កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP នឹងចូលជាធរមាននាថ្ងៃទី១ ខែមករា ឆ្នាំ២០២២
ភ្នំពេញ៖ កិច្ចព្រមព្រៀង RCEP ដែលអ្នកស្រាវជ្រាវមើលឃើញថានឹងផ្ដល់ភាពចំណេញដល់ពាណិជ្ជកម្មកម្ពុជានិងតំបន់ នឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ស្អែកនេះ។
តាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជានឹងអាចនាំចេញទំនិញដល់ប្រទេសចំនួន១៥ ដែលរួមមានសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានដែលរួមមាន ចិន ជប៉ុន កូរ៉េ អូស្ត្រាលី និងណូវែលហ្សេឡង់ ដែលស្មើនឹង ២៨%នៃទំហំពាណិជ្ជកម្មពិភពលោកទាំងមូល។ មុខទំនិញសំខាន់ៗជាច្រើននៃទំនិញកសិកម្ម កសិកម្មកែច្នៃ និងទំនិញឧស្សាហកម្ម និងត្រូវអនុញ្ញាតឱ្យនាំចូលប្រទេសទាំងនេះដោយត្រូវបានលើកលែងពន្ធជាមធ្យមជាង៩០ភាគរយសម្រាប់ប្រទេសកម្ពុជា។
ក្រៅពីទទួលបានអត្ថប្រយោជន៍ពីការនាំចេញ កម្ពុជាក៏ទទួលបាននូវអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងនេះផងដែរ ដែលមានដូចជាការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង ចំណេះធ្វើ និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់បរទេស ព្រមទាំងបង្កើតការងារថ្មីៗជូនប្រជាជនកម្ពុជាផងដែរ។
ផ្អែកតាមលទ្ធផលនៃការសិក្សារបស់ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) បានបង្ហាញថា តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះកម្ពុជាអាចនឹងមានកំណើនប្រចាំឆ្នាំការនាំចេញចំនួន ៧,៣% វិនិយោគចំនួន ២៣,៤% និងផលិតផលក្នុងស្រុកសរុបចំនួនប្រមាណ ២%លើផលិតផលក្នុងស្រុកសរុបដែលមានបច្ចុប្បន្ន។
គួររំលឹកផងដែរថា បច្ចុប្បន្នកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកូរ៉េក៏កំពុងស្ថិតក្នុងដៃសភាដើម្បីពិនិត្យអនុម័តផងដែរ៕