កោះកុង៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅអាជ្ញាធរខេត្ត-រាជធានីបង្កើតក្រុមតេឡេក្រាមដើម្បីទទួលសេចក្ដីរាយការណ៍ពីពលរដ្ឋលើករណីល្មើសច្បាប់ចរាចរណ៍។
ថ្លែងក្នុងពិធីបើកការដ្ឋានគម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងពីក្ដីបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ចរាចរដែលបានកើនឡើងវិញបន្ទាប់ពីប្រទេសកម្ពុជាសម្រេចបើកប្រទេស និងបិទព្រឹត្តិការណ៍២០កុម្ភៈ។ សម្ដេចតេជោ បានថ្លែងបន្ថែមថាដើម្បីជំរុញសកម្មភាពទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ សម្ដេចបានបញ្ជាដល់សមត្ថកិច្ចគ្រប់ខេត្ត-រាជធានីទាំងអស់ឱ្យបង្កើតក្រុមតេឡេក្រាមមួយដែលអនុញ្ញាតឱ្យពលរដ្ឋថតស្លាកលេខជនល្មើសទាំងអស់ផ្ញើជូនសមត្ថកិច្ចដើម្បីមានវិធានការ។
សម្ដេចតេជោថា៖ «ផ្លូវជាតិលេខ៤ថ្ងៃទី១ ទៅពីកំពង់សោម៥ជួរអ្នកមកពីភ្នំពេញអត់អាចធ្វើដំណើរកើតស្ទះ។ ឃើញមានក្មួយស្រីម្នាក់ឡើងលើដំបូលឡានថតបង្ហោះ។ អញ្ចឹងបើសិនយើងប្រើប្រព័ន្ធតេឡេក្រាមអាចចូលរួមបានអ្នកណាល្មើសច្បាប់យើងថតហើយបញ្ជូនទៅតេឡេក្រាម របស់ក្រសួង របស់អគ្គស្នងការនគរបាលជាតិ របស់ខេត្ត ថតអ្នកល្មើស ហើយថតទាំងលេខឡានហ្នឹងទៀតរួចហើយបញ្ជូនទៅស្នងការនគរបាល ឬអគ្គស្នងការនគរបាលជាតិ ឬអ្នកទទួលបន្ទុកដើម្បីមានវិធានការ» ។
យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់១៤នាក់ និងរបួសធ្ងន់ស្រាល១៧នាក់។ មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន បើកបរលើសល្បឿន មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕