ភ្នំពេញ៖ អតីតបុគ្គលិកណាហ្គាវើលចំនួន១៤នាក់ក្នុងនោះមានស្ត្រី១៣នាក់ និងប្រុស១នាក់ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញឃាត់ខ្លួនពាក់ព័ន្ធនឹងការធ្វើបន្តធ្វើបាតុកម្មនៅម្ដុំណាហ្គាវើល២ ដែលត្រូវបានអាជ្ញាធរចាត់ទុកជាសកម្មភាពខុសច្បាប់។
ការឃាត់ខ្លួនបន្ថែមនៅពេលនេះបានធ្វើឱ្យចំនួនអ្នកដែលត្រូវអាជ្ញាធរឃាត់ខ្លួនពាក់ព័ន្ធនឹងបាតុកម្មមុខក្រុមហ៊ុនណាហ្គាវើលឡើងដល់២០នាក់ហើយ។
រហូតមកដល់ថ្ងៃនេះឈានចូលដល់ថ្ងៃទី១៦ហើយដែលអតីតកម្មករក្រុមហ៊ុនណាហ្គាវើលបន្តធ្វើបាតុកម្មនៅសួនមុខណាហ្គាវើល ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យក្រុមហ៊ុនគោរពច្បាប់ការងារទទួលពួកគេចូលធ្វើការវិញ និងសងសំណងសមស្របជូនពួកគេ។ ទោះជាយ៉ាងណាជម្លោះរវាងក្រុមហ៊ុននិងកម្មករនិយោជិតនេះទោះបីមានការសម្របសម្រួលពីរាជធានីភ្នំពេញ និងក្រសួងការងារយ៉ាងណាក្ដីក៏មិនទាន់អាចស្វែងរកដំណោះស្រាយបាននៅឡើយទេ។
ក្នុងសេចក្ដីបំភ្លឺកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្នងការដ្ឋាននគរបាលរាជធានីបានចាត់ទុកសកម្មភាពបន្តតវ៉ារបស់អតីតកម្មករទាំងនោះជាសកម្មភាពខុសច្បាប់មិនស្ដាប់តាមការអំពាវនាវរបស់អាជ្ញាធរ ធ្វើឱ្យប៉ះពាល់ដល់សណ្ឋាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕