ខេត្តកំពត : បន្ទាប់ពីបានសម្រេចទទួលស្គាល់ជាផ្លូវការនូវការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយចំនួន៤ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពតបានរៀបចំពិធីចាប់ឆ្នោតដោយនិមន្តព្រះសង្ឃ ដើម្បីកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នៅទីស្នាក់ការគណៈកម្មការលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១។ នេះបើតាមលោក ឌឹម សុវណ្ណរ៉ំ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោតបានឱ្យដឹងនៅថ្ងៃអង្គារ៍ ទី១៨ ខែឧសភា ឆ្នាំ២០២១នេះ។
លទ្ធផលនៃលំដាប់លេខរៀងដែលគណបក្សនយោបាយនីមួយៗទទួលបាន មានដូចតទៅ ៖
- គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានលេខរៀងទី១
- គណបក្សយុវជនកម្ពុជា ទទួលបានលេខរៀងទី២
- គណបក្សប្រជាជនកម្ពុជា ទទួលបានលេខរៀងទី៣
- គណបក្សសញ្ជាតិកម្ពុជា ទទួលបានលេខរៀងទី៤
លោក ឌឹម សុវណ្ណរ៉ំ បានឱ្យដឹងទៀតថា ការកំណត់លំដាប់លេខរៀងរបស់គណបក្សនយោបាយនៅលើសន្លឹកឆ្នោត នឹងជួយបង្កលក្ខណៈងាយស្រួលដល់គណបក្សនយោបាយពាក់ព័ន្ធក្នុងការឃោសនាបោះឆ្នោត ហើយជួយឱ្យអ្នកបោះឆ្នោតអាចស្គាល់បានដោយងាយស្រួលនូវគណបក្សនយោបាយដែលគាត់ស្រលាញ់ពេញចិត្ត។
គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត ត្រូវបិទផ្សាយបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ដែលបានចាប់ឆ្នោតរួចហើយ ក្នុងរយៈពេលយ៉ាងតិច ៤៥ថ្ងៃ មុនថ្ងៃបោះឆ្នោត យោងតាមមាត្រា ២៦ នៃច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា។ នេះបើតាមការបញ្ជាក់បន្ថែមពីលោក ឌឹម សុវណ្ណរ៉ំ អ្នកនាំពាក្យគណៈកម្មាធិការរៀបចំការបោះឆ្នោត។
គួរបញ្ជាក់ថាក្រុងបូកគោនៃខេត្តកំពត ត្រូវបានបង្កើតឡើងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៣៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១ ដោយមានសង្កាត់ចំនួន ៣គឺ សង្កាត់កោះតូច សង្កាត់ព្រែកត្នោត និងសង្កាត់បឹងទូក ដែលកាត់ចេញពីភូមិសាស្រ្តនៃស្រុកទឹកឈូ៕