លោក ខៀវ កាញារីទ្ធ ចាត់ទុកការចងក្រងសៀវភៅស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាឯកសារប្រវត្តិសាស្ត្រថ្មីមួយរបស់ប្រទេសកម្ពុជា
ភ្នំពេញ : ថ្ងៃអង្គារ ទី១៨ ខែឧសភា ឆ្នាំ២០២១ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានចាត់ទុកសៀវភៅស្តីពីកិច្ចខិតខំប្រឹងប្រែងដែលគ្រោងចងក្រងរៀបចំឡើងដោយគណៈកម្មការបោះពុម្ពសៀវភៅនៃក្រសួងព័ត៌មាន ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺទុកជាឯកសារប្រវត្ដិសាស្រ្ដថ្មីមួយរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមរបស់ក្រសួងព័ត៌មានតាមរយៈការផ្សាយព័ត៌មានពិត។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះគឺធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈកម្មការបោះពុម្ពសៀវភៅស្ដីពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងសៀវភៅកំណាព្យកាលពីសម័យ១៩៨០ ដល់១៩៨៣ និងសៀវភៅស្តីពីកម្ពុជា ឆ្នាំ២០២១ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ការរៀបចំចងក្រងសៀវភៅនេះឡើងរបស់ក្រសួងព័ត៌មានតាមរយៈការចូលរួមផ្សាយព័ត៌មានពិត និងការរួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានក្រុមបំពុល តែងតែបំផុសព័ត៌មាន ប្រឌិតរឿងនានាជា ច្រើន ចាប់តាំងពីមានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ចូលមកក្នុងប្រទេសកម្ពុជាពីដំបូងរហូតមកដល់ពេលបច្ចុប្បន្ននេះ។ លោករដ្ឋមន្រ្ដីបានបន្ដថាសៀវភៅនេះដែរក៏បានបង្ហាញពីយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទោះបីក្រុមបំពុលសង្គមបានបំផុសកុំឱ្យប្រជាជនទៅចាក់ហើយក្រោយមកទៀត បានចោទរាជរដ្ឋាភិបាលថាមិនចាក់វ៉ាក់សាំងឱ្យប្រជាជនដែលបញ្ហាទាំងអស់នេះត្រូវបានចងក្រងទុកក្នុងសៀវភៅនេះដែរ។
លោកបានលើកឡើងថាការចងក្រងសៀវភៅនេះក៏បានសិក្សាស្រាវជ្រាវពីការចំណាយថវិការបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ ការផ្តល់ជាស្បៀងអាហារ និងថវិកា ជូនដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ រួមទាំងការចូលរួមជួយពីសប្បុរសជននិងមន្រ្តីរាជការផងដែរ ។
តាមការបញ្ជាក់របស់លោក ឆាយ សុផល អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅបែបប្រវត្តិសាស្រ្តនានាជាច្រើននិងក៏ជាអ្នកទទួលរៀបចំតាក់តែងសៀវភៅស្តីពីការប្រយុទ្ធជំងឺកូវីដ-១៩ បានលើកឡើងថាសៀវភៅថ្មីនេះគឺធ្វើឡើងក្នុងន័យបង្ហាញពីសកម្មភាពការងាររបស់ក្រសួងព័ត៌មានក្នុងការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដោយបានបង្ហាញពីសកម្មភាពរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំក៏ដូចជាការរួមគ្នាពីអគ្គនាយកដ្ឋានទាំង៥ មន្រ្តីរាជការ ក្រសួងព័ត៌មាន ក្រុមការងារ App ក្រសួង សហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យព័ត៌មាន សមាគមនារី ក្រសួងព័ត៌មាន ព្រមទាំងបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត។
ជាមួយគ្នានេះដែរ គណ:កម្មការបោះពុម្ពសៀវភៅក្រសួងព័ត៌មាន ក៏បានពិភាក្សាគ្នាស្តីពីគម្រោងរៀបចំបោះពុម្ពសៀវភៅកំណាព្យ ដែលបានតែងនិពន្ធតាំងពីកំឡុងឆ្នាំ១៩៨០ រហូតដល់ឆ្នាំ១៩៨៣ បានចុះផ្សាយនៅក្នុងកាសែតកម្ពុជាកាលពីសម័យកាលនោះហើយត្រូវបានលោក ខៀវ ណាវី ទីប្រឹក្សាក្រសួងព័ត៌មាននិងជាអតីតអ្នកកាសែតកម្ពុជាបានប្រមូលទុកចងក្រងមកដល់បច្ចុប្បន្នមានចំនួន៩៨កំណាព្យមានលក្ខណៈជាការអប់រំការបំផុសឱ្យប្រជាជនចូលរួមបង្កបង្កើនផលនិងការការពារប្រទេសក្នុងដំណាក់នោះ។ ចំពោះកំណាព្យទាំងអស់នេះគឺជាស្នាដៃរបស់អ្នកកាសែតកម្ពុជា កាលពីសម័យនោះដែលមកដល់ពេលនេះអ្នកខ្លះបានស្លាប់និងបាត់ខ្លួនទៅហើយសល់តែមួយចំនួនបានរស់មកដល់សម័យនេះ។
បើតាមលោកខៀវ កាញារីទ្ធ ការដែលរៀបចំចងក្រងបោះពុម្ពសៀវភៅនេះឡើងគឺសម្រាប់ទុកជាអនុស្សាវរីយ៍និងការចងចាំរបស់បណ្តាយុទ្ធមិត្តក្នុងសមរភូមិសតិអារម្មណ៍ហើយក៏ជាការរម្លឹកពីតថភាពសង្គមចាប់តាំងពីសម័យនោះផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន