ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជាបានពិនិត្យនិងយល់ព្រមទាំងស្រុងលើសេចក្ដីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ក្នុងសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយសំឡេង៥៨សំឡេងនៃសមាជិកទាំងមូល។
ព្រឹទ្ធសភាបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA)នេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផលប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩។
កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ច ការទទួលបានទីផ្សារនាំចេញផលិតផលកម្ពុជាទៅប្រទេសកូរ៉េ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនមកពីប្រទេសកូរ៉េ និងបរទេស ព្រមទាំងការបង្កើតការងារថ្មីៗជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មាន១០ជំពូក និង១៣១មាត្រា ដែលគ្រប់ដណ្ដប់លើពាណិជ្ជកម្មទំនិញរួមមាន ស្ដង់ដារបច្ចេកទេស នីតិវិធីវាយតម្លៃភាពអនុលោម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបាស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្លាភាព យន្តការដោះស្រាយវិវាទ ការទាមទារសំណង ការរៀបចំស្ថាប័ន និងអវសានប្បញ្ញាត្តិ។
កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្កិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោក YEO Han-Koo។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុងស្រុក និងកំណើនការងារ ដែលនឹងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
បន្ទាប់ពីព្រឹទ្ធសភាពិនិត្យយល់ព្រមរួច និងក្រោយពីព្រះមហាក្សត្រឡាយព្រះហស្ថលេខារួចកម្ពុជានឹងជូនដំណឹងទៅប្រទេសកូរ៉េ ដែលនឹងចូលជាធរមាននៅថ្ងៃទី៦០ក្រោយពីបានជូនដំណឹង៕