លោក កែវ រ៉េមី ត្រូវបានតែងតាំងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស(អាយឆា)
ភ្នំពេញ៖ ប្រធានគណកម្មាធិការសិទ្ធិមនុស្សលោក កែវ រ៉េមី ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាតំណាងកម្ពុជាប្រចាំ គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថាអាយឆា សម្រាប់អាណត្តិទី៥ ឆ្នាំ២០២២ដល់២០២៤។
យោងតាមលិខិតជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រីជម្រាបជូនដល់រដ្ឋមន្ត្រីក្រសួងការបរទេស និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីជូនលោក កែម រ៉េមី ដើម្បីធ្វើជាតំណាងឱ្យកម្ពុជាប្រចាំអាយឆា ដើម្បីដឹកនាំធ្វើជាប្រធានអាយឆាក្នុងឆ្នាំ២០២២ក្នុងពេលដែលកម្ពុជាធ្វើប្រធានអាស៊ានប្ដូរវេន។
ក្នុងសេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ «តែងតាំងឯកឧត្តម កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាធ្វើជាតំណាងកម្ពុជាប្រចាំអាយឆាដោយហេតុថានៅឆ្នាំ២០២២ខាងមុខ ដើម្បីគ្រប់ឱ្យមានសង្គតភាពនៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ» ។
រាជរដ្ឋាភិបាលក៏បានអនុញ្ញាតដល់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែងដឹកនាំកិច្ចប្រជុំអាយឆាចំនួន៦ ក្នុងពេលដែលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្នុងឆ្នាំ២០២២នេះ។
គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ត្រូវបានបង្កើតឡើងនៅក្នុងខែតុលា ឆ្នាំ២០០៩ ដើម្បីពង្រឹងបន្ថែមទៀតជាមួយនឹងការផ្សព្វផ្សាយសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន (AHRD) និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្តីពីការអនុម័ត AHRD ដែលចុះហត្ថលេខាដោយមេដឹកនាំអាស៊ាន។
សមាជិកអាយឆា ត្រូវបានគេហៅថាតំណាង ដែលត្រូវបានតែងតាំងដោយរដ្ឋាភិបាលរៀងៗខ្លួន ជារៀងរាល់ឆ្នាំ អាយឆា កំណត់កម្មវិធី និងសកម្មភាពអាទិភាពខ្ពស់របស់ពួកគេសម្រាប់ឆ្នាំ ដោយផ្អែកលើផែនការការងារ និងជាការឆ្លើយតបទៅនឹងការលេចចេញនូវស្តីពីសិទ្ធិមនុស្សនៅក្នុងតំបន់។ អាយឆា រៀបចំកិច្ចប្រជុំទៀងទាត់ចំនួនពីរក្នុងមួយឆ្នាំ និងកិច្ចប្រជុំបន្ថែមនៅពេលចាំបាច់ ហើយរាយការណ៍ជូនរដ្ឋមន្ត្រីការបរទេសអាស៊ាន៕