ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ អ្នកជំនួញដែលត្រូវនាំទំនិញចេញ-ចូលប្រទេសចិនមិនគួរផ្ដោតលើការដឹកជញ្ជូនតាមផ្លូវគោកតែម្យ៉ាង

ភ្នំពេញ៖ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានអះអាងថា គោលបំណងសំខាន់នៃការចេញសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កន្លងមកនេះ គឺចង់ពញ្ញាក់អារម្មណ៍ដល់ម្ចាស់អាជីវកម្មទាំងអស់ដែលត្រូវដឹកទំនិញចេញ-ចូលប្រទេសចិន ឱ្យគិតផ្តោតលើការស្វែងរកវិធីសាស្ត្រច្រើនយ៉ាងក្នុងការជញ្ជូនទំនិញ ជាជាងផ្អែកលើវិធីដឹកជញ្ជូនតាមផ្លូវគោកតែម៉្យាង។

រៀបរាប់បញ្ជាក់ដល់អ្នកយកព័ត៌មាន EAC News លោក ប៉ែន សុវិជាតិ បានអះអាងថា ការលើកយកបញ្ហាជាប់គាំងទំនិញមួយចំនួនតាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងចិន មិនមែនជាការជម្រុញអ្នកជំនួញឱ្យបញ្ជៀសការនាំទំនិញតាមផ្លូវគោកឆ្លងកាត់វៀតណាមឡើយ តែគ្រាន់ជាការផ្សព្វផ្សាយសារឱ្យគិតអំពីដំណោះស្រាយ មុនបញ្ហាកើតឡើងប៉ុណ្ណោះ។

យ៉ាងណាក្តីការជញ្ជូនទំនិញពីប្រទេសវៀតណាមទៅប្រទេសចិនក៏អាចបន្តសកម្មភាពបានប្រមាណពី២៥% ទៅ ៣០% ដែរ ហើយបច្ចុប្បន្នក៏ពុំទាន់មានម្ចាស់ទំនិញណាម្នាក់បានរាយការណ៍អំពីបញ្ហាដែលកើតពីការកកស្ទះឥវ៉ាន់របស់ខ្លួនដូចគ្នា។

លោក ប៉ែន សុវិជាតិ អះអាងថា៖ «យើងគ្រាន់តែជូនដំណឹងដើម្បីបង្ការទុកជាមុនថា ក្រែងមានការប៉ុនប៉ង ឬមានបំណងចង់នាំទំនិញតាមផ្លូវគោកឆ្លងតាមច្រកហ្នឹង (ការជញ្ជូនទំនិញឆ្លងកាត់ប្រទេសវៀតណាមចូលប្រទេសចិន) អីចឹងសូមឱ្យបង្វែរទិសពីការប្រើប្រាស់ផ្លូវគោកឆ្លងទៅចិនហ្នឹង ឱ្យទៅប្រើប្រាស់ផ្លូវផ្សេងវិញ»។

អ្នកនាំពាក្យ ក្រសួងពាណិជ្ជកម្មដដែលបានលើកឡើងថា បទពិសោធក្នុងការដឹកជញ្ជូនទំនិញរបស់អ្នកជំនួញមួយចំនួនក្នុងពេលកន្លងមក គេធ្លាប់ប្រើមធ្យោបាយជញ្ជូនទំនិញតាមផ្លូវទឹក ដោយចេញពីប្រទេសចិន ចូលសំចតនៅកំពង់ផែទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម រួចបន្តដំណើរមកកំពង់ផែស្វយ័តភ្នំពេញ។

សម្រាប់កម្ពុជាកំពង់ផែមានកំពង់ផែសំខាន់ៗចំនួនពីរគឺ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានរៀបរាប់បញ្ជាក់បន្ថែមថា៖ «ក៏មិនប្រាកដថាផ្លូវគោក លឿនជាងផ្លូវទឹកដែរ។ ដូចជាក្នុងកាលៈទេសៈបច្ចុប្បន្នអីចឹង ផ្លូវគោក មិនស្រួលយឺតជាងផ្លូវទឹកទៅទៀត ហើយក៏មិនប្រាកដថា កាលៈទេសៈធម្មតាលឿនជាងផ្លូវទឹកដែរ ព្រោះវាដឹកបានតិច ផ្លូវគោកវាដឹកបានច្រើនជាង។ អីចឹងវាសម្រួលដល់ការដឹកជញ្ជូន ហើយប្រហែលជាតម្លៃក៏អាចមានភាពប្រកួតប្រជែងជាងដែរ»។

យ៉ាងណាក្តីរហូតពេលនេះ ក្រសួងពាណិជ្ជកម្មក៏នៅមិនទាន់អាចធ្វើការប៉ាន់ស្មានអំពីរយៈពេលនៃការអូសបន្លាយបញ្ហាកកស្ទះទំនិញនៅតាមព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិននេះបាននៅឡើយទេ។

កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រទេសចិនបានសម្រេចរឹតបន្ដឹងព្រំដែនជាមួយប្រទេសវៀតណាមដែលធ្វើឱ្យមានការកកស្ទះទំនិញតាមព្រំដែនគោករវាងចិនវៀតណាមក្នុងខេត្តឡាងសាន់ (Lang Son) និងខេត្តគ័ងនីញ (Quang Ninh) របស់វៀតណាម។ ក្រសួងពាណិជ្ជកម្មកម្ពុជាសូមឱ្យក្រុមហ៊ុន ពាណិជ្ជករ និងសមាគមដឹកជញ្ជូនទំនិញចេញចូលចិនកាត់វៀតណាមឱ្យស្វែងរកមធ្យោយបាយនិងវិធីផ្សេងដើម្បីបញ្ជៀសនូវហានិភ័យផ្សេងៗដែលបណ្ដាលមកពីការកកស្ទះនេះ។

បើតាមក្រសួងពាណិជ្ជកម្ម ការរឹតបន្ដឹងការនាំចេញចូលទំនិញរបស់ចិននេះដោយសារប្រទេសចិនបានអនុវត្តវិធានការង្ការការរីករាលដាលជំងឺកូវីដ-១៩ របស់ប្រទេសចិនក្រោមគោលនយោបាយ «Zero Covid» ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក