ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

រដ្ឋសភាបន្តសម័យប្រជុំដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនបីសម្រាប់លើកកម្ពស់វិស័យពាណិជ្ជកម្ម

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានរបៀបវារៈចំនួនបី ពាក់ព័ន្ធវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេស។ សេចក្តីព្រាងច្បាប់ដែលរដ្ឋសភាបានលើកយកមកពិភាក្សានិងអនុម័តនាពេលនេះមាន៖

១. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម

២. សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម

៣. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ។

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម មានគោលបំណងចូលរួមចំណែកក្នុងការបន្តកំណែទម្រង់របស់រាជរដ្ឋាភិបាលក្នុងការស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិកូវីដ១៩ និងដើម្បីលើកកម្ពស់ភាពងាយស្រួលនៃការធ្វើធុរកិច្ចនៅកម្ពុជាដោយសារច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម ត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមតំាងពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម មានគោលបំណងជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម នៅក្នុងសម័យបច្ចេកវិទ្យា។ កន្លងមករាជរដ្ឋាភិបាលបានកំណត់នីតិវិធីសម្រាប់ការចុះបញ្ជីអាជីវកម្មពាណិជ្ជកម្ម ពន្ធដារ និងការផ្តល់សេចក្តីជូនដំណឹងអំពីការបើកសហគ្រាស ដោយបានដាក់ឲ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីរួមតាមថ្នាលផ្លាស់ប្តូរទិន្នន័យអនឡាញ។ តាមរយៈសេចក្តីព្រាងច្បាប់នេះ បានដកចេញនូវបុរេលក្ខខណ្ឌមួយចំនួនដែលមិនចាំបាច់សម្រាប់ការចុះបញ្ជី និងជួយឲ្យប្រព័ន្ធស្វ័យប្រវត្តិកម្មដំណើរការទៅបានរលូននិងមានតម្លាភាព មានស្តង់ដារខ្ពស់ស្របតាមការធ្វើធុរកិច្ចជាសាកលព្រមទំាងលើកស្ទួយបរិយាកាសធុរកិច្ចនៅកម្ពុជាឲ្យមានការសម្រួលពាណិជ្ជកម្មនិងការប្រកួតប្រជែងសំដៅចូលរួមស្តារសង្គម សេដ្ឋកិច្ចកម្ពុជាពីវិបត្តិជំងឺកូវីដ១៩ និងបង្កើនកំណើនសេដ្ឋកិច្ច។

ចំពោះ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ នឹងក្លាយជាបទដ្ឋានគតិយុត្តទ្វេភាគីក្នុងការដោះដូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។ តាមរយៈច្បាប់នេះ នឹងធ្វើឲ្យកសិផលកម្ពុជាមានទីផ្សារកាន់តែធំ តាមរយៈការនាំចេញទៅកាន់ទីផ្សារនៅសាធារណរដ្ឋកូរ៉េ ដែលនឹងចូលរួមចំណែកដ៏សំខាន់នៅក្នុងការលើកម្ពស់ជីវភាពប្រជាកសិករ។

សេចក្តីព្រាងច្បាប់នេះនឹងជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ ដែលនឹងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ការអភិវឌ្ឍ សុខមាលភាពប្រជាជន និងការផ្សារភ្ជាប់ធុរកិច្ចនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ព្រមទាំងអាចបង្កើតការងារថ្មីៗជូនប្រជាជនទៀតផង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក