TOP NEWS: អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ប្រកាសថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ កម្រិតហានិភ័យ នៅក្រុមហ៊ុន OPPO
(ភ្នំពេញ) ៖អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ប្រកាសព័ត៌មានឲ្យប្រជាពលរដ្ឋដែលធ្លាប់បានចេញ-ចូលផ្សារក្រុមហ៊ុន OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស សង្កាត់អូរឫស្សី ៤ ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៩ ខែមេសា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។ មូលហេតុអ្នកជំងឺកូវីដ១៩ គឺជាបុគ្គលិកនៅទីតាំងខាងលើនេះបានប៉ះពាល់ផ្ទាល់ជាមួយអ្នកធ្វើការជាមួយគ្នាចំនួន ៧នាក់ និងប៉ះប្រយោលចំនួន ៣០នាក់។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ធ្លាប់ទៅក្រុមហ៊ុន OPPO មានទីតាំងស្ថិតនៅ ផ្ទះលេខ ៣៣៥ ផ្លូវមុនីវង្ស ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើម សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕