ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សមត្ថកិច្ចរកឃើញរបាយការណ៍ហិរញ្ញវត្ថុនិងសំឡេងបញ្ជាពីក្រៅឱ្យធ្វើបាតុកម្មនៅណាហ្គាវើលដ៏

ភ្នំពេញ៖ របាយការណ៍ហិរញ្ញវត្ថុដែលបញ្ជូនពីក្រៅប្រទេស សារសំឡេង និងផែនការច្បាស់លាស់ពីអង្គការក្រៅប្រទេសនិងក្នុងប្រទេសចំនួន៣ដែលរៀបចំឱ្យមានបាតុកម្មមុខណាហ្គាវើលដ៍ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញក្នុងសន្នីសិទ្ធកាសែតនៅព្រឹកនេះ។

ស្នងការរងទទួលបន្ទុកផែនសន្ដិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានថ្លែងថា ថវិកាជាច្រើនម៉ឺនដុល្លារដែលមានរបាយការណ៍ច្បាស់លាស់ត្រូវកម្លាំងសមត្ថកិច្ចរកឃើញថាអង្គការនិងអ្នកបញ្ជាពីក្រៅប្រទេសផ្ទេរទៅឱ្យកញ្ញា ឈឹម ស៊ីថរ ក្នុងការចិញ្ចឹមបាតុករនិងបន្តបាតុកម្មនៅមុខណាហ្គាវើល។ លោកបញ្ជាក់ថាភស្ភុតាងច្បាស់លាស់ទាំងនេះហើយទើបអនុញ្ញាតដល់សមត្ថកិច្ចឃាត់ខ្លួនបាននូវមេដឹកនាំបាតុកម្មជាបន្តបន្ទាប់ដើម្បីបញ្ជូនទៅតុលាការ។

លោកថា៖ « មេដឹកនាំ ឈឹម ស៊ីថរ គឺគាត់ថាមុននឹងគាត់ចេញពីណាហ្គាវើលគឺគាត់កម្ទេចឆ្នាំងបាយឱ្យអស់។ ដែលមានន័យថាប្រសិនជាគាត់ចេញទៅណាហ្គាវើលមិនទទួលយកគាត់គឺគាត់កម្ទេចណាហ្គាវើលនេះជាពាក្យដែលគាត់និយាយនៅក្នុងគ្រុបរបស់គាត់។ ក្នុងគ្រុបគាត់ដែលជាមេដឹកនាំមានតែ៦នាក់ទេ។ […] អញ្ចឹងមានន័យថាបុគ្គលិកណាហ្គាវើលជាង៨ពាន់នាក់ប្រសិនជាគាត់ធ្វើការនេះបានតាមគម្រោងដែលគេដាក់មកគឺណាហ្គាវើលនឹងបិទ ហើយបុគ្គលិក៨ពាន់នាក់នៅណាហ្គាវើលដ៍មានតែអត់ការងារធ្វើ។ ហើយនៅក្នុងគ្រុបនេះទាក់ទងនឹងរឿងអីរបស់គាត់ថាពេលបាន Transfer(លុយ) ហើយខ្ញុំលុបចោលហើយក្រែងលបែក។ អញ្ចឹងប្រសិនជាលុយហ្នឹងមិនមែនជាលុយខ្មៅ ជាលុយដែលពិតប្រាកដតើគាត់ចាំបាច់អីត្រូវលាក់លៀមម្លេះ» ។

លោក ប៊ុន សុសិក្ខា បានបញ្ជាក់ថា ការរៀបចំបាតុកម្មនៅមុខណាហ្គាវើលមានបណ្ដាញនិងការបញ្ជាច្បាស់លាស់ដែលមានក្រុមអ្នកធ្វើបាតុកម្ម និងក្រុមអ្នកបញ្ជាពីខាងក្រៅ។ លោកបានជំរុញដល់អតីតបុគ្គលិកណាហ្គាវើលដ៍ដែលកំពុងធ្វើបាតុកម្មឱ្យបញ្ឈប់សកម្មភាពបាតុកម្មនិងចូលរួមជាមួយក្រសួងការងារដើម្បីស្វែងរកដំណោះស្រាយ។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ សេង ហៀង បានថ្លែងក្នុងសន្នីសិទកាសែតនោះថា តាមរយៈការស៊ើបអង្កេតតុលាការបានរកឃើញថាការតវ៉ារបស់អតីតកម្មករណាហ្គាវើលបានធ្វើឡើងក្រោមការរៀបចំច្បាស់លាស់ពីអ្នកនៅពីក្រោយក្នុងការបង្កើតចលាចលដល់សន្ដិសុខសង្គមកម្ពុជា។

លោកបានថ្លែងដោយលើកនូវឯកសារភស្ភុតាងបង្ហាញដល់អ្នកកាសែតដោយនិយាយថា៖ «ជំនួយមានដល់រាប់សិបម៉ឺនដុល្លារ សូមបងប្អូនអ្នកសារព័ត៌មាននិងសាធារណមតិសូមជ្រាប។ មិនមែនជារឿងតូចទេ! មានរឿងអីអ្នកឯងបានទទួលលុយឧបត្ថម្ភពីក្រៅប្រទេសដែលទទួល ដើម្បីធ្វើចលាចលនៅក្នុងប្រទេស។ តាមការវាយតម្លៃរបស់អយ្យការមានភស្ភុតាងគ្រប់គ្រាន់ ដើម្បីឱ្យសមត្ថកិច្ចបញ្ជូនមកតុលាការដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់» ។

លោកបញ្ជាក់ថាបច្ចុប្បន្នមនុស្សចំនួន៦នាក់ដែលពាក់ព័ន្ធនឹងការញុះញង់ឱ្យមានវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម មានឈ្មោះ ឈឹម សុខន, រី សុវណ្ណឌី, សុន ស្រីពេជ្រ, ហៃ សុភាព, ឃ្លាំង សុបិន្ត និង ទូច ស្រីមាស ត្រូវបានបញ្ជូនទៅឃុំខ្លួន ខណៈតុលាការក៏ចេញដីការតាមចាប់ខ្លួនមនុស្ស៣នាក់ទៀតដែលមានឈ្មោះ ឈឹម ស៊ីថរ ឈ្មោះ សុខ ណារិទ្ធ និង សុខ គង្គា។

រហូតមកដល់ថ្ងៃនេះឈានចូលដល់ថ្ងៃទី១៧ហើយដែលអតីតកម្មករក្រុមហ៊ុនណាហ្គាវើលបន្តធ្វើបាតុកម្មនៅសួនមុខណាហ្គាវើល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារទទួលពួកគេចូលធ្វើការវិញ និងសងសំណងសមស្របជូនពួកគេ។ ទោះជាយ៉ាងណាជម្លោះរវាងក្រុមហ៊ុននិងកម្មករនិយោជិតនេះទោះបីមានការសម្របសម្រួលពីរាជធានីភ្នំពេញ និងក្រសួងការងារយ៉ាងណាក្ដីក៏មិនទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយទេ។

ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថាកាលពីម្សិលមិញនគរបាលរាជធានីភ្នំពេញបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ដែលពាក់ព័ន្ធនឹងការបាតុកម្មបន្ថែម ខណៈនៅពេលនេះកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ។

អ្នកនាំពាក្យនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានបញ្ជាក់ថាប្រសិនជាសមត្ថកិច្ចរកឃើញភស្ភុតាងច្បាស់លាស់បញ្ជាក់ថាមនុស្សទាំង១៧នាក់នេះមានជាប់ពាក់ព័ន្ធនឹងការបង្ករសន្ដិសុខសង្គមមែន សមត្ថកិច្ចនឹងបញ្ជូនទៅតុលាការដើម្បីបន្តនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក