ភ្នំពេញ៖ ទោះពេលវេលាបានកន្លងផុតទៅរយៈពេល ៤៦ឆ្នាំហើយក្តីតែសេចក្តីស្រលាញ់ដែលកើតចេញពីចំណងអាពាហ៍ពិពាហ៍ក្នុងគ្រាប្រទេសកើតកលយុគរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែពោរពេញដោយភាពផ្អែមល្អែម បង្កប់អត្ថន័យជ្រាលជ្រៅ ហើយផ្តល់នូវភាពជាគំរូសម្រាប់គូស្នេហ៍ផ្សេងទៀត អាចដកស្រង់បទពិសោធកសាងជីវិតគ្រួសារខ្លួនរុងរឿងបានគ្រប់ជំនាន់។
ដូចឆ្នាំមុនៗដែរ សំណេរផ្ទាល់ដៃនាឆ្នាំ២០២២ ដើម្បីអបអរខួបអាពាហ៍ពិពាហ៍ ដែលសម្តេចតេជោ ហ៊ុន សែន បានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅតែអង្រួនចិត្តអ្នកអានគ្រប់រូប ឱ្យដក់ចិត្ត រកដកខ្លួនពុំរួចពីការនឹករលឹកដល់អតីតកាលរបស់គូរស្នេហ៍វ័យក្មេងដ៏កំសត់មួយគូ។
សម្តេចបានផ្តើមរៀបរាប់អំពីការរស់រានមានជីវិតរហូតបច្ចុប្បន្ន ថាគឺជារឿងហួសវិស័យ៖ «ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថាខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាមពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុនគឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែរហូតជួបគ្នាជាថ្មី ដែលកូនប្រុសបងរបស់ខ្ញុំគឺម៉ាណែតបានហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវដែលមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផងដែរ»។
“ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេសរាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់ដែលនៅពេលនោះខ្ញុំមានអាយុ២៤ឆ្នាំរីឯភរិយាខ្ញុំមានអាយុ២២ឆ្នាំរហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន។ ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់»។
ការបញ្ចប់ប្រយោគអំពីរឿងជីវិតតស៊ូ ឆ្លងកាត់ការលំបាករាប់ពុំអស់ជាមួយនឹងភរិយា ហាក់បានភ្ជាប់គ្នានឹងសាច់រឿងដែលសម្តេចធ្លាប់បានរៀបរាប់បញ្ជាក់ក្នុងគ្រាមុនតាមរយៈសៀវភៅ «គូព្រេងមិនព្រាត់» ។
រម្លឹកអំពីរឿងរ៉ាវអតីតកាលលើទំព័រសៀវភៅដោយបង្ហាញពីការគិតផ្អែកលើជំនឿបែបអរូបបីសម្ដេចបានបង្ហាញអំពីការជួបគ្នាជាមួយឧត្តមភិរិយាដោយរៀបរាប់ថា៖ «ពេលខ្លះខ្ញុំគិតថាចម្លែករហូតចាត់ទុកថាទេវតាផ្សំផ្គុំឬគូព្រេងទៀតផង។ គ្រូទស្សទាយតែងតែទស្សទាយឱ្យខ្ញុំថា គូរព្រេងរបស់ខ្ញុំនៅក្រោមខ្សែទឹកហូរជារបៀបនិយាយនៃអ្នកដែលរស់នៅតាមដងទន្លេមេគង្គមានន័យថា ភរិយាខ្ញុំនឹងមានទីលំនៅនៅក្រោមចរន្តទឹកហូរតែផ្ទុយទៅវិញភរិយាខ្ញុំបែរជាមានទីលំនៅលើចរន្តទឹកហូរទៅវិញ។ ប្រៀបធៀបភូមិសាស្រ្តនៃភូមិពាមកោះស្នា ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលជាភូមិកំណើតរបស់ខ្ញុំ និងភូមិរកាខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មា ដែលជាភូមិកំណើតរបស់ភរិយាខ្ញុំនៅម្ខាងទន្លេម្នាក់ឃើញថាភូមិខ្ញុំនៅក្រោមខ្សែទឹកនៃភូមិភរិយាខ្ញុំ ៣ទៅ៥គីឡូម៉ែត្រឯណោះ។ នាអំឡុងដើមឆ្នាំ១៩៧៣ អង្គភាពរបស់ខ្ញុំត្រូវបានបញ្ជូនចេញពីស្រុកមេមត់ទៅកាន់ស្រុកត្បូងឃ្មុំតាមដងទន្លេមេគង្គ មានឃុំជីរោ ឃុំបឹងព្រួល ឃុំពាមជីលាំង ឃុំថ្មពេជ្រ ឃុំស្រែសៀម។ ពេលនោះ ខ្ញុំទើបអាយុបាន ២១ឆ្នាំឯភរិយាខ្ញុំទើបមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ។ ខ្ញុំនិងភរិយារបស់ខ្ញុំមិនដែលស្គាល់គ្នាទាល់តែសោះកុំថាឡើយមុខមាត់សូម្បីតែឈ្មោះក៏មិនដែលស្គាល់ឬឮផង។ ល្ងាចថ្ងៃមួយនៅពេលដែលខ្ញុំកំពុងដាំបាយដែលជាវេនដាំស្លរបស់ខ្ញុំស្រាប់តែយុទ្ធជនរបស់ខ្ញុំម្នាក់ ដែលទើបនឹងចេញពីព្យាបាលជម្ងឺនៅមន្ទីរពេទ្យស្រុកក្រូចឆ្មារមកប្រាប់ខ្ញុំថាសោផ្តាំសួរសុខទុក្ខ។ អ្នកតាមដងទន្លេពាក្យ(សោគឺជាបងថ្លៃស្រី) ខ្ញុំមិនតបតឬសួរនាំអ្វីទាំងអស់និងឱ្យយុទ្ធជនរូបនេះជួយចិតផ្លែចេកព្រោះត្រូវធ្វើសម្លរប្រហើរផ្លែចេក។ ស្អែកឡើងមានយុទ្ធជនផ្សេងដែលទើបចេញពីមន្ទីរពេទ្យស្រុកក្រូចឆ្មារនិយាយរឿងនេះដូចគ្នានិងជាបន្តបន្ទាប់មានយុទ្ធជនកម្មាភិបាលកាន់តែច្រើននិយាយពាក្យសោផ្ដាំសួរសុខទុក្ខ។ ចំណែកខាងភរិយាខ្ញុំក៏បានទទួលពាក្យពីយុទ្ធជនរបស់ខ្ញុំវិញថាមេបញ្ជាការរបស់ខ្ញុំផ្ដាំសួរសុខទុក្ខអ្នកគ្រូពេទ្យរហូតយុទ្ធជនខ្លះហ៊ានប្រើពាក្យសោឬបងថ្លៃ ដែលពាក្យនេះបានធ្វើឱ្យអ្នកគ្រូពេទ្យក្រមុំខឹងនឹងខ្ញុំយ៉ាងខ្លាំង។ នេះជាល្បែងផ្សំផ្គុំដ៏មានគ្រោះថ្នាក់សំរាប់វិន័យកងទ័ពនាពេលនោះប្រសិនបើយើងមិនមានការយោគយល់ពីមេបញ្ជាការរបស់យើងទេនោះ។ ជាកុសលល្អខ្ញុំតែងមានមេបញ្ជាការប្រកបដោយមេត្តាធម៌»។
ផ្តើមចេញពីពាក្យនិយាយចំអន់លេងរបស់មិត្តរួមការងារ រហូតបង្កើតបាននូវសាច់រឿងប្រទាក់ក្រឡាគ្នាមិនចេះចប់ ចុងក្រោយសម្តេចក៏ទទួលស្គាល់និស្ស័យនៃទំនាក់ទំនងមួយនេះ៖ «តែពាក្យចចាមអារ៉ាមកាន់តែធំទៅៗ ធ្វើឱយខ្ញុំរងក្តីអាម៉ាស់ប្រឈមនឹងបញ្ហាវិន័យកាន់តែខ្លាំង។ ចំណែកខាង រ៉ានី វិញកាន់តែធ្ងន់ធ្ងរជាងខ្ញុំទៅទៀតព្រោះនាងជាមនុស្សស្រី បើមិនរងខាងវិន័យទេក៏មានផលប៉ះពាល់ខាងសីលធម៌ដែរ។ មនុស្សប្រុសស្រី ២នាក់ហើយសុទ្ធតែក្រមុំកម្លោះដូចគ្នា មិនដែលស្គាល់គ្នាតែមានការគិតដូចគ្នាគឺខ្ញុំបានស្នើសុំមេបញ្ជាការរបស់ខ្ញុំ បង សុខ សារឿន ដើម្បីទៅជួបដោះស្រាយផ្ទាល់នៅស្រុកក្រូចឆ្មារ។ ប្រហែល ២ថ្ងៃក្រោយ រ៉ានី បានផ្តាំតាមអ្នកទទួលខុសត្រូវពេទ្យនៅសមរភូមិឱ្យខ្ញុំប្រញាប់ទៅកាន់ស្រុកក្រូចឆ្មារដើម្បីដោះស្រាយការយល់ច្រឡំនេះ។ ខ្ញុំទទួលបានព័ត៌មានពេលព្រឹក ពេលរសៀលខ្ញុំជួបបង សុក សារឿន មេបញ្ជាការរបស់ខ្ញុំទទូចសុំគាត់ឱ្យជូនខ្ញុំទៅស្រុកក្រូចឆ្មារនាពេលល្ងាចនោះតែម្ដង។ បង សុក សារឿន ក៏សំរេចចិត្តភ្លាមហើយចេញដំណើរភ្លាមដែលដើមឡើយទាំងគាត់ទាំងខ្ញុំគិតថានឹងត្រឡប់មកវិញទាំងយប់។ ពួកយើងចេញដំណើរម៉ោងប្រហែលជិត ៣ ល្ងាច ពីឃុំបឹងព្រួល ស្រុកពាមជីលាំង ទៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ដោយម៉ូតូហុងដា CL90។ ពីឃុំបឹងព្រួលដែលខ្ញុំចេញដំណើរទៅកាន់ស្រុកក្រូចឆ្មារ ស្ថិតក្នុងស្រុកពាមជីលាំង ដែលត្រូវធ្វើដំណើរប្រមាណ២ម៉ោង ទើបដល់មន្ទីរពេទ្យដែលមានទីតាំងនៅឃុំក្រូចឆ្មារ ដែលពួកយើងទៅដល់ទីនោះមុនម៉ោង៥ល្ងាច។ ភ្នែកខ្ញុំប្រឹងរកមើលតើនារីមួយណាទៅឈ្មោះ រ៉ានី ប៉ុន្តែមិនឃើញសោះ ប្រហែលកន្លះម៉ោងក្រោយមកទើបថ្នាក់ដឹកនាំមន្ទីរពេទ្យនិងសង្គមកិច្ចស្រុកបានអញ្ជើញយើងហូបបាយ។ ម៉ោងប្រមាណ ៧យប់ ខ្ញុំឡើងទៅលើផ្ទះឃើញនារីម្នាក់កំពុងអង្គុយមុខចង្កៀងប្រេងកាតដែលខ្ញុំមើលទៅសុទ្ធតែជាវេជ្ជបញ្ជាសម្រាប់ព្យាបាលឱ្យអ្នកជម្ងឺ។ ដោយមិនឃើញមេបញ្ជាការរបស់ខ្ញុំ ខ្ញុំក៏សួរទៅកាន់នារីនោះថា បងស្រីតើមេបញ្ជាការរបស់ខ្ញុំគាត់ទៅណាហើយ? ចម្លើយរបស់សុភាពនារីរូបនេះតបមកវិញថា គាត់ទៅមាត់ទន្លេហើយ។ មិនអស់ចិត្តខ្ញុំក៏សួរគាត់មួយសំនួរទៀតថាតើនារីឈ្មោះ រ៉ានី ពេលនេះនៅឯណា? ចម្លើយតបដោយសុភាពថា រ៉ានី ទៅដងទឹកបាត់ហើយ។ ខ្ញុំក៏ចុះមកក្រោមផ្ទះវិញក្នុងបំណងដើរទៅរកមេបញ្ជាការរបស់ខ្ញុំ។ លុះចុះមកដល់ក្រោម ខ្ញុំបានជួបជាមួយគ្រូពេទ្យម្នាក់ដែលធ្លាប់ស្គាល់គ្នាពេលដែលគាត់ទៅប្រចាំការនៅសមរភូមិខ្ញុំក៏សួរគាត់ថានារីឈ្មោះ រ៉ានី ពេលនេះនៅឯណា? បងប្រុសគ្រូពេទ្យដែលមានអាយុច្រើនជាងខ្ញុំប្រហែល១០ឆ្នាំឆ្លើយតបថានារីដែល សែន ឯងសួរលើផ្ទះអម្បាញ់មិញនោះហើយជា រ៉ានី ។បន្ទាប់ពីដឹងថានារីដែលធ្លាប់មានបញ្ហាជាមួយខ្ញុំជាយូរមកហើយហ៊ានភូតខ្ញុំ នៅពេលនេះទៀតធ្វើឱ្យខ្ញុំកាន់តែខឹង។ ម៉ោង៨យប់ការប្រជុំដោះស្រាយបានមកដល់។ ភាគីខាងស្រីមានប្រធាននិងអនុប្រធានមន្ទីរពេទ្យស្រុកសាម៉ីខ្លួនខាងស្រីគឺ រ៉ានី និងមិត្តស្រីរបស់គាត់ម្នាក់ទៀតដែលជាគ្រូពេទ្យក្រមុំដូចគ្នា។ ខាងភាគីខ្ញុំមានមេបញ្ជាការខ្ញុំនិងរូបខ្ញុំជាសាម៉ីខ្លួន។ មន្ទីរពេទ្យបានក្រាលកន្ទេលក្រហម២និងចង្កៀងប្រេងកាត២ដែលយើងអង្គុយទល់មុខគ្នា។ បន្តិចក្រោយមកទើបខ្ញុំបានស្គាល់ រ៉ានី ច្បាស់។ ពេលនោះអារម្មណ៍របស់ខ្ញុំក៏ចាប់ចិត្តស្រឡាញ់គេភ្លាម។ ឃើញភ្លាមស្រឡាញ់ភ្លាមរឿងនេះមិនធ្លាប់មានសោះក្នុងជីវិតជាកម្លោះរបស់ខ្ញុំ។ តើត្រូវស្រោចស្រង់សភាពការណ៍បែបណា?»។
ឆ្លងកាត់រឿងរ៉ាវជាច្រើន «ឈានដល់ថ្ងៃទី១ ខែមករា ឆ្នាំ១៩៧៥ ខ្ញុំក៏ត្រូវរបួសស្មា ដែលជារបួសលើកទី៤របស់ខ្ញុំ។ រហូតព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំត្រូវរបួសធ្ងន់សន្លប់រហូតដល់ថ្ងៃទី២១ ខែមេសា ទើបបានដឹងខ្លួនឡើងវិញ។ នៅពេលដឹងខ្លួនគឺភ្នែកឆ្វេងរបស់ខ្ញុំបានខ្វាក់បាត់ទៅហើយ ឯភ្នែកស្តាំមើលបានប្រវែងប្រហែល ១០ ម៉ែត្រតែប៉ុណ្ណោះ។ តែប៉ុន្មានថ្ងៃប៉ុណ្ណោះពិភពលោកបានប្រែប្រួលអស់ប្រជាជនត្រូវជំលៀសចេញពីទីក្រុងធ្វើដំណើរអត់បាយអត់ទឹក។ ខ្លួនឯងផ្ទាល់ក្លាយជាជនពិការហើយអ្វីដែលឈឺចាប់បំផុត គឺព័ត៌មានដែលថា រ៉ានី បានរៀបការរួចហើយជាមួយកម្មាភិបាលមកពីភូមិភាគ។ ខ្ញុំលែងហ៊ានស្រឡាញ់ រ៉ានី ទៀតហើយ ខ្ញុំមិនចង់នាំការលំបាកឱ្យនាងដោយសារពិការភាពរបស់ខ្ញុំទេហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ តើ រ៉ានី ស្រឡាញ់ខ្ញុំព្រមយកខ្ញុំជាស្វាមីឬទេ? ព្រោះខ្ញុំបានធ្លាក់ខ្លួនពិការបាត់បង់សម្រស់ពីធម្មជាតិទៅហើយ។ នៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៦ ខ្ញុំត្រូវបានកោះហៅពីទីបញ្ជាការកងវរសេនាធំ ដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកត្រមូង នាពេលនោះនិងជាស្រុកមេមត់នាពេលបច្ចុប្បន្នដើម្បីមកជួបជុំនៅមន្ទីរតំបន់ដែលមានទីតាំងនៅស្រុកតំបែរដើម្បីរៀបការនៅថ្ងៃទី៣ ខែមករា។ នៅពេលនោះខ្ញុំពិតជាមានចម្ងល់យ៉ាងខ្លាំងតើគេរៀបការរបៀបម៉េច? មកដល់មន្ទីរតំបន់ រ៉ានី នៅស្រុកក្រូចឆ្មារឯណោះហើយមិនទាន់បានទទួលដំណឹងអំពីការរៀបការនៅឡើយ។ ថ្នាក់លើនៅចិត្តធម៌គ្រាន់បើ ដោយសុខចិត្តពន្យារពេលរៀបការពីថ្ងៃទី៣ មករា ទៅថ្ងៃទី៥ ខែ មករាវិញ។ លុះដល់ថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៦ ត្រូវនឹងថ្ងៃច័ន្ទ៤កើត ខែបុស្ស ឆ្នាំរោង អដ្ឋស័ក ពុទ្ឋសករាជ ២៥១៩ គឺជាថ្ងៃដែលខ្ញុំនិងភរិយាខ្ញុំបានរៀបការជាមួយបងប្អូន ១២គូផ្សេងទៀត ដែលមានខ្ញុំនិងភរិយាខ្ញុំជាគូទី១៣។ នៅម៉ោងប្រមាណ៨:00ព្រឹក ពិធីបានចាប់ផ្តើមជាមួយគណៈអធិបតី១រូប គណៈចាត់តាំង១រូប»។
រៀបការបានមួយថ្ងៃក៏ត្រូវរស់នៅបែកគ្នា មានកូនដំបូងជាក្តីរីករាយដ៏ធំបំផុតក៏ត្រូវរលាយព្រោះការស្លាប់ចូលមកបំបែកហែលឆ្លងរឿងរ៉ាវគ្រោះថ្នាក់ជាច្រើនទើបកូនទីពីរចាប់កំណើត តែបែរជាត្រូវរស់ព្រាត់ប្រាស់គ្នាដោយមិនកំណត់ថ្ងៃជួប តើបញ្ហាទាំងនេះបណ្តាលមកពីមូលហេតុអ្វី?
បើតាមសម្តេចតេជោ ហ៊ុន សែន៖ «ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ នោះគឺជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុនដើម្បីដឹកនាំចលនាតស៊ូសង្រ្គោះជីវិតប្រជាជន។ ខ្ញុំបានចាប់ផ្តើមជាមួយការបញ្ជាអោយ កងទ័ពបើកជង្រុកស្រូវ ដែលមានស្រូវប្រមាណ១ពាន់ថាំង ទាំងស្រូវខ្សាយ ទាំងស្រូវដំណើប ដែលស្តុកទុកជូនអង្គការជាយូរមកហើយ ។ ឯកងទ័ពស៊ីតែបបរជិតមួយឆ្នាំហើយ ដើម្បីអោយកងទ័ពយកបុកទៅដាំបាយស៊ី ។ ចំណុចចាប់ផ្តើមវាយអង្គការជាចំហរ គឺចាប់ផ្តើមពីចំណុចនេះហើយបន្ទាប់ពីភាពហ្មឺងម៉ាត់ក្នុងការបញ្ជាកងទ័ព។ ការរស់នៅក្នុងព្រៃទាំងការភ័យខ្លាចស៊ីអត់ស៊ីឃ្លាន និងការរត់លូនគេចចេញពីការតាមកាប់សម្លាប់របស់ពួក ប៉ុល ពត បានបន្តរហូតថ្ងៃដល់ថ្ងៃជ័យជំនះថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលថ្ងៃដួលរលំនៃរបបប្រល័យពូជសាសន៌ប៉ុល ពត និងជាថ្ងៃនៃការរស់ឡើងវិញរបស់ជាតិនិងប្រជាជនកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូន ថាតាំងពីពេលបែកគ្នានាថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ មកដល់ពេលបានជួបគ្នាថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៧៩ ខ្ញុំមិនដែលបានទទួលព័ត៌មានពីភរិយាខ្ញុំទេ។ ហើយប្រសិនជាទទួលបានវិញសុទ្ធតែបញ្ជាក់ថាភរិយាខ្ញុំបានស្លាប់ទៅហើយ»។
ថ្វីដ្បិតជីវិតបុគ្គលម្នាក់ៗ គឺបុគ្គលខ្លួនឯងជាអ្នកកំណត់បែបណាក៏ដោយ តែរឿងរ៉ាវជួបបែកក្នុងលោកនេះ មិនអាចមានមនុស្សណាម្នាក់ កំណត់បញ្ហានេះបានដោយខ្លួនឯងឡើយ។
សម្តេចតេជោបានរំលេចអំពីការវិលមកជួបជុំសមាជិកគ្រួសារឡើងវិញតាមរយៈសំណេររបស់សម្តេចថា៖ «ល្ងាចថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ១៩៧៩ ពេលខ្ញុំកំពុងធ្វើការនៅក្រសួងការទេសស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានជិះរថយន្តទៅដល់ហើយប្រាប់ខ្ញុំថាប្រពន្ធ កូន និងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ឮគាត់ប្រាប់ដូច្នេះខ្ញុំមិនជឿតែម្តង ព្រោះរឿងនេះធ្លាប់កើត២លើករួចមកហើយ។ លើកទី១ នៅផ្ទះខ្ញុំនៅក្បែរវិមានឯករាជ្យមានស្រីចំណាស់ម្នាក់បានដើរចូលមកផ្ទះខ្ញុំពេលក្រឡេកឃើញគាត់ខ្ញុំក៏សួរថាអុំស្រីអញ្ជើញទៅណា? គាត់បានឆ្លើយដោយការគួរសមថាមករកតារដ្ឋមន្ត្រីការបរទេស។ ឯការភ័ណ្ឌច្រឡំលើកទី២ បានកើតឡើងនៅទីស្តីការក្រសួងការទេសមានស្ត្រីម្នាក់ទៀតបានទៅរកប្តីគាត់ដែលគាត់បានប្រាប់ថាគាត់ជាប្រពន្ធរដ្ឋមន្ត្រីការបរទេសឈ្មោះ សែន។ គាត់បានសុំអោយខ្ញុំនាំគាត់ទៅជួបប្តីគាត់។ ដោយសារកើតមានរឿងភ័ណ្ឌច្រឡំរហូតពីរដងយ៉ាងដូច្នេះទើបខ្ញុំមិនជឿលើការប្រាប់របស់រដ្ឋមន្ត្រី នូ បេង ថាប្រពន្ធកូនខ្ញុំដល់ផ្ទះ។ រហូតម៉ោងប្រមាណជិត៥ល្ងាចទៅហើយខ្ញុំក៏ត្រឡប់មកផ្ទះ។ ពិតជារំភើបចិត្តខ្លាំងណាស់ពេលចុះពីលើឡានក្រឡេកឃើញ រ៉ានី និងស៊ីណាត ប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ រ៉ានី ប្រាប់ខ្ញុំទាំងទឹកភ្នែកថានេះហើយជាកូនប្រុសយើង។ ខ្ញុំខំទៅចាប់កូនតែកូននេះបែជារត់គេច ហើយស្រែកយំថាអត់ទេពូ និងរត់ទៅឱបម្តាយរបស់គេទៅវិញ។ ម៉ា ណែត បានហៅខ្ញុំថាពូរយះពេល២ខែ។ នៅពេលដែល ម៉ា ណែត ព្រមហៅខ្ញុំថាពុក ខ្ញុំមានរឿងអកុសលកើតឡើងជាថ្មីម្តងទៀតនោះគឺភរិយាខ្ញុំរលូតកូន ដោយសារការយួរទឹកពីក្រោមផ្ទះឡើងលើផ្ទះ។ ការងារនេះខ្ញុំធ្លាប់បានធ្វើពីមុនមកតែដោយប្រញាប់ទៅធ្វើការគឺមិនបានទៅដងទឹកពីខាងក្រោមយកមកលើផ្ទះ ដូច្នេះភរិយាខ្ញុំត្រូវធ្វើដោយខ្លួនឯងដែលជាមូលហេតុនាំអោយកូននេះរលូតតែម្តង។ នៅភ្នំពេញពេលនោះគ្មានទឹកម៉ាស៊ីនប្រើប្រាស់ដូចពេលនេះទេ។ យើងត្រូវរកធុងទឹកអូសទឹកពីទន្លេមកដាក់ពាងអុងនៅក្រោមផ្ទះ ហើយទើបយកប៉ោតរែក ឬយួរឡើងទៅលើផ្ទះ»។
ផ្អែកតាមការសរសេររៀបរាប់បញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រី សៀវភៅរឿង “គូព្រេងមិនព្រាត់” គឺបានចងក្រងឡើង បន្ទាប់ពីសភាពការណ៍បានកន្លងហួសជាង៤០ឆ្នាំ ហើយក៏ក្រោយពេលដែលសម្តេច និងសម្តេចគតិព្រឹទ្ធបណ្ឌិត បានប្រែសភាពពីក្រមុំ កម្លោះមកជាជីដូន និងជីតាដែលមានចៅរហូត២០នាក់ និងមួយចំនួនពេញកម្លោះ ពេញក្រមុំ ចូលសិក្សានៅមហាវិទ្យាល័យនិងវិទ្យាល័យរួចអស់ទៅហើយ។ នេះហើយដែលហៅថា (គូរព្រេងមិនព្រាត់)។ ដ្បិតត្រឹមជារឿងរ៉ាវស្នេហា និងការកសាងគ្រួសាររបស់គូស្នេហ៍មួយគូក្នុងសម័យសង្គ្រាម តែតាមរយៈរឿងនេះអ្នកអាន និងទស្សនាគ្រប់រូប ពិតជាបានជ្រួតជ្រាបច្បាស់អំពីតម្លៃនៃសន្តិភាព។
ដោយសារសុខសន្តិភាពប្រជាជនក៏រស់នៅប្រកបដោយភាពសុខដុមរមនាឯប្រទេសជាតិក៏មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ មូលហេតុនេះទើបសន្តិភាពជាមូលដ្ឋាននៃអ្វីៗទាំងអស់ហើយ សម្តេចតេជោ បានថ្លែងម្តងហើយម្តងទៀតនិងទទូចថា «ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ក៏សម្តេចត្រូវរក្សាសន្តិភាពឲ្យបាន»៕