អេស្ប៉ាញ៖ លោក Zinedine Zidane ត្រូវគេសង្កេតឃើញពីចេតនាចង់ចាកចេញពីក្លិប Real Madrid នូវដំណាច់រដូវកាលនេះ ខណៈ Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងក្រុមអង់គ្លេសតោខៀវ Chelsea ហើយឱកាសប្រជែងជើងឯកលីគកំពូលអេស្ប៉ាញឆ្នាំនេះ រឹតតែស្តួចស្តើងណាស់ទៅទៀត។
ដោយឡែក បើយោងតាមប្រភពពីអ្នកសារព័ត៌មានកីឡាដ៏ល្បីល្បាញម្នាក់នូវអឺរ៉ុបបានទម្លាយថា អតីតគ្រូបង្វឹកក្លិបសេះបង្កង់ Juventus លោក Massimiliano Allegri ទំនងជានឹងក្លាយជាបេក្ខភាពជំនួសកៅអីរបស់ Zidane ហើយថែមទាំងអះអាងថាក្លិបយក្សអេស្ប៉ាញមួយនេះបានទាក់ទងផ្ទាល់ទៅ Allegri តាំងពីខែមីនាមកម្ល៉េះ។
គេមិនដឹងច្បាស់ថារឿងរ៉ាវនេះនឹងអាចទៅរួចឬអត់ទេ? ប៉ុន្តែកន្លងមកក៏មាននូវការលើកយកបេក្ខភាព Raul Gonzalez អតីតគ្រូបង្គោលក្រុមយុវជនថ្នាល Real Castilla និងជាអ្នកចាត់ការបណ្តោះអាសន្ន U-19 Real Madrid មកដឹកនាំក្លិបធំនារដូវកាលថ្មីនេះផងដែរ។ យ៉ាងណាក្តី Allegri ក៏មិនមែនជាបេក្ខភាពធម្មតាៗម្នាក់នោះដែរ ពោលគឺបុរសសញ្ជាតិអ៊ីតាលីវ័យ ៥៣ឆ្នាំរូបនេះ ធ្លាប់បានដឹកនាំក្លិបជាច្រើននូវអ៊ីតាលីដូចជា Juventus , AC Milan និង Sassuolo និងធ្លាប់ឈ្នះពាន Serie A ជាមួយ AC Milan នៅឆ្នាំ ២០១១ ជាមួយ Juventus ៥រដូវកាលជាប់គ្នាពីឆ្នាំ ២០១៤ ដល់ ២០១៩ និងដឹកនាំក្លិបនេះឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីរលើកនៅឆ្នាំ ២០១៥ និង ២០១៧៕