ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសថាក្រោយឆ្នាំ២០២៣ សម្ដេចនឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រី ដែលមានន័យថាកូនរបស់សម្ដេចនឹងធ្វើជានាយករដ្ឋមន្ត្រីនៅក្រោយឆ្នាំ២០២៣ខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគាររដ្ឋបាលថ្មីរបស់ក្រសួងការពារជាតិនៅព្រឹកនេះ សម្ដេចតេជោ បានថ្លែងថា នៅពេលសម្ដេចឈប់ធ្វើជានាយករដ្ឋមន្ត្រី សម្ដេចនឹងរៀបចំច្បាប់មួយដែលកំណត់អាយុចូលនិវត្តន៍របស់នាយករដ្ឋមន្ត្រី ខណៈសម្ដេចបញ្ជាក់ថា ក្រោយឆ្នាំ២០២៣ខាងមុខសម្ដេចជា ឪពុកនាយករដ្ឋមន្ត្រី ។
សម្ដេចថ្លែងថា៖ «ពេលនេះខ្ញុំជានាយករដ្ឋមន្ត្រី ក្រោយឆ្នាំ២០២៣ខ្ញុំនឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រី ហើយឆ្នាំ២០៤០ខ្ញុំនឹងក្លាយជាតានាយករដ្ឋមន្ត្រី» ។
សម្ដេចតេជោបញ្ជាក់ថា បើទោះបីសម្ដេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយក៏សម្ដេចនៅតែជាប្រធានបក្សប្រជាជនដដែល។
ក្នុងសន្និបាតរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ អង្គសន្និបាតបានសម្រេចបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគត។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។
បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ៕
PHOTO: EAC NEWS