សម្ដេចក្រឡាហោម បញ្ជាឱ្យថតសំឡេងការប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារដើម្បីធានាសុវត្ថិភាពសាធារណៈ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានបញ្ជាទៅអគ្គនាយកដ្ឋានពន្ធនាគារមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារឡើយ តែអាចអនុញ្ញាតបានដោយមានការយកចិត្តទុកដាក់ និងថតសំឡេងទុកដើម្បីធានាសុវត្ថិភាព។
ថ្លែងក្នុងពិធីសម្ពោធមណ្ឌលយុវនីតិសម្បទាក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅព្រឹកនេះសម្ដេចក្រឡាហោម ស ខេង បានលើកឡើងថាតាមបទពិសោធន៍មានការលំបាកក្នុងការគ្រប់គ្រងនិងការនាំចូលទូរស័ព្ទចូលពន្ធនាគារតាមរយៈការយកបាយម្ហូប ផ្លែឈើ និងរបស់របរផ្សេងទៀត។ សម្ដេចបានបញ្ជាឱ្យអគ្គនាយកដ្ឋានពន្ធនាគារពិនិត្យករណីនេះជាប្រចាំ ឬអាចអនុញ្ញាតបានក្នុងលក្ខខន្តថតសំឡេង ការធ្វើបែបនេះដោយសម្ដេចបារម្ភពីជនឧក្រិដ្ឋយកពន្ធនាគារជាកន្លែងបញ្ជាឱ្យមានបទល្មើសនៅខាងក្រៅ។
សម្ដេចក្រឡាហោមថ្លែងថា៖ «អ្នកនៅក្នុងពន្ធនាគារបញ្ជាទៅលួចទៅប្លន់ នៅខាងក្រៅ រួចហើយបញ្ជាទៅរកស៊ីគ្រឿងញៀននៅខាងក្រៅទៀត បញ្ជាបានទូទាំងប្រទេសទូទាំងពិភពលោកតាមទូរស័ព្ទ នៅណាក៏បានបញ្ជាបានដែរ ឲ្យតែមានសេវា។ […] គឺត្រូវត្រួតពិនិត្យកុំឲ្យប្រើប្រាស់ និងមិនអនុញ្ញាតប្រើប្រាស់ទូរស័ព្ទ ឬមិនឲ្យមានសេវាទូរស័ព្ទឲ្យប្រើ។ជាមួយឪពុក-ម្ដាយ ដើម្បីសួរទុកយើងជៀសមិនផុត យើងផ្ដាច់ក៏មិនបានដែរ។ ប៉ុន្ដែយើងគ្រប់គ្រងឲ្យគាត់ និយាយអីទៅ ហើយថតសំឡេងទុក មិនមែនលុបបំបាត់សេរីភាពទេ ប៉ុន្ដែយើងត្រូវតាមដានបើខ្លាចបាត់សិទ្ធិក៏មិនកើតដែរ ព្រោះយើងដើម្បីការពារសិទ្ធិ» ។
បើតាមសម្ដេចក្រឡាហោម នេះមិនមែនជាការលុបបំបាត់សិទ្ធិសេរីភាពនោះទេ តែវាជាការការពារសិទ្ធិនិងប្រយោជន៍សាធារណៈ។
បច្ចុប្បន្នកម្ពុជាមានពន្ធនាគារសរុបចំនួន២៨ទូទាំងរាជធានី-ខេត្ត ដែលកំពុងឃុំខ្លួនទណ្ឌិត ជនជាប់ចោទ និងត្រូវចោទសរុបប្រមាណជិត៤០ម៉ឺននាក់៕