ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ឯម ច័ន្ទមករា ស្វាគមន៍រាល់ជំនួយពីសប្បុរសជនដែលចង់ជួយដល់វិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានលើកឡើងថារាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកវិស័យពិការភាពជាការងារមួយដែលត្រូវការយកចិត្តទុកដាក់និងគាំទ្រ។ លោកបន្ថែមថាដោយហេតុនេះហើយទើបវិស័យនេះកាន់តែរីកចំរើនជាបន្តបន្ទាប់ ហើយការផ្ដល់ជំនួយពីសប្បុរសជនក៏បានជួយជាច្រើនដល់វិស័យពិការភាពរបស់កម្ពុជាផងដែរ។

ថ្លែងក្នុងពិធីប្រគល់និងទទួលអំណោយសប្បុរសធម៌ថារទេះរុញ និងគ្រឿងឧបភោគបរិភោគពីសប្បុរសជនជនជាតិសឹង្ហបុរីនៅក្រសួងសង្គមកិច្ចនាព្រឹកនេះ លោក ឯម ច័ន្ទមករា បានស្វាគមន៍នូវជំនួយពីសប្បុរសជនដែលបានផ្ដល់មកដល់ក្រសួង ដោយថាការផ្ដល់នាពេលនេះគឺចំពេលដែលក្រុមប្រឹក្សាសកម្មភាពជនពិការទទួលបានសំណើរជាច្រើនស្នើសុំដល់ជនចាស់ជរាដែលមិនអាចដើរបាន និងក៏បានជួយមួយផ្នែកដល់ការឧបត្ថមដល់ជនមានពិការភាពនៅកម្ពុជាផងដែរ។

លោកថា៖ «អំណោយពេលនេះគឺស្របពេលដែលកំពុងមានកំណើននៃការប្រើប្រាស់នៅក្នុងវិស័យពិការភាពក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដោយឡែកស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជានៅពេលនេះកំពុងជះឥទ្ធិពលលើស្ថានភាពសេដ្ឋកិច្ចរបស់បងប្អូនដែលមានពិការភាព ដូច្នេះអំណោយដែលជាគ្រឿងឧបភោគបរិភោគដែលលោក Ryan និងសហការីរបស់គាត់នាំមកក៏ជាការចូលរួមដល់សម្រាលទុក្ខលំបាកដល់ជនពិការ» ។

អំណោយដែលសប្បុរសជនសឹង្ហបុរីនាំមកជូននាថ្ងៃនេះរួមមានអំណោយរទេះរុញ ៣០គ្រឿង មី៣០កេស ត្រីខ៣០យួរ។

តំណាងសប្បុរសសឹង្ហបុរីលោក Ryan បានសំដែងការពេញចិត្តចំពោះគោលនយោបាយនិងវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រដល់ជនមានពិការភាពនៅកម្ពុជា។ លោកបានសន្យាថាលោកនឹងគៀងគររកជំនួយបន្ថែមទៀតមកកម្ពុជាដើម្បីជួយដល់វិស័យពិការភាព ខណៈលោកបង្ហាញការជឿជាក់ថាក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការពិតជាអាចជួយឱ្យវិស័យពិការភាពនៅកម្ពុជាមានការរីកចំរើនថែមទៀត។

លោកថា៖ «កន្លែងដែលជួយជនមានពិការភាពចំកន្លែងគឺមានតែក្រសួងសង្គមកិច្ច និងក្រុមប្រឹក្សាសកម្មភាពជនពិការទេ» ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការជនមានពិការភាពនៅកម្ពុជាមានចំនួនប្រមាណជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាល ដើម្បីឱ្យធ្វើឱ្យជនមានពិការភាពទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅ។

កម្ពុជាមានមជ្ឈមណ្ឌលស្ថារកាយសម្បទាចំនួន១១មណ្ឌល ដែលបានផ្ដល់សេវាស្ថារលទ្ធភាពពលកម្មដល់ជនពិការមិនតិចជាង២ម៉ឺននាក់នោះទេក្នុងមួយឆ្នាំ ខណៈកំពុងសាងសង់មជ្ឈមណ្ឌលកម្ពុជាដើម្បីជនមានពិការភាព ដែលជាមជ្ឈមណ្ឌលដែលផ្ដល់សេវាដល់ជមមានពិការភាព រួមមានរោងចក្រផលិតដៃជើង និងរណប រទេះរុញនិងកន្លែងសំខាន់ៗផ្សេងទៀតដែលផ្ដល់ឱ្យជនមានពិការភាព។

គិតត្រឹមឆ្នាំ២០២០ ជនមានពិការភាពដែលបានធ្វើការក្នុងស្ថាប័នរដ្ឋនិងឯកជនទូទាំងប្រទេសមានចំនួន ៨ ៧៦៨នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ២០៤នាក់។ ដោយឡែកគិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាសកម្មភាពជនពិការរាជធានីខេត្ត បានកំពុងដំណើរការអត្តសញ្ញាណពិការភាពនៅទូទាំងប្រទេសដើម្បីផលិតបណ្ណសំគាល់ពិការភាពជូនជនមានពិការភាពចំនួន ២១៥ ៣៥៨នាក់ ក្នុងនោះជនមានពិការភាពចំនួន ២៦ ៩៤៩នាក់ ជាសហគ្រិនដែលប្រកបមុខរបរផ្ទាល់ខ្លួន។ ក្នុងអំឡុងនៃមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩នេះ ជនមានពិការភាពចំនួន ៦១ ៤២៦នាក់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទម្លាក់សាច់ប្រាក់ជួយដល់ពួកគេក្នុងការទប់ទល់និងវិបត្តិដែលកើតមានដោយសារការឆ្លងរាលដាល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក