សម្ដេចតេជោ៖ ចំណុចស្នូលនៃមេបដិវត្តន៍ពណ៌គឺធ្វើឱ្យមានអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសក្ដាប់អំណាចប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលដើម្បីការពារប្រទេស និងរដ្ឋធម្មនុញ្ញ ប្រឆាំងនឹងបដិវត្តន៍ពណ៌ដែលចង់រំលំរាជរដ្ឋាភិបាល។ សម្ដេចបញ្ជាដល់កម្លាំងប្រដាប់អាវុធទាំងអស់ត្រៀមខ្លួនការពារជាតិឱ្យខានតែបាន ខណៈព្រមានដកតំណែងដល់អ្នកណាដែលមិនស្ដាប់បញ្ជារបស់នាយករដ្ឋមន្ត្រីផងដែរ។
ថ្លែងក្នុងពិធីសម្ពោធអាគាររដ្ឋបាលថ្មីនៃក្រសួងការពារជាតិ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីសោកនាដកម្មដែលកម្ពុជាធ្លាប់ជួបប្រទះកន្លងមកដោយសារការធ្វើរដ្ឋប្រហារនិងសង្គ្រាម។ សម្ដេចថាទំរាំបានដល់បច្ចុប្បន្នកម្ពុជាឆ្លងការ៣ដំណាក់កាលគឺការវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត ការកសាងប្រទេសឡើងវិញ(សង្គ្រាមនិងការចរចារ) និងការថែរក្សាសន្ដិភាពដែលមានដូចបច្ចុប្បន្ន។
សម្ដេចតេជោបន្ថែមដោយរំលឹកថា បដិវត្តន៍ពណ៌នៅតែមានបន្តកាន់តែខ្លាំងថែមទៀត ហើយដើម្បីយកឈ្នះលើបដិវត្តន៍ព័ណ៌នេះបានគឺការកាន់កម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលឱ្យជាប់ដោយថាចំណុចស្នូលនៃមេបដិវត្តន៍ព័ណ៌គឺអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលស៊ីវិល។
សម្ដេចថា៖ «ពួកគេអាចធ្វើឈ្នះនៅកន្លែងមួយចំនួនតែមិនអាចធ្វើឈ្នះនៅកម្ពុជា។ ដោយសារអី? បទពិសោធន៍នេះត្រូវចងចាំហើយត្រូវធ្វើបន្តទៅមុខ។ […] ពួកអាមេចោ អាមេដើរផ្ដួលរំលំគេ សម័យមុនសម័យលើកទ័ពឈ្លានពានសម័យចុងក្រោយនេះសម័យបដិវត្តន៍ពណ៌ហើយអាមេបដិវត្តន៍ពណ៌របស់វាធ្វើនយោបាយចាប់ផ្ដើមធ្វើយ៉ាងមិចឱ្យមានអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិលតែនៅទីនេះអត់ទេ! »
សម្ដេចបញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមប្រាប់គន្លឹះៗរបស់មេបដិវត្តន៍ពណ៌គឺគន្លឹះអព្យាក្រឹត្យកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឯគន្លឹះនៃអ្នកការពារប្រទេសនិងរដ្ឋធម្មនុញ្ញគឺត្រូវក្ដាប់ឱ្យជាប់នូវកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលស៊ីវិល ឥឡូវអ្នកឯងធ្វើអីខ្ញុំ? ខ្ញុំប្រកាសថ្ងៃហ្នឹងឱ្យច្បាស់ឱ្យហើយ» ។
សម្ដេចក៏ព្រមានដកមេប៉ូលិស មេទ័ព និងចៅហ្វាយខេត្តណាដែលមិនស្ដាប់បញ្ជារបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ចលនាបដិវត្តន៍ព័ណ៌ផងដែរ។
សម្ដេចថា៖ «បើគេដាច់ខាតផ្ដួលរំលំយើងៗដាច់ខាតត្រូវកម្ទេចគេចោលវិញ។ យើងអត់មានជម្រើសទេ» ។
ក្នុងឆ្នាំ0២០១៧ បន្ទាប់ពីមានការចាប់ខ្លួនលោក កឹម សុខា រាជរដ្ឋាភិបាលកម្ពុជាបានឯកសាររៀបរាប់ពីបដិវត្តន៍ពណ៌កើតឡើងនៅឆ្នាំ២០១៣ ក្រោយការបោះឆ្នោតថ្នាក់ជាតិ ក្រោមរូបភាពនៃការធ្វើបាតុកម្ម បដិវត្តន៍ពណ៌ខ្មៅ ដោយមានយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ និងពណ៌ផ្កាឈូករបស់គណបក្សប្រឆាំង ដែលមានលោក សម រង្ស៊ី និងលោក កឹម សុខា ជាអ្នកដឹកនាំ និងមានអង្គការមិនមែនរដ្ឋាភិបាលរបស់សហរដ្ឋអាមរិកជាច្រើនជាអ្នកគាំទ្រ។
ឯកសារនោះបញ្ជាក់ថា បដិវត្តន៍ពណ៌នៅកម្ពុជាមានរូបភាពស្រដៀងគ្នាទៅនឹងបដិវត្តន៍ពណ៌ក្នុងប្រទេសមួយចំនួនដែលបានកើតឡើងរួចដោយមានការប្រើប្រាស់សញ្ញាកណ្តាប់ដៃ ការតវ៉ាបែបអហិង្សា ការប្រើសង្គ្រាមចិត្តសាស្រ្តលើកម្លាំងមានសមត្ថកិច្ច ការធ្វើបាតុកម្មស្រែកទាមទារឲ្យមេដឹកនាំចុះចេញពីតំណែងជាដើម។
ទោះជាយ៉ាងណាបដិវត្តន៍ពណ៌ដែលដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ត្រូវបានបង្រ្កាបទាន់ពេលដោយរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន៕
PHOTO: EAC NEWS