
លោកស្រី ឱ វណ្ណឌីន អំពាវដល់ពលរដ្ឋទាំងអស់ទៅចាក់វ៉ាក់សាំងក្រោយពីនាយករដ្ឋមន្ត្រីបញ្ជាឱ្យពិនិត្យឡើងវិញលើករណីដែលហាមឃាត់កាលពីកន្លងទៅ
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសលោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ពលរដ្ឋទូទៅដែលមិនទាន់បានចាក់វ៉ាក់សាំង ជាពិសេសពលរដ្ឋដែលមានជំងឺប្រចាំកាយ និងស្ត្រីដែលមានផ្ទៃពោះឬកំពុងបំបៅដោះកូនទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។ ការអំពាវនាវនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បញ្ជាដល់ក្រសួងសុខាភិបាលឱ្យឱ្យពិនិត្យឡើងវិញពីលទ្ធភាពចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន ៧ម៉ឺននាក់ដែលត្រូវបានក្រុមគ្រូពេទ្យបដិសេធកាលពីកន្លងមកដោយសារបញ្ហាសុខភាព។
ក្នុងវីដេអូប្រមាណ២នាទីដែលត្រូវបានផ្សព្វផ្សាយនាថ្ងៃនេះលោកស្រី ឱ វណ្ណឌីន បានថ្លែងថា៖ «សូមបងប្អូនអញ្ជើញមកឱ្យបានគ្រប់ៗគ្នាដើម្បីចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដើម្បីពង្រឹងនូវកងការពាររបស់ខ្លួនជាពិសេសជាមួយនឹងបរិបទនៃការប្រឆាំងនឹងពពួកអូមីក្រុង។ បន្ថែមលើនេះទៀតខ្ញុំសូមអំពាវនាវដល់បងប្អូនដែលមានជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះនិងស្ត្រីដែលបំបៅដោះកូនដោយទឹកដោះសូមអញ្ជើញមកទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នាពីព្រោះក្រុមនេះរឹតជាក្រុមដែលមានតម្រូវការនៃការទទួលយកនូវវ៉ាក់សាំងកូវីដ-១៩ជាពិសេសនូវដូសជំរុញឬក៏ដូសទី៣របស់យើងនេះ» ។
ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ក្រសួងសុខាភិបាលពិនិត្យចាក់វ៉ាក់សាំងឡើងវិញដល់ពលរដ្ឋជាង ៧ម៉ឺននាក់ដែលត្រូវបានគ្រូពេទ្យបដិសេធមិនចាក់វ៉ាក់សាំងឱ្យកាលពីកន្លងទៅដោយថាដើម្បីជំរុញប្រព័ន្ធភាពស៊ាំសង្គមឱ្យកាន់តែរឹងមាំ។
សម្ដេចមានប្រសាសន៍ថា៖ «កាលពីមុននៅក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ បញ្ជាឱ្យចាក់ហ្មងអ្នកណាក៏ចាក់មិនបានអ្នកណាក៏ចាក់មិនបានគ្រូពេទ្យមិនឱ្យចាក់។ ស្រាប់តែមានអីបើកឱ្យចាក់ទាំងអស់ហើយមានទៅកើតអីមួយផង! ឥឡូវសូមពិនិត្យឡើងវិញជាង ៧ម៉ឺននាក់គាត់ទៅក៏ប៉ុន្ដែគ្រូពេទ្យយើងបែរជាមិនឱ្យគាត់ចាក់សូមពិនិត្យឡើងវិញ»។
យោងតាមរបាយការណ៍ចាក់វ៉ាក់សាំងទូទាំងប្រទេសរហូតមកដល់ពេលនេះមានពលរដ្ឋស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងបានជាង ១៤លាន៣សែននាក់ ក្នុងនោះអ្នកដែលពេទ្យទទួលចាក់ជូនមានចំនួនជាង១៤លាន ២សែននាក់ ខណៈអ្នកដែលមិនត្រូវបានពេទ្យអនុញ្ញាតចាក់ជូនមានជាង៧ម៉ឺន ៣ពាន់នាក់៕