ភ្នំពេញ៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានសំដែងនូវការគាំទ្រនិងពេញចិត្តចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោជាប្រធានអាស៊ានឆ្នាំ២០២២នេះ។
ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាព្រឹកនេះលោក Joko Widodo បានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីនឹងគាំទ្រសម្ដេចតេជោធ្វើយ៉ាងណាឱ្យសម្ដេចតេជោទទួលបានជោគជ័យក្នុងការដឹកនាំអាស៊ាននាឆ្នាំ២០២២នេះ។
ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងនូវអំណរគុណជូនចំពោះលោក Joko Widodo ដែលគាំទ្រតូនាទីកម្ពុជាក្នុងការដឹកនាំអាស៊ានឆ្នាំ២០២២នេះ និងការចូលរួមរបស់ប្រធានាធិបតីប្រទេសដ៏ធំមួយនៅតំបន់អាស៊ាននេះក្នុងកិច្ចប្រជុំអាស៊ី-អឺរ៉ុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីចុងខែវិច្ឆិកាកន្លងទៅផងដែរ។
ថ្លែងក្នុងកម្មវិធីផ្ដល់ព័ត៌មានស្ដីពីអទិភាពកម្ពុជាក្នងុនាមជាប្រធានអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា អាទិភាពរបស់អាស៊ានក្នុងអាទិភាពប្រធានអាស៊ានឆ្នាំ២០២២ គឺការលើកកម្ពស់សន្ដិភាព វិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្ដិភាពពិភពលោក និងបង្កើនសន្ទុះនិងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ លោកបន្ថែមថាក្នុងឆ្នាំ២០២២ កម្ពុជាចង់ធ្វើយ៉ាងណាបន្ថូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាដាក់បញ្ចូលប្រទេសទីម័រឡេស្ដេចូលជាសមាជិកអាស៊ានផងដែរ។
គួរបញ្ជាក់ថាកម្ពុជាបានក្លាយជាប្រធានអាស៊ានប្ដូរវេនកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ខណៈដំណើរទស្សនៈកិច្ចដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ាដោយសម្ដេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាននឹងធ្វើនៅថ្ងៃទី៧ និង៨ខែ មករា ខាងមុខនេះ៕