បន្ទាយមានជ័យ៖ ទំនិញខូចគុណភាពជាង៦តោន ត្រូវបានមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ(ក.ប.ប ) ដុតកម្ទេចចោលនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្រុងប៉ោយប៉ែត។
ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តបន្ទាយមានជ័យ លោក សាន វិជ្ជាសារ៉ាវុធ បានឱ្យដឹងថាទំនិញទាំងនោះមានទំងន់សរុប៦៤០៥គីឡូក្រាមរួមមាន កាកសំណល់កំទិចមីមានទំងន់២១២៥គីឡូក្រាម ស្រាបៀ"សឹង្ហ" ហួសការបរិច្ឆេទទំងន់៦៨១គីឡូក្រាម ស្រាបៀ"ប៊ូឌូស័រ"ទំងន់១៨២គីឡូក្រាម ភេសជ្ជៈ"អាដេ" ហួសការបរិច្ឆទទំងន់១៨២គីឡូក្រាម អាលកុលក្លែងក្លាយទំងន់២២៩១គីឡូក្រាម ស្មើ៧១ពីដុង រួមទាំងភេជ្ជៈកូកាកូឡា ទឹកក្រូច ដបចម្រុះនិងទំនិញខូចគុណភាពផ្សេងៗមួយចំនួនទៀត។
លោក សាន វិជ្ជាសារ៉ាវុធ ថា៖ «ជាការណែនាំពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងវិធានការពីអគ្គនាយកដ្ឋាន (ក.ប.ប) មន្ត្រីជំនាញបានសហការជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធបានបង្ក្រាបនិងដកហូតទំនិញខូចគុណភាពរយៈ៦ខែដើមឆ្នាំ២០២១ ក្រោយពីបង្ក្រាប និងដកហូតរួចមក បានសុំគោលការឯកឧត្តម កើត សុវណ្ណរ៉េត ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីដុតកំទិចចោល»។
បើតាមលោក សាន វិជ្ជាសារ៉ាវុធ រាល់ទំនិញដែលខូចគុណភាណដែលមន្ត្រីជំនាញបង្ក្រាបដកហូតបាននៅចុងឆ្នាំ២០២១នេះ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕