ភ្នំពេញ៖ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer បានបង្ហាញពីបំណងសហការជាមួយកម្ពុជាក្នុងការគាំទ្រឱ្យមានដំណោះស្រាយតាមសន្ដិវិធីចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
ថ្លែងក្នុងជំនួបតាមប្រព័ន្ធវីដេអូមួយជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ លោកស្រី Noeleen Heyzer បានលើកឡើងដោយបានសាទរចំពោះកម្ពុជាដែលនឹងធ្វើជាប្រធានអាស៊ានប្ដូរវេននាឆ្នាំ២០២២ខាងមុខ។ លោកស្រីបានឯកភាពជាមួយកម្ពុជាដែលលើកឡើងថា «ដំណើរឆ្ពោះទៅរកដំណោះស្រាយនយោបាយនៅមីយ៉ានម៉ាត្រូវតែដឹកនាំដោយមីយ៉ាន់ម៉ា និងជាកម្មសិទ្ធិរបស់មីយ៉ាន់ម៉ាខ្លួនឯងទើបអាចសម្រេចបានជោគជ័យ»។
ក្នុងជំនួបនោះរដ្ឋមន្ត្រីការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការប្រកាន់យកវិធីសាស្ត្រស្របតាមការណ៍ជាក់ស្ដែង និងជាជំហានៗ សំដៅសម្រេចបាននូវវឌ្ឍនភាពក្នុងការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា៖ «ភាគីទាំងពីរ (UN និងកម្ពុជា) បានសង្កត់ធ្ងន់លើភាពចាំបាច់បន្ទាន់នៃកិច្ចសហប្រតិបត្តិការ ដើម្បីធានាការបញ្ជូនឱ្យបានឆាប់រហ័ស និងដោយសុវត្ថិភាពនូវជំនួយមនុស្សធម៌សម្រាប់ប្រជាជនដែលកំពុងខ្វះខាតបំផុត រួមទាំងការចាក់វ៉ាក់សាំងដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩» ។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អ៊ុងឡាំង។
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខ សម្ដេចតេជោ ហ៊ុន សែន នឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និងទី៨ ខែមករា ឆ្នាំ២០២២ខាងមុខ ដោយថាដើម្បីជួយស្វែងរកដំណោះស្រាយនៃវិបត្តិមីយ៉ាន់ម៉ា នាំប្រទេសជាសមាជិកអាស៊ាននេះចូលក្នុងអាស៊ានវិញ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោបានថ្លែងថា៖ «អ្នកដែលប្រឆាំងខ្ញុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្ដែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រលប់នៃសន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹងទទួលផលប្រយោជន៍» ៕