សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានរដ្ឋKCNAបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេងមួយទៀតហើយក្នុងសប្តាហ៍នេះ ដែលបានវាយប្រហារគោលដៅដោយជោគជ័យ ដែលជាការសាកល្បងលើកទីពីររបស់ខ្លួន ខណៈដែលប្រទេសនេះបន្តសមត្ថភាពយោធាថ្មី ចំពេលមានការជាប់គាំងកិច្ចពិភាក្សាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរ។
តាមប្រភពដដែលបានបញ្ជាក់ថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មិនបានចូលរួមបញ្ជាផ្ទាល់ការបាញ់បង្ហោះលើកនេះនោះទេ។
KCNA បានរាយការណ៍ថា ការបាញ់សាកល្បងជោគជ័យជាបន្តបន្ទាប់ក្នុងវិស័យមីស៊ីលលឿនជាងសំឡេងមានសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការពន្លឿនទំនើបកម្មនៃកម្លាំងយុទ្ធសាស្ត្រជាតិដែលបានស្នើឡើងដោយមហាសន្និបាតបក្សលើកទី៨ និងបញ្ចប់ភារកិច្ចសំខាន់បំផុតក្នុងចំណោមភារកិច្ចកំពូលទាំងប្រាំក្នុងវិស័យអាវុធយុទ្ធសាស្ត្រទាំងប្រាំ។ កាំជ្រួចនេះត្រូវបានបំបែកចេញបន្ទាប់ពីការបាញ់បង្ហោះបានចម្ងាយ១២០គីឡូម៉ែត្រពីការបាញ់បង្ហោះដំបូង ហើយបានវាយប្រហារគោលដៅដែលបានកំណត់នៅចម្ងាយ៧០០គីឡូម៉ែត្រដោយគ្មានកំហុសឡើយ។
ជាមួយគ្នានេះផងដែរ ឆ្មាំឆ្នេរសមុទ្រជប៉ុនបាននិយាយបន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបាញ់បង្ហោះកាលពីថ្ងៃពុធថា កាំជ្រួចនេះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ។
ភ្លាមៗបន្ទាប់ពីការបាញ់បង្ហោះកាលពីថ្ងៃពុធ ក្រុមប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានសម្តែងការព្រួយបារម្ភ ចំពោះការបាញ់មីស៊ីលរបស់កូរ៉េខាងជើងដែលវាត្រូវបានសន្មតថាជាមីស៊ីលផ្លោង ហើយបានអំពាវនាវឱ្យបន្តការសន្ទនាជាមួយកូរ៉េខាងជើងដើម្បីបន្ធូរបន្ថយភាពតានតឹងក្នុងឧបទ្វីបកូរ៉េ។
គួរបញ្ជាក់ផងដែរថា កាលពីខែកញ្ញាកន្លងទៅ ប្រទេសកូរ៉េខាងជើងបាននិយាយថា ខ្លួនបានសាកល្បងមីស៊ីលលឿនជាងសំឡេងថ្មីប្រភេទ Hawasong-8 ពីក្រុង Toyang-ri ស្រុក Ryongrim នៃខេត្ត Jagang៕