សម្ដេចតេជោ៖ ព្រះវររាជមាតាបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជានុរាស្ត្រនិងការលើកកម្ពស់តួនាទីស្ត្រី
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្វាយសារលិខិតថ្វាយព្រះពរថ្វាយចំពោះសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសចូលឆ្នាំសកល ២០២២ សូមព្រះអង្គប្រកបដោយព្រះរាជបញ្ញាញាណភ្លឺថ្លា ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះរាជសុខភាពល្អបរិបូណ៍ ព្រះជន្មាយុយឺនយូរ និងចាកផុតពីព្រះរោគាព្យាធិនានា។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយសម្ដែងថ្វាយនូវកតញ្ញុតាធម៌ និងកតវេទិតាធម៌ចំពោះព្រះមហាករុណាទិគុណនិងព្រះព្រហ្មវិហារធម៌របស់ព្រះវររាជមាតាជាតិខ្មែរដែលបានចូលរួមក្នុងព្រះរាជសកម្មភាពយ៉ាងថ្លៃថ្លាក្នុងតួនាទីជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី។
ក្នុងសារលិខិតនោះសម្ដេចតេជោលើកឡើងថា៖ «ក្នុងព្រះរាជសកម្មភាពជាព្រះប្រធានកិត្តិយសនៃកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រីដែលបានរួមចំណែកយ៉ាងថ្លៃថ្លាក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជានុរាស្ត្រ និងការលើកកម្ពស់តួនាទីស្ត្រីក្នុងសង្គមកម្ពុជា និងជាពិសេសព្រះអង្គទ្រង់តែងមានទឹកព្រះទ័យជ្រះថ្លាបរិសុទ្ធទ្រង់សព្វព្រះរាជហឬទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនជាបន្តបន្ទាប់ជួយក្នុងវិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច មនុស្សធម៌ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជានុរាស្ត្រ» ។
ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាព្រះមហាក្សត្រ និងព្រះមហាក្សត្រីរវរាជមាតា ត្បិតតែព្រះអង្គមានទ្រព្យតិចជាងក្សត្រប្រទេសដទៃ ប៉ុន្ដែព្រះទ័យព្រះអង្គទាំងទ្វេរគឺធំធេងណាស់ចំពោះសុខទុក្ខប្រជានុរាស្ត្រ។ ជាពិសេសព្រះអង្គចំណាយថវិកាផ្ទាល់ខ្លួនផ្ទេរឱ្យរាជរដ្ឋាភិបាលទិញមន្ទីរពេទ្យ ទិញវ៉ាក់សាំង និងជំនួយមនុស្សធម៌ផ្សេងៗ ដែលសម្ដេចតេជោបានចាត់ទុកព្រះរាជសកម្មភាពនិងការលះបង់របស់ព្រះអង្គទាំងទ្វេរគឺជាចលនាជាតិមួយដ៏ធំក្នុងការដោះស្រាយនូវវិបត្តិនានានៅកម្ពុជា។
សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ នាទីក្រុងសាយហ្គន ឫហូជីមិញ ហើយព្រះនាមដើមរបស់ទ្រង់គឺ ប៉ូល ម៉ូនិក អ៊ីហ្សហ្ស៊ី។ ព្រះអង្គបានរៀបអភិសេកជាមួយព្រះបាទនរោត្តម សីហនុ ក្នុងខែមេសា ឆ្នាំ១៩៥២ ដែលមានបុត្រា ២អង្គគឺ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ដែលជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន និងព្រះអង្គម្ចាស់ នរោត្តម នរិន្ទ្រពង្ស៕