TOP NEWS : រាជរដ្ឋាភិបាលតែងតាំងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដែលទើបបង្កើតថ្មី
(ភ្នំពេញ) ៖ ស្របគ្នាជាមួយនឹងការចេញសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចតែងតាំងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់។
បើតាមសេចក្តីសម្រេចខាងលើនេះ គណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ មានភារកិច្ចដូចខាងក្រោម៖
១-ដាក់ចេញនូវវិធានការលម្អិត ឬការណែនាំលម្អិតនានា សំដៅធានាដល់ប្រសិទ្ធភាពនៃការអនុវត្តវិធានការបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដែនដីដែលត្រូវបានបិទខ្ទបក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។
២-ដាក់ចេញនូវគោលនយោបាយ និងវិធានការដើម្បីគាំពារ និងជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់
៣- ជួយគាំទ្រដល់គណៈកម្មការប្រតិបត្តិរបស់ គ.ប.ខ. ក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័ន ដែលមានការពាក់ព័ន្ធសំដៅធានាការអនុវត្តវិធានការបិទខ្ទប់ឱ្យបានរលូន និងមានប្រសិទ្ធភាព
៤-អនុវត្តនូវវិធានការចាំបាច់ផ្សេងទៀតតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល - រាយការណ៍ជាប្រចាំជូនប្រមុខរាជរដ្ឋាភិបាលអំពីលទ្ធផល និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត
រាជរដ្ឋាភិបាល ក៏បានសម្រេចប្រគល់ភារកិច្ចជូនគណៈអភិបាលរាជធានីភ្នំពេញ និងគណៈអភិបាលខេត្តកណ្តាល ដើម្បីធ្វើជាគណៈកម្មការប្រតិបត្តិដែលជាសេនាធិការឱ្យ គ.ប.ខ. ក្នុងការទទួលបន្ទុកអនុវត្តវិធានការបិទខ្ទប់ស្របតាមសេចក្តីសម្រេចខាងលើនេះផងដែរ ហើយគណៈកម្មការប្រតិបត្តិនេះ នឹងត្រូវដឹកនាំដោយអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញទទួលបន្ទុករួម និងមានអភិបាលនៃគណៈអភិបាលខេត្តកណ្តាលជាអនុប្រធានទទួលបន្ទុកការងារបិទខ្ទប់សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ។
គណៈកម្មការប្រតិបត្តិនៃ គ.ប.ខ. មានសិទ្ធិបង្កើតក្រុមការងារមួយចំនួនតាមការចាំបាច់ ដើម្បីធានប្រសិទ្ធភាពនៃការអនុវត្តវិធានការបិទខ្ទប់ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន។
ក្រសួង ស្ថាប័ននានា ត្រូវចាត់បញ្ជូនតំណាងរបស់ខ្លួនដើម្បីដឹកនាំ និង/ឬចូលរួមក្នុងក្រុមការងារតាមការស្នើសុំរបស់ប្រធានគណៈកម្មការ ប្រតិបត្តិនៃ គ.ប.ខ. ក្នុងក្របខណ្ឌនៃសមត្ថកិច្ចជំនាញ និងការទទួលខុសត្រូវរបស់ខ្លួន ដើម្បីធានាដល់ ប្រសិទ្ធភាពនៃការអនុវត្តវិធានការបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងដែនដី ដែលត្រូវបានបិទខ្ទប់ ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត៕