រដ្ឋមន្រ្តីព័ត៌មាន ស្នើម្ចាស់ប្រព័ន្ធផ្សព្វផ្សាយចុះបញ្ជីការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាប័ណ្ណរបស់ខ្លួន
ភ្នំពេញ៖ លោក ខៀវ កាញ៉ារឹទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែឧសភានេះ តាមរយៈលិខិតមួយច្បាប់បានជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ -ចាងហ្វាង កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ - នាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ ជុំវិញការចុះបញ្ជីាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្នុងលិខិតនោះ រដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា កន្លងមកក្រសួងព័ត៌មានបានសង្កេតឃើញថា ម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្តល់សេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំបានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ដោយធានាបាននូវការប្រើប្រាស់ម៉ាក ពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័នអង្គភាពសារព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួនបានត្រឹមត្រូវតាមច្បាប់។
ប៉ុន្តែទន្ទឹមនេះក៏មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូចនៅមិនទាន់អនុវត្តតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាក ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀតធ្វើឱ្យ មានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្ម ដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។
ក្នុងន័យការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និង ក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុន របស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ២០២១។ ហើយក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ដូចបានលើកឡើង ក្រសួងព័ត៌មាន និងបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ៕