ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយមឱ្យដឹងថា ឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ (ចិន) នឹងមានឥទ្ធិពលលើកម្ពុជាចំនួន ៧ថ្ងៃបន្តទៀតចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ដែលធ្វើសីតុណ្ហភាពជាមធ្យមចន្លោះពី២០ ទៅ៣៣អង្សាសេ។
ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថា អំឡុងពេល ៧ថ្ងៃ ខាងមុខប្រទេសកម្ពុជានឹងនៅតែបន្តទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតពីខ្សោយទៅមធ្យមនៅឡើយ។ បណ្តាខេត្តតំបន់វាលទំនាបកណ្ដាល រួមមានខេត្តសៀមរាប បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ ខេត្តកណ្តាល និងរាជធានីភ្នំពេញ នឹងមានសីតុណ្ហភាពចន្លោះពី២០ ទៅ៣៣អង្សាសេ។
ដោយឡែក ចំពោះបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន មានដូចជាខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងកំពង់ចាម នឹងមានសីតុណ្ហភាពចន្លោះពី១៩ ទៅ៣២អង្សាសេ។ ឯបណ្តាខេត្តដែលនៅជាប់តំបន់មាត់សមុទ្រនឹងមានសីតុណ្ហភាពចន្លោះពី១៩ ទៅ៣១អង្សាសេ។
ដោយឡែកនាថ្ងៃទី៦ ដល់ថ្ងៃទី៩ មករា ខេត្តក្នុងតំបន់ភាគខាងត្បូងនិងខេត្តជាប់មាត់សមុទ្រក៏អាចនឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតផ្សែងក្រូចទៅខ្សោយផងដែរ៕