ក្នុងឆ្នាំ២០២១ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារចិនមានចំនួនជាង ៣០ម៉ឺនតោនមានការកើនឡើងជិត២៣ភាគរយ
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីក្រុមហ៊ុនស៊ីស៊ីអាយស៊ីខេមបូឌាខូអិលធីឌី (CCIC) បានឲ្យដឹងថានាចុងសប្តាហ៍នេះថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសចិនបានមានការកើនឡើងដោយមានចំនួន ចំនួន ៣០៦,២២២.៧៥ តោនក្នុងឆ្នាំ ២០២១ នេះជាចំនួនតួលេខខ្ពស់បំផុតលើកទី១ ហើយក្នុងវិស័យស្រូវនៃប្រទេសទាំងពីរ។
តាមទិន្នន័យនៃក្រុមហ៊ុនស៊ីស៊ីអាយស៊ី(ខេមបូឌា)ខូអិលធីឌីបានបង្ហាញថា គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០២១ អង្ករកម្ពុជានាំចេញទៅកាន់ប្រទេសចិនដែលឆ្លងកាត់ការត្រួតពិនិត្យពីក្រុមហ៊ុនខាងលើនេះមានចំនួន ៣០៦២២២.៧៥តោន មានកំណើន២២.៨២%បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ គឺជាតួលេខដែលសម្រេចបានលើសពី៣០ម៉ឺនតោន នេះបើតាមការចេញផ្សាយដោយគេហទំព័រហ្វេកបុករបស់ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា។
បើតាមសារព័ត៌មានចិន ស៊ិន ហួរ ចុះផ្សាយនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២បានឲ្យដឹងថា លោក ចេន ឈីសិង (Chen Qisheng) អ្នកគ្រប់គ្រងទូទៅនៃសាខារបស់ CCIC ប្រចាំប្រទេសកម្ពុជាបាននិយាយថា កំណើននេះបានកើនឡើងជាបន្តបន្ទាប់ពីប្រហែល ៥,០០០ តោនក្នុងឆ្នាំ ២០១២ កើនដល់ជាង ៣០០,០០០ តោនកាលពីឆ្នាំមុន ដែលជាលើកទីមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងមួយឆ្នាំ។ កន្លងមកប្រទេសកម្ពុជា និងប្រទេសចិនបានធ្វើកិច្ចព្រមព្រៀងដ៏មានសារសំខាន់ជាមួយគ្នាចំនួនពីរគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP) ដែលបានចូលជាធរមានរួចហើយ នាប៉ុន្មានថ្ងៃមុន នៅក្នុងឆ្នាំ២០២២នេះ។
ជាមួយនឹងកិច្ចព្រមព្រៀងដ៏មានសារសំខាន់ទាំងពីរនេះត្រូវបានអ្នកជំនាញសេដ្ឋកិច្ចរំពឹងថា កសិផល និងផលិតផលមួយចំនួន ដែលផលិតនៅក្នុងប្រទេសកម្ពុជានឹងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនកាន់តែច្រើនបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ប្រទេសចិនគឺជាទីផ្សារដ៏ធំមួយសម្រាប់កសិផលរបស់ប្រទេសកម្ពុជា ក្នុងមួយឆ្នាំៗទំហំនៃការនាំចេញកសិផលរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារប្រទេសចិនមានការកើនឡើងជាលំដាប់។ ក្រៅពីនាំចេញទៅកាន់ទីផ្សារបណ្តាប្រទេសនៅប៉ែកអឺរ៉ុប អង្ករកម្ពុជាក៏បានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិនផងដែរ៕