ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាសមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន ម៉ានី បានចូលរួមអបអរសាទរចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្ស ក៏ដូចជាបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីនាពេលអនាគត។
លោក ហ៊ុន ម៉ានី បានសរសេរលើហ្វេសបុកផេកផ្លូវការរបស់នាថ្ងៃនេះថា៖ «លទ្ធផលនៃការសម្រេចចិត្តរបស់គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការសម្រេចចិត្តមួយប្រកបដោយសុភវិនិច្ឆ័យ និងក៏ជាការសម្រេចចិត្តដែលបន្តធានាបាននូវភាពជឿជាក់ពីសំណាក់សមាជិក សមាជិការបស់គណបក្ស ក៏ដូចជាការបន្តរក្សាបាននូវនិរន្តភាពជាតិ និងសុខសន្តិភាពសង្គមកម្ពុជាសម្រាប់ថ្ងៃអនាគត»។
ថ្លែងក្នុងសន្នីសិទសារព័ត៌មានបន្ទាប់ពីសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៣ របស់គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះអ្នកនាំពាក្យគណបក្សលោក សួស យ៉ារ៉ា បានថ្លែងថាគណបក្សប្រជាជនបានចាត់ទុកសន្ដិសុខរបស់ប្រជាជន សុវត្ថិភាពរបស់ជាតិជាអទិភាពចម្បងរបស់គណបក្ស ដែលសំខាន់ជាងការគិតគូរលើបុគ្គលដែលជ្រើសរើសជាបេក្ខជននាយករដ្ឋមន្ត្រី។ លោកថាការសម្រេចបាននូវការបោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានបក្ស២រូបបន្ថែម និងទុកចិត្តដល់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគត គឺជាការបង្ហាញទៅពិភពលោកថាគណបក្សប្រជាជនជាគណបក្សដែលមានឯកភាព និងសាមគ្គីភាពគ្នា ដែលធានាការពារកម្ពុជានូវសន្ដិភាព បញ្ជៀសការបៀតបៀនឬការដណ្ដើមគ្នាលើភូមិសាស្ត្រនយោបាយនៃមហាអំណាច។
គណបក្សប្រជាជនកម្ពុជាត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយអ្នកជាតិនិយមកម្ពុជាដើម្បីរំដោះជាតិកម្ពុជាពីអាណានិគមបារាំង។ គឺជាគណបក្សដែលចំណាស់ជាងគេនៅ កម្ពុជា ហើយបានដឹកនាំការតស៊ូរំដោះប្រជាជនកម្ពុជាពីរបបខ្មែរក្រហមនៅ ឆ្នាំ១៩៧៩ និងបានដឹកនាំប្រទេសមកដល់បច្ចុប្បន្ន៕