ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាដែលរស់នៅតាមបណ្តាខេត្ត និងរាជធានីចំនួន ២៥ ទូទាំងប្រទេសកម្ពុជាបានចុះឈ្មោះបោះឆ្នោតនាឆ្នាំ២០២១ សរុបចំនួន ៩ ២០៥ ៦៧៥នាក់ មានចំនួនស្មើរនឹងប្រមាណ ៨៧, ៩៤% នៃចំនួនប្រជាពលរដ្ឋសរុបដែលគ្រប់អាយុបោះឆ្នោត។ នេះបើផ្អែកតាមការសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ផ្អែកតាមតារាងលទ្ធផលនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ហើយត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) យកមកផ្សព្វផ្សាយលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន បានបញ្ជាក់ថា ចំណោមពលរដ្ឋសរុបទាំងជាង ៩លាននាក់ ដែលបានចុះបោះឆ្នោតរួចហើយនោះមានស្ដ្រីចំនួន ៤ ៩០៤ ៨២៥នាក់។
គ.ជ.ប ឱ្យដឹងបន្ថែមថា ចំនួនការិយាល័យបោះឆ្នោតសរុបនៅទូទាំងប្រទេសមានដល់ ២៣ ៦០២ការិយាល័យ។
ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជ្រើសរើសសមាជិកក្រុមប្រឹក្សាថ្មីជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់ដែលផុតអាណត្តិ។
ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្កិទី៤ ឆ្នាំ២០១៧ គណបក្សប្រជាជនកម្ពុជាយកបាន ១ ១៥៦ឃុំ-សង្កាត់ គណបក្សសង្គ្រោះជាតិយកបាន ៤៨៩ឃុំ-សង្កាត់ និង១ឃុំបានទៅលើគណបក្សខ្មែររួបមជាតិរបស់លោក ញឹក ប៊ុនឆៃ។
ទោះជាយ៉ាងណាក្រោយការរំលាយបក្សសង្គ្រោះជាតិដោយតុលាការកំពូលចោទប្រកាន់ថាបក្សនេះបានឃុបឃិតជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាល ចំនួនអាសនៈក្រុមប្រឹក្សាឃុំ-សង្កាត់របស់អតីតបក្សសង្គ្រោះជាតិត្រូវបាន គ.ជ.ប បែងចែកទៅឱ្យគណបក្សផ្សេងដែលធ្វើឱ្យគណបក្សប្រជាជនកាន់កាប់ឃុំ-សង្កាត់ទូទាំងប្រទេសបានចំនួន ១ ៦៤៥ឃុំ-សង្កាត់៕