លោក ឯម ច័ន្ទមករា ប្រកាសបរិច្ចាកប្រាក់ខែ ១លានរៀលរាល់ខែជួយដល់សមាគមតន្ត្រីសំនៀងជនពិការដែលកំពុងជួបការលំបាក
ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការលោក ឯម ច័ន្ទមករា បានសម្រេចបរិច្ចាកប្រាក់ខែរបស់លោកចំនួន ១លានរៀលក្នុងមួយខែ រហូតដល់ដំណាច់ឆ្នាំ២០២៣ ដើម្បីជួយដល់សមាគមតន្ត្រីសំនៀងជនពិការដែលកំពុងជួបការលំបាក។
ការសម្រេចបរិច្ចាកប្រាក់ខែរបស់ខ្លួនជូនដល់ក្រុមតន្រ្តីសំនៀងជនពិការនេះដោយសារលោកមើលឃើញពីការលំបាករបស់សមាគមដែលកំពុងជួបប្រទះក្នុងអំឡុងពេលមានវិបត្តិនៃជំងឺកូវីដ-១៩ ដែលប៉ះពាល់ដល់ចំណូលរបស់សមាគម។
ប្រធានសមាគមតន្ត្រីសំនៀងជនពិការ លោក ចាប តូ បានលើកឡើងថា បញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់ការងាររបស់ក្រុមតន្ត្រី ហើយសមាគមលោកពុំមានម្ចាស់ជំនួយពីបរទេសទេមានតែអ្នកជួយខាងក្នុងស្រុក ខណៈសមាគមត្រូវទទួលខុសត្រូវលើថ្លៃចំណាយទាំងទឹកភ្លើង និងអាហារប្រចាំថ្ងៃដល់សមាជិកនៃសមាគមដែលធ្វើឱ្យមានការលំបាកជាខ្លាំង។
លោក ចាប តូ បានថ្លែងអំណរគុណដល់លោក ឯម ច័ន្ទមករា ដែលបានសម្រេចចិត្តបរិច្ចាកប្រាក់ខែរបស់ខ្លួនដល់សមាគម ដោយថាការបរិច្ចាកប្រចាំខែរហូតដល់ដាច់ឆ្នាំ២០២៣នេះនឹងជួយសម្រួលដល់ការលំបាកដែលសមាគមកំពុងជួបក៏ដូចជាជាការលើកទឹកដល់សមាគមឱ្យបន្តការងាររបស់ខ្លួនផងដែរ។
ក្នុងឱកាសនេះលោក ចាប តូ ក៏បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ និងសម្ដចកិត្តិព្រឹទ្ធបណ្ឌិតដែលតែងតែយកចិត្តទុកដាក់ដល់សមាគម និងបានផ្ដល់អំណោយជាបន្តបន្ទាប់ក្នុងពេលដែលមានជំងឺកូវីដ-១៩ រីករាលដាល។ លោកក៏បានអរគុណដល់រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក វង សូត ដែលបានយកចិត្តទុកដាក់ដល់បុគ្គលិកសមាគមក្នុងពេលដែលសមាជិកសមាគមមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ កាលពីកន្លងទៅផងដែរ។
គួរបញ្ជាក់ថាការសម្រេចរបស់ លោក ឯម ច័ន្ទមករា បែបនេះក្នុងពេលលោកធ្វើជាតំណាងឱ្យរដ្ឋមន្ត្រីសង្គមកិច្ច លោក វង សូត នាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចែកជូនជនមានពិការភាពនៃសមាគមតន្រ្តីសំនៀងជនពិការក្នុងឱកាសឆ្នាំថ្មី និងអបអរសាទរទិវាជនមានពិការភាពអន្តរជាតិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ៕