ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាលោក Patrick Murphy ឱ្យជួយបកស្រាយករណីដែលមានការលើកឡើងថាសញ្ញាបត្រដែលនិស្សិតកម្ពុជាទទួលបានពីអាមេរិកគឺជាសញ្ញាបត្រកម្រិត២ ឬជាសញ្ញបត្រយោគយល់ ដោយថាដើម្បីការពារកិត្តិយសការអប់រំនៅក្នុងសហរដ្ឋអាមេរិក។
ថ្លែងក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សម្ដេចតែងឱ្យតម្លៃដល់ការអប់រំនិង មិនដែលបន្ទោសបង្អាប់ដល់កូនអ្នកណាមួយក្នុងរឿងសិក្សារបស់គេនោះទេ តែគេតែងតែវាយប្រហារលើការរៀនសូត្ររបស់កូនសម្ដេចជាបន្តបន្ទាប់។
សម្ដេចតេជោថ្លែងថា៖ «និយាយរួមខ្ញុំផ្ដល់ការលើកទឹកមិនថាកូនគេកូនខ្ញុំទេឱ្យតែរៀនពូកែ! ខ្ញុំមិនដែលបន្ទោសបង្អាប់កូនមេដឹកនាំណាមួយទោះបីជាកូនមេដឹកនាំហ្នឹងនៅខាងបក្សប្រឆាំងក៏ខ្ញុំមិនដែលបានទៅបន្ទោសបង្អាប់កូនរបស់គេទេ។ ប៉ុន្ដែគេមិនទុកឱកាសសូម្បីតែកូនរបស់ខ្ញុំក៏គេវាយមិនឈប់» ។
ការលើកឡើងរបស់សម្ដេចតេជោបែបនេះដោយរំលឹកពីការវាយប្រហារលើសញ្ញាបត្រដែលកូនប្រុសរបស់សម្ដេចតេជោ គឺលោក ហ៊ុន ម៉ាណែត ត្រូវបានលោក សម រង្ស៊ី លើកឡើងមកវាយប្រហារជានិច្ចជាកាល។
សម្ដេចតេជោស្នើដល់ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាបកស្រាយករណីដែលចោទប្រកាន់នេះដោយថាដើម្បីការពារកិត្តិយសវិស័យអប់រំរបស់អាមេរិក។
សម្ដចតេជោថ្លែងថា៖ «អាចនឹងនិយាយបានទេពីបញ្ហាហ្នឹង! ដែលថាសាល West Point មានកម្រិតជាសញ្ញាបត្រប្រភេទ២ឬសញ្ញាបត្រកិត្តយស។ តើសហរដ្ឋអាមេរិកការពារជនខិលខូច ឬការពារសាលាអាមេរិក? មិនមែនការពារ ហ៊ុន ម៉ាណែត ទេ! គឺការពារសាលា។ […] អញ្ចឹងទេគឺមានតែសហរដ្ឋអាមេរិក និងអង់គ្លេស ដើម្បីការស្ថាប័នអបរំរបស់ខ្លួនគឺមានតែចេញមកបញ្ជាក់អញ្ចឹងទៅ។ ហើយបើថាចេញមកបញ្ជាក់អញ្ចឹងទៅហាក់បីដូចជាវាយប្រហារចំពោះអ្នកដែលបាននិយាយ។ អើ! អញ្ចឹងទុកអញ្ចឹងទៅ យើងក៏សម្គាល់មើលអាហ្នឹងដែរ។ តើគេការពារស្ថាប័នអប់រំរបស់គេ ឬគេការពារមនុស្សខិលខូច? យើងក៏សម្គាល់មើលរឿងហ្នឹងដែរ»
EAC News នៅមិនទាន់ទទួលបានការឆ្លើយបំភ្លឺពីអ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បាននៅឡើយទេ។
កាលពីថ្ងៃទី២៥ ខែធ្នូ កន្លងទៅលោក សម រង្ស៊ី បានផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មានបរទេសដែលផ្សាយជាភាសាខ្មែរដោយបានលើកឡើងថាសញ្ញាបត្រដែលលោក ហ៊ុន ម៉ាណែត ទទួលបានទាំងពីសាលាបណ្ឌិតយោធា West Point និងសាកលវិទ្យាល័យញូវយ៉ករបស់សហរដ្ឋអាមេរិក និងសញ្ញាបត្រពីសាកលវិទ្យាល័យប្រ៊ីលស្ដូលនៅចក្រភពអង់គ្លេសគឺជាសញ្ញបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
បន្ទាប់មកដើម្បីការពារលើសញ្ញាបត្រខ្លួន លោក ហ៊ុន ម៉ាណែត បានប្រកាសហៅលោក សម រង្ស៊ី ភ្នាល់គ្នាដាក់«ជីវិតនយោបាយ» ប្រសិនជា សម រង្ស៊ី អាចរកភស្ភុតាងបញ្ជាក់ថាលោកទទួលបានសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ដូចដែល សម រង្ស៊ី អះអាងមែន។ ទោះជាយ៉ាងណាក្រោយរង់ចាំពីការភ្នាល់២ថ្ងៃដោយគ្មានការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានដាក់បន្ថែមមួយទៀតដោយស្នើឱ្យលោក សម រង្ស៊ី ឈប់ធ្វើនយោបាយទៅព្រោះលោក សម រង្ស៊ី គ្មានភាពក្លាហានក្នុងការការពារអំណះអំណាងរបស់ខ្លួនមិនមែនជាគំរូរបស់ពលរដ្ឋ៕