ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

លោក ហ៊ុន ម៉ាណែត អំពាវនាវដល់កងទ័ពជើងគោកអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមអនុសាសន៍របស់នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអំពាវនាវដល់ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោកទាំងអស់រួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវអនុសាសន៍របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងឱ្យទាហានទាំងអស់ការពារឱ្យបានជាដាច់ខាតនូវរាជានិយម និងព្រះមហាក្សត្រ។

ក្នុងសារជូនពរផ្ញើជូននាយទាហាន នាយទាហានរង និងពលទាហាន កងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសាកល ២០២២ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរដល់ការខិតខំរបស់ទាហាននៃកងទ័ពជើងគោកទាំងអស់ដែលបានខិតខំប្រឹងប្រែងធ្វើការជាច្រើនដើម្បីការពារបូរណភាពទឹកដី។ លោកក៏បានជូនពរដល់យោធិនដែលកំពុងមានរបួស ពិការ និងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា ឆាប់បានជាសះស្បើយត្រលប់មានសុខភាពល្អបរិបូណ៍ និងជូនពរដល់អតីតយុទ្ធជនព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងសុភមង្គលរុងរឿងគ្រប់ប្រការ។

ឆ្លៀតក្នុងឱកាសនេះលោកក៏បានរំលឹកឱ្យទាហានជើងគោកទាំងអស់រួមគ្នាអនុវត្តឱ្យបានម៉ឺងមាត់នូវអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគាររដ្ឋបាលនៃក្រសួងការពារជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា៖ «កម្ពុជាជាប្រទេសរាជានិយម មានបាវវចនាចំនួន៣គឺ ជាតិ សាសនា ព្រះមហាក្សត្រ ដូច្នេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ត្រូវផប្តូរផ្ដាច់ការពាររាជានិយម ការពាររាជបល្ល័ង្ក ការពារព្រះមហាក្សត្រឱ្យខានតែបាន។ ការប៉ុនប៉ងផ្ដួលរំលំ និងការប្រមាថព្រះមហាក្សត្រ គឺមិនអាចលើកលែងបានឡើយ» ។

ថ្លែងក្នុងពិធីសម្ពោធអាគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីសោកនាដកម្មដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមកដោយសារការធ្វើរដ្ឋប្រហារនិងសង្គ្រាម។ សម្ដេចថាទំរាំបានដល់បច្ចុប្បន្នកម្ពុជាឆ្លងការ៣ដំណាក់កាលគឺការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ការកសាងប្រទេសឡើងវិញ (សង្គ្រាមនិងការចរចារ) និងការថែរក្សាសន្ដិភាពដែលមានដូចបច្ចុប្បន្ន។

សម្ដេចតេជោបន្ថែមដោយរំលឹកថា បដិវត្តន៍ពណ៌ដែលចង់ផ្ដួលរំលំរដ្ឋាភិបាល ផ្ដួលរំលំរាជានិយម នៅតែមានបន្តកាន់តែខ្លាំងថែមទៀត ហើយដើម្បីយកឈ្នះលើបដិវត្តន៍ព័ណ៌នេះបានគឺការកាន់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលឱ្យជាប់។

សម្ដេចថា៖ «ពួកអាមេចោរ អាមេដើរផ្ដួលរំលំគេ សម័យមុនសម័យលើកទ័ពឈ្លានពានសម័យចុងក្រោយនេះសម័យបដិវត្តន៍ពណ៌ហើយអាមេបដិវត្តន៍ពណ៌របស់វាធ្វើនយោបាយចាប់ផ្ដើមធ្វើយ៉ាងមិចឱ្យមានអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលតែនៅទីនេះអត់ទេ! […] ខ្ញុំសូមប្រាប់គន្លឹះៗរបស់មេបដិវត្តន៍ពណ៌គឺគន្លឹះអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឯគន្លឹះនៃអ្នកការពារប្រទេសនិងរដ្ឋធម្មនុញ្ញគឺត្រូវក្ដាប់ឱ្យជាប់នូវកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឥឡូវអ្នកឯងធ្វើអីខ្ញុំ? ខ្ញុំប្រកាសថ្ងៃហ្នឹងឱ្យច្បាស់ឱ្យហើយ»។

ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការចាប់ខ្លួន លោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញឯកសាររៀបរាប់ពីបដិវត្តន៍ពណ៌កើតឡើងនៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ក្រោមរូបភាពនៃការធ្វើបាតុកម្ម បដិវត្តន៍ពណ៌ខ្មៅ ដោយមានយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងពណ៌ផ្កាឈូករបស់គណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំ និងមានអង្គការមិនមែនរដ្ឋាភិបាលរបស់សហរដ្ឋអាមរិកជាច្រើនជាអ្នកគាំទ្រ។

ឯកសារនោះបញ្ជាក់ថា បដិវត្តន៍ពណ៌នៅកម្ពុជាមានរូបភាពស្រដៀងគ្នាទៅនឹងបដិវត្តន៍ពណ៌ក្នុងប្រទេសមួយចំនួនដែលបានកើតឡើងរួចដោយមានការប្រើប្រាស់សញ្ញាកណ្តាប់ដៃ ការតវ៉ាបែបអហិង្សា ការប្រើសង្គ្រាមចិត្តសាស្រ្តលើកម្លាំងមានសមត្ថកិច្ច ការធ្វើបាតុកម្មស្រែកទាមទារឲ្យមេដឹកនាំចុះចេញពីតំណែងជាដើម។

ទោះជាយ៉ាងណាបដិវត្តន៍ពណ៌ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានបង្រ្កាបទាន់ពេលដោយរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក