប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះជាតិ។
ក្នុងវីដេអូឯកសារដំណើរឆ្ពោះទៅរកការសង្គ្រោះជាតិសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពេលវេលានេះ គឺជាពេលវេលាដែលលំបាកបំផុត តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងណា? ទៅត្រូវវៀតណាមបញ្ជូនត្រលប់មកវិញ ហើយនៅតែសម្រេចចិត្តទៅ។ ដោយសារខ្ញុំមានហេតុផល វៀតណាមមិនអោបដៃមើលចំពោះប្រទេសកម្ពុជាដែលកំពុងរងគ្រោះ ហើយខ្ញុំគិតថា នៅឯណាក៏គង់តែងាប់។ យើងទៅរក ទោះបីសង្ឃឹមត្រឹមតែ០,១% ក៏ខ្ញុំនៅតែសម្រេចចិត្តធ្វើបែបនេះ នេះជាជម្រើសទី២។ ប៉ុន្តែកុំភ្លេចថា នៅមានជម្រើសទី៣ និងទី៤ថែមទៀត។ តើវាជាជម្រើសអី? សុទ្ធតែជម្រើសស្លាប់ទាំងអស់ គឺកុំធ្វើអ្វីទាំងអស់ហើយទុកឱ្យប៉ុលពតចាប់យកទៅសម្លាប់តែម្តង។ ឯជម្រើងទី៤ នៅសល់ជម្រើសទី៤ទៀត គឺធ្វើអត្តឃាតខ្លួនឯង! ធ្វើអត្តឃាតខ្លួនឯង តាមគ្រប់មធ្យោបាយទាំងអស់។ ហើយប៉ុន្តែជម្រើសនេះ ខ្ញុំទុកប្រើនៅឯវៀតណាមទៅវិញទេ តាមរយៈម្ជុល ១២ដើមដែលទុកក្នុងហោប៉ៅដែលត្រៀមបុកចូលបំពង់ករក្នុងករណីដែលវៀតណាមចាប់បញ្ជូនត្រលប់មកវិញ»។
នាថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជាដែលជាអង្គភាពទ័ពរៀបរយដំបូងត្រូវបានបង្កើតឡើង។ ក្រោមការដឹកនាំរបស់សម្ដេច ហេង សំរិន និងសម្តេច ជា ស៊ីម និងចលនាតស៊ូដែលមានរួចមកហើយនៅខេត្តកោះកុង និងនៅទិសឦសាន កងទ័ព និងប្រជាជននៅទូទាំងភូមិភាគបូព៌ាក៏បានក្រោកឈរប្រឆាំងនឹងរបបប៉ុលពត នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨។ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជាក៏ត្រូវបានបង្កើតឡើងនាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បីដឹកនាំចលនាតស៊ូផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត។ ក្រោយមកចលនាមួយនេះបានឈានទៅផ្តួលរំលំរបបប្រល័យពូជសាសន៍តែម្តង នាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងបញ្ជាក់ថានាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ កន្លងមកថា៖ «ខ្ញុំមិនដែលមានជំនឿណាមួយថា យកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ។ ប៉ុន្តែអ្វីដែលខ្ញុំជឿជាក់ គឺសង្គ្រាមត្រូវបានដោះស្រាយតាមរយៈនៃការចចារដោយសន្តិភាព ទីចុងបំផុតយើងរកបានមែន។ ទោះថាកិច្ចព្រមព្រៀងប៉ារីសអនុវត្តន៍មិនបានពេញលេញ ហើយមិនបានគ្រប់គ្រាន់ក៏ដោយចុះ ក៏ប៉ុន្តែជាមូលដ្ឋានមួយធ្វើឱ្យយើង ៤ភាគី មកនៅតែពីរភាគី។ យើងប្រើនយោបាយឈ្នះឈ្នះរហូតនាំមកនូវសន្តិភាពពេញលេញ»។
អស់រយៈពេល២៣ឆ្នាំហើយដែលកម្ពុជាទទួលបាននូវការឯកភាពជាតិ ឯករាជ្យ បញ្ចប់សង្គ្រាមទាំងស្រុង ជាប្រទេសកម្ពុជាដែលមានទឹកដីរួមតែមួយបន្ទាប់ពីបែកបាក់គ្នាអស់រយៈពេលជាង៥០០ឆ្នាំ។ ទោះជាយ៉ាងណាការឯកភាព និងឯករាជ្យរបស់កម្ពុជា នៅតែមានប្រទេសមួយចំនួនប៉ុនប៉ងទាញឱ្យចូលភូមិសាស្ត្រនយោបាយរបស់ខ្លួនតាមរយៈការចោទប្រកាន់ និងដាក់ទណ្ឌកម្មផ្សេងដែលមានកាលពីកន្លងមក។
ព្រឹត្តការណ៍នេះហើយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបិទទំព័រសករាជខ្មៅងងឹតនៃប្រទេសកម្ពុជា ហើយឈានទៅបើកទំព័រសករាជថ្មី គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គមដូចបច្ចុប្បន្ន។ អគុណសន្តិភាព៕