ភ្នំពេញ៖ អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាលោក ហ៊ុន ម៉ាណែត ភ្នាល់ជាមួយ សម រង្ស៊ី ដាក់«ជីវិតនយោបាយ» បើ សម រង្ស៊ី អាចរកភស្ភុតាងណាមួយបញ្ជាក់ថាសញ្ញាបត្រទាំង៣របស់លោកដែលរួមបាន បរិញ្ញាបត្រពីបណ្ឌិតសភាយោធាអាមេរិក បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចពីសាកលវិទ្យាល័យញូវយ៉ក និងបណ្ឌិតសេដ្ឋកិច្ចពីសាកលវិទ្យាល័យប្រ៊ីសស្ដូលនៅចក្រភពអង់គ្លេសជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
លោក ហ៊ុន ម៉ាណែត ដែលបច្ចុប្បន្នជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកបានសរសេរលើហ្វេសបុកផេកផ្លូវការរបស់លោក ដោយបានបង្ហោះវីដេអូរបស់ សម រង្ស៊ី ដែលបានថ្លែងកាលពី២៨ ខែកញ្ញា ឆ្នាំ២០១៩ និងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដែលបានវាយប្រហារលើសញ្ញាបត្ររបស់លោកថាជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់។
ក្នុងវីដេអូនោះ សម រង្ស៊ី បានលើកឡើងថា៖ «សញ្ញាប័ត្រយោគយល់ហ្នឹងបើថាឪពុកធ្វើជាមន្ត្រីជាន់ខ្ពស់ ជានាយករដ្ឋមន្ត្រីទៅរៀននៅសាលាគេៗឱ្យជាប់តែគេអត់ឱ្យធ្វើការស្រុកគេទេ! ព្រោះសញ្ញាបត្រដែលគេផ្ដល់ឱ្យកូនចៅអ្នកធំដែលមកពីប្រទេសនានាដែលគេចង់មានទំនាក់ទំនងទូតល្អគឺសញ្ញាបត្រហ្នឹងមិនមានតម្លៃស្មើនឹងសញ្ញាបត្រដែលគេឱ្យជនជាតិគេដែលរៀនពីដើមទីដែលមានកម្រិតពេញលេញហើយគេអត់ឱ្យទេ គេឱ្យតែជនបរទេសដែលមានសញ្ញាបត្រកម្រិតទី២នោះ » ។
ឆ្លើយតបនឹងការចោទប្រកាន់នេះលោក ហ៊ុន ម៉ាណែត បានចោទសួរយ៉ាងខ្លីថា «តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ?»
លក្ខណ្ឌនៃការភ្នាល់គឺ លោក ហ៊ុន ម៉ាណែត ឱ្យលោក សម រង្ស៊ី អោយសាលាដែលលោករៀនទាំង៣បញ្ជាក់ថាលោក ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ លោក ហ៊ុន ម៉ាណែត នឹងលាលែងពីបេក្ខភាពជានាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជន។ ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឱ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាប័ត្រដែលសាលាទាំងនោះផ្តល់អោយលោក ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះលោកសម រង្ស៊ី ត្រូវលាឈប់ពីឆាកនយោបាយចាប់ពីពេលនេះតទៅ។
លោក ហ៊ុន ម៉ាណែត សរសេរថា៖ «ជាថ្មីម្ដងទៀតដើម្បីជាការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំក្នុងនាមជានិស្សិតម្នាក់ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ដែលរៀននៅក្រៅប្រទេសដែលត្រូវលោកសម រង្សី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រមាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេពីក្រោយខ្នងទៀត)» ។
នៅព្រឹកនេះផងដែរសម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចផ្ញើឱ្យ សម រង្ស៊ី ថាបើលេងកុំខឹង។
សម្ដេចសរសេរថា៖ «ស្តាប់ក្មេងប្រដៅចាស់ពាល។ ល្អម្យ៉ាងដែរប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លាក្នុងការទទួលខុសត្រូវ» ។
កាលពីឆ្នាំ២០១៩ លោក ហ៊ុន ម៉ាណែត បានហៅលោក សម រង្ស៊ី ភ្នាល់ម្ដងរួចមកហើយករណីចោទប្រកាន់លើសញ្ញាបត្ររបស់លោក តែពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនទទួលការភ្នាល់ហើយនៅតែបន្តវាយប្រហារថាសញ្ញាបត្រលោក ហ៊ុន ម៉ាណែត ដដែលដោយថាការផ្ដល់សញ្ញាបត្ររបស់អាមេរិកដល់និស្សិតបរទេសជាការផ្ដល់សញ្ញាបត្រដែលទាបជាងនិស្សិតអាមេរិក។
ពេលនោះបានធ្វើឱ្យមានប្រតិកម្មពីសិស្សនិស្សិតដែលបានទៅសិក្សានៅបរទេសផងដែរដោយថា សម រង្ស៊ី កំពុងមើលងាយតម្លៃសញ្ញបត្រដែលនិស្សិតខ្មែរខំរៀនពីបរទេស ខណៈអ្នកនាំពាក្យស្ថានទូតអាមេរិកនៅពេលនោះគឺអ្នកស្រី Emily V. Zeerberg បានបញ្ជាក់ថាការសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅសហរដ្ឋអាមេរិកមិនប្រកាន់ប្រទេសជាតិកំណើតនោះទេ គឺសញ្ញាបត្រដែលនិស្សិតបរទេសទទួលបានមានតម្លៃស្នើនិងសញ្ញាបត្រដែលនិស្សិតជាជាតិកំណើតអាមេរិកដូចគ្នា៕