រដ្ឋបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំគណៈកម្មការស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ អំពីការបើកឡើងវិញបន្ទប់ពិគ្រោះព្យាបាលមួយកន្លែង ស្ថិតនៅស្រុកបាធាយ
កំពង់ចាម : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម រួមនឹងមន្ទីរពាក់ព័ន្ធអាជ្ញាធរមូលដ្ឋានដឹកនាំប្រជុំគណៈកម្មការស្រុកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងនាំយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីបានផ្អាករយៈពេល១៤ថ្ងៃក្រោយពីរកឃើញពាក់ពាក់នឹងករណីវិជ្ជមានកូវីដ-១៩។
ក្នុងឱកាសនោះ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្តបានលើកឡើងថាដើម្បីទប់ស្កាត់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរឃុំត្រូវបន្តតាមដានការចេញ-ចូលរបស់បងប្អូនប្រជាពលរដ្ឋពីតំបន់ណាទៅតំបន់មួយអោយបានច្បាស់លាស់ចំពោះអាជ្ញាធរមានសមត្ថកិច្ច ត្រូវរឹតបន្តឹងចំពោះអ្នកណាដែលមិនអនុវត្តទៅតាមការនែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្រសួងពាក់ព័ន្ធ និងរដ្ឋបាលខេត្តកំពង់ចាមដោយឡែកមន្រ្តីសុខាភិបាលត្រូវបន្តយកសំណាក់ពីអ្នកធ្វើចត្តាឡីស័កនិងតាមដានពីស្ថានភាពរបស់ពួកគាត់។
លោកបានបន្តទៀតថាបញ្ហាកូវីដ-១៩ បានឆ្លងរីករាលដាលជាសាកល និងបានសំលាប់មនុស្សរាប់សិបម៉ឺននាក់ក្នុងពិភពលោកហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅសម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
លោកបានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយក្រុមគ្រូពេទ្យបន្តតាមដានស្រាវជ្រាវអ្នកដែលបានប្រាស្រ័យទាក់ទងនិងប៉ះពាល់ដោយផ្ទាល់ដោយប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ដើម្បីនាំយកមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលស្រុកដើម្បីតាមដានសុខភាពនិងដើម្បីកាត់ផ្តាច់ខ្សែចម្លងពីសហគមន៍មួយទៅសហគមន៍មួយផ្សេងទៀត។
គួរបញ្ចាក់ថា៖ រដ្ឋបាលខេត្ត បាននាំចេញសេចក្តីសម្រេចស្ដីពីការដាក់ដំណើរការឡើងវិញបន្ទប់ពិគ្រោះព្យាបាលជំងឺ ជេត សំអាត ស្ថិតនៅភូមិភ្នំដិល ឃុំតាំងក្រសាំង ស្រុកបាធាយ បន្ទាប់ពីបានផ្អាករយៈពេល១៤ថ្ងៃ ក្រោយពីរកឃើញពាក់ព័ន្ធនឹងករណីវិជ្ជមានកូវីដ-១៩៕