អន្តរជាតិ៖ ប្រធានាធិបតីអាមេរិកលោក ចូ ប៉ៃដិន បាននិយាយកាលពីថ្ងៃសុក្រថា លោកបានប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ថារាល់សកម្មភាពរបស់រុស្ស៊ីលើអ៊ុយក្រែន អាចឈានដល់ការដាក់ទណ្ឌកម្ម និងការកើនឡើងវត្តមានរបស់អាមេរិកនៅក្នុងទ្វីបអឺរ៉ុប ខណៈភាពតានតឹងបានកើតមាននៅពេលដែលមានវត្តយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន ។
មេដឹកនាំសហរដ្ឋអាមេរិក និងរុស្ស៊ីបានលើកឡើងនូវការព្រមានគ្នាអំពីបញ្ហាដែលកំពុងតែមានកម្តៅនៅអ៊ុយក្រែនតាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទប្រមាណ ៥០ នាទីកាលពីថ្ងៃព្រហស្បតិ៍ដើម្បីដោះស្រាយសកម្មភាពយោធារបស់រុស្ស៊ីនៅតាមព្រំដែននោះ។
លោក ប៉ៃដិន បានបញ្ជាក់ទៅកាន់លោក ពូទីន ថាប្រសិនបើរុស្ស៊ីចេញសកម្មភាពលើអ៊ុយក្រែន ថែមទៀតនោះ សហរដ្ឋអាមេរិកអាចនឹងមានទណ្ឌកម្មធ្ងន់ធ្ងរ ហើយពួកគេនឹងបង្កើនវត្តមាននៅអឺរ៉ុបជាមួយសម្ព័ន្ធមិត្តណាតូ។
ប្រធានាធិបតីអាមេរិករូបនេះនិយាយថាលោកពូទីន បានយល់ព្រមលើ «សន្និសីទធំចំនួនបី» នៅខែក្រោយជាមួយមន្ត្រីជាន់ខ្ពស់ដើម្បីជួយស្វែងរកដំណោះស្រាយ ហើយលោករំពឹងថានឹងមានភាពល្អប្រសើរនិងសញ្ញារវិជ្ជមានពីការចរចាទាំងនោះ។
ទោះបីជាយ៉ាងណាក៏ដោយ លោក ចូ ប៉ៃដិន បានបញ្ជាក់ថាកិច្ចការនេះអាចដំណើរការបាន លុះត្រាតែលោក ពូទីន ព្រមកាត់បន្ថយភាពតានតឹង។
នៅពេលសួរថា តើទីក្រុងមូស្គូប្រឈមមុខនឹងការដាក់ទណ្ឌកម្មឬយ៉ាងណា ប្រសិនបើនៅតែរក្សាកងទ័ពនៅតាមព្រំដែននោះ? លោកប្រធានាធិបតីអាមេរិកបានឆ្លើយថា លោកនឹងមិននិយាយជាសាធារណៈទេ ប៉ុន្តែគាត់បញ្ជាក់ថា ពួកគេដឹងច្បាស់លើរឿងនេះ។
អាមេរិកបានបញ្ជាក់ជាថ្មីនូវការគាំទ្រសម្រាប់អ៊ុយក្រែន បើកការពិភាក្សាអំពីវត្តមានរបស់យោធារបស់រុស្ស៊ី និងពិនិត្យឡើងវិញនូវការត្រៀមចរចារបែបការទូត ដើម្បីធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ស្ងប់ស្ងាត់។
ជំនួបរវាងលោក ប៉ៃដិន និង ពូទីន លើកនេះបានកំណត់ពេលវេលាសម្រាប់ការចូលរួមកិច្ចប្រជុំមួយចំនួន មានដូចជាកិច្ចប្រជុំសន្តិសុខអាមេរិក-រុស្ស៊ីនៅថ្ងៃទី៩ និងទី១០ ខែមករា សម័យប្រជុំរុស្ស៊ី-ណាតូនៅថ្ងៃទី១២ ខែមករា និងសន្និសីទ្ធដោយមានការចូល រួមទាំងទីក្រុងម៉ូស្គូ វ៉ាស៊ីនតោន និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត នៅថ្ងៃទី១៣ ខែមករា។
ក្រសួងការបរទេសអាមេរិកបាននិយាយថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ក៏បានជជែករឿងមួយចំនួនសម្រាប់កិច្ចពិភាក្សាទាំងនោះកាលពីថ្ងៃសុក្រ តាមរយៈកិច្ចសន្ទនាតាមទូរស័ន្ទជាមួយអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg ។ បន្ថែមពីនេះ នៅក្នុងការសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា និងអ៊ីតាលី លោក Blinken ក៏បានពិភាក្សាអំពីការឆ្លើយតបរួមមួយ ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីបន្ថែមទៀតប្រឆាំងនឹងអ៊ុយក្រែនផងដែរ៕