សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចផ្តល់ក្របខណ្ឌដល់សាច់ញាតិបង្កើតរបស់យោធិនពលីទាំង ២០នាក់ក្នុងហេតុការណ៍ផ្ទុះឃ្លាំងគ្រាប់នៅយោធភូមិភាគទី៣ | ឃាត់ខ្លួនមនុស្សជាង៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានាក្នុងសប្តាហ៍កន្លងទៅនេះ | រមណីយដ្ឋានប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកេរ ទទួលបានភ្ញៀវទេសចរជាង៣ម៉ឺននាក់ | ៤ខែដើមឆ្នាំ២០២៤ កម្ពុជាលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានជាង២០លានដុល្លារ |

កម្ពុជាបង្ហាញជំហរដាក់ទីម័រឡេស្ដេចូលជាសមាជិកអាស៊ាននៅពេលដឹកនាំអាស៊ានឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយកដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីបំណងរបស់ប្រទេសកម្ពុជាក្នុងពេលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ធ្វើឱ្យសម្រេចបាននូវការទទួលយកប្រទេសទីម័រឡេស្ដេ ចូលជាសមាជិកអាស៊ានផងដែរ ខណៈប្រទេសនេះបានក្លាយជាអ្នកសង្កេតការអាស៊ានជាច្រើនឆ្នាំមកហើយ។

ប្រទេសកម្ពុជា ជាប្រទេសក្នុងអាស៊ានមួយដែលគាំទ្របេក្ខភាពទីម័រខាងកើតខ្លាំងជាងគេ ដោយសារសម្ដេចតេជោកាលពីឆ្នាំ២០០៦ ធ្លាប់បានកត់សម្គាល់ថាស្ថានភាពប្រទេសទីម័រខាងកើត គឺដូចទៅនឹងពេលដែលកម្ពុជាដាក់ពាក្យចូលជាសមាជិកអាស៊ានដំបូងដូចគ្នា។

ថ្លែងក្នុងកម្មវិធីផ្ដល់ព័ត៌មានស្ដីពីអាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កាលពីថ្ងៃទី២៩ ខែធ្នូ រដ្ឋមន្ត្រីក្រសួងការបទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ពីបញ្ហាប្រឈម៤នៅអាស៊ានដែលរួមមានការស្ដារឡើងវិញនូវសេដ្ឋកិច្ចពីវិបត្តិ កូវីដ-១៩ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ បញ្ហាប្រឈមផ្នែកសន្ដិសុខ និងបញ្ហាប្រឈមផ្ទៃក្នុងរបស់អាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រីបានកត់សម្គាល់ថា អាទិភាពរបស់អាស៊ានក្នុងអាទិភាពប្រធានអាស៊ានឆ្នាំ២០២២ គឺការលើកកម្ពស់សន្ដិភាព វិបុលភាព ការលើកកម្ពស់ការចូលរួមចំណែកតំបន់ចំពោះសន្ដិភាពពិភពលោក និងបង្កើនសន្ទុះនិងពង្រីកភាពជាដៃគូជាមួយដៃគូខាងក្រៅ។ លោកបន្ថែមថាក្នុងឆ្នាំ២០២២ កម្ពុជាចង់ធ្វើយ៉ាងណាបន្ថូរបន្ថយស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាដាក់បញ្ចូលប្រទេសទីម័រឡេស្ដេចូលជាសមាជិកអាស៊ានផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ អាស៊ាន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញដល់ថ្នាក់ដឹកនាំអាស៊ានទាំងអស់ឱ្យពិចារណាពីលទ្ធភាពបញ្ជូលប្រទេស ទីម័រខាងកើតចូលជាសមាជិកទី១១ នៃសមាគម ឱ្យបានឆាប់ ដើម្បីបញ្ជៀសការប្រជែងភូមិសាស្ត្រនយោបាយដែលបង្កគ្រោះថ្នាក់ដល់សមាគមអាស៊ាន។

សម្ដេចតេជោបានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលប្រទេសទីម័រខាងកើតបានបង្ហាញនូវការប្ដេជ្ញាចិត្តចូលសមាជិកសមាគម តែសម្រាប់សមាជិកអាស៊ានហាក់បីដូចជាមិនសូវ យកចិត្តទុកដាក់ក្នុងការអនុញ្ញាតដាក់បញ្ជូលជាសមាជិកខ្លួន ដែលសម្ដេចតេជោបានបង្ហាញក្ដីបារម្ភថាអាចនឹងធ្វើឱ្យទីម័រខាងកើតចាកចេញវិញ។

សម្ដេចតេជោបានថ្លែងថា៖ «ខ្ញុំមានកង្វល់ថានៅពេលណាមួយក្នុងក្របខណ្ឌការប្រជែងភូមិសាស្ត្រនយោបាយ ហើយអាស៊ាននៅតែទុកទីម័រឡេស្តនៅដាច់ដោយឡែក នេះជាបញ្ហាដែលយើងគួរព្រួយបារម្ភដែលធ្វើឱ្យទីម័រឡេស្តនឹងរើសទីកន្លែងដែលអាចពឹងពាក់បានក្រៅពីអាស៊ាន។ ខ្ញុំស្នើឱ្យពន្លឿនការសម្រេចចិត្តខាងនយោបាយរបស់យើងក្នុងការចូលរួមក្នុងក្របខណ្ឌអាស៊ានរបស់យើង»។

ចាប់តាំងពីទទួលឯករាជ្យពីប្រទេសឥណ្ឌូណេស៊ីនៅឆ្នាំ២០០២មក សាធារណរដ្ឋទីម័រខាងកើតបានបង្ហាញពីបំណងជាបន្តបន្ទាប់ក្នុងការចូលជាសមាជិកអាស៊ាន។

ក្នុងឆ្នាំ២០១១ ប្រទេសនេះបានដាក់ឯកសារជាផ្លូវការ ដើម្បីសុំចូលជាសមាជិកអាស៊ាន តែទោះជាយ៉ាងណា បំណងនេះមិនត្រូវបានស្វាគមន៍ដោយសមាជិកភាគច្រើននោះទេ។ បច្ចុប្បន្នសាធារណរដ្ឋទីម័រខាងកើតមានឋានៈជាអ្នកសង្កេតការណ៍អាស៊ាន ខណៈក្រុមការងារអាស៊ានកំពុងពិនិត្យទៅលើស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេសនេះ មុននឹងសម្រេចថាអនុញ្ញាត ឬមិនអនុញ្ញាតឲ្យចូលជាសមាជិក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក