
កម្ពុជា និងរដ្ឋជាសមាជិកអាស៊ាន ប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ខណៈប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩
ភ្នំពេញ : ថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា យោងតាមកិច្ចប្រជុំសម្របសម្រួលការដឹកជញ្ជូនអាស៊ានលើកទី៤០ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី២៣-២៤ ខែមីនា ឆ្នាំ២០២១ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសកម្ពុជានិងប្រទេសជាសមាជិកអាស៊ានបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវការដឹកជញ្ជូនក្នុងតំបន់ខណៈ ពេលវិស័យនេះកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការរាតត្បាតនៃជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះ សមាជិកអាស៊ានទាំងអស់កំពុងពិភាក្សារកវិធីសម្របសម្រួលការដឹកជញ្ជូនឱ្យមានភាពប្រសើរឡើងដោយក្នុងនោះមានកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានចំនួន៤ បានចាប់ផ្តើមអនុវត្តជាជំហានៗ ដើម្បីស្តារការដឹកជញ្ជូនក្នុងតំបន់ឡើងវិញប៉ុន្តែដោយសារតែបញ្ហានៃការរាតត្បាតជំងឺកូវីដ-១៩ ការអនុវត្តកិច្ចព្រមព្រៀងទាំងនេះបានជួបប្រទះនូវបញ្ហារអាក់រអួល។
ជាមួយគ្នានេះផងដែរភាគីកម្ពុជាកំពុងខិតខំប្រឹងប្រែងធ្វើការជាមួយភាគីថៃក្នុងការរិះរកនីតិវិធីបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្ដោះអាសន្នដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនរវាងប្រទេសទាំងពីរនិងធ្វើការជាមួយភាគីវៀតណាម ដើម្បីបើកច្រកទ្វារព្រំដែនព្រៃវល្លិ៍-ព្រែកចាកផងដែរ។ ប្រសិនបើច្រកទ្វារទាំងនេះត្រូវបានបើកដំណើរការវានឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញជំរុញកំណើនពាណិជ្ជកម្មទេសចរណ៍បើកឱកាសយ៉ាងទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិការវិនិយោគការធ្វើពាណិជ្ជកម្មឆ្លងដែនការបង្កើតការងារធ្វើនិងការទាក់ទាញភ្ញៀវទេសចរសំដៅលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិផងដែរ។
ជាងនេះទៅទៀតកម្ពុជាបាននិងកំពុងខិតខំប្រែងប្រែងពង្រីកនិងបង្កើនចំនួនគន្លងផ្លូវដឹកជញ្ជូននៅច្រក ទ្វារព្រំដែនបាវិត ព្រំដែនកម្ពុជា-វៀតណាម ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សម្រួលដល់ការដឹកជញ្ជូនទំនិញឱ្យបានឆាប់រហ័សទៅមកជាមួយភាគីវៀតណាម។
ទោះជាយ៉ាងណាក៏ដោយការដឹកជញ្ជូនទំនិញនៅក្នុងតំបន់អាស៊ាននៅតែមានភាពល្អប្រសើរជាទូទៅទោះបីជាមានឧបសគ្គខ្លះក្នុងកំឡុងពេលមានជំងឺរាលដាល។ ការដឹកជញ្ជូនរបស់បណ្តាប្រទេសអាស៊ានត្រូវបានរាំងស្ទះដោយសារតែសមាជិកអាស៊ានបានរឹតបន្តឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួនរៀងៗខ្លួនក្នុងនោះប្រទេសនីមួយៗរបស់អាស៊ានបានរឹតបន្ដឹងការឆ្លងកាត់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ ឧទាហរណ៍ពីមុនគេអាចដឹកទំនិញបានក្នុងមួយថ្ងៃប៉ុន្តែឥឡូវត្រូវចំណាយពេលពី២ទៅ៣ថ្ងៃទើបអាចធ្វើទៅបាន។ ចំពោះការដឹកជញ្ជូនទ្វេភាគីនៅតែមានភាពរលូនបន្ទាប់ពីមានវិបត្តិកូវីដ-១៩ អស់រយៈពេលជាងមួយឆ្នាំកន្លងទៅ។
សូមជម្រាបជូនថា៖ កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ លេខាធិការដ្ឋានអាស៊ានបានរៀបចំសិក្ខាសាលាលើកទីមួយ លើកសាងសមត្ថភាពថ្នាក់តំបន់តាមប្រព័ន្ធវីដេអូពីចម្ងាយក្រោមប្រធានបទ៖ “ការរក្សាការតភ្ជាប់សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយប្រសិទ្ធភាពនិងភាពធន់” សហការជាមួយអង្គការ UNESCAP និងវេទិកាដឹកជញ្ជូនអន្តរជាតិ (ITF) ដើម្បីប្រមូលធាតុចូលនិងស្វែងរកដំណោះស្រាយចំពោះបញ្ហានៃការដឹកជញ្ជូនរបស់អាស៊ានក្នុងអំឡុងពេលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានការចូលរួមពីតំណាងរដ្ឋជាសមាជិកអាស៊ានទាំងអស់នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។
ដោយឡែក បច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងរិះរកវិធនការអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយ ដើម្បីចូលរួមកាត់បន្ថយចំណាយលើសេវាដឹកជញ្ជូនទំនិញនៅកម្ពុជានិងជំរុញការអនុវត្តគោលនយោបាយកិច្ចសម្រួលពាណិជ្ជកម្មរបស់រាជរដ្ឋាភិបាលនិងលើកកម្ពស់ឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងស្ថានភាពនៃការផ្ទុះរីករាលដាលនៃជំងឺកូវិដ-១៩៕
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន