ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ថាការទុកមីយ៉ាន់ម៉ានៅក្រៅអាស៊ានគឺកំពុងរុញប្រទេសនេះឱ្យចូលក្នុងសង្គ្រាមស៊ីវិល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាការទុកឱ្យប្រទេសមីយ៉ាន់ម៉ានៅក្រៅអាស៊ានមិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ធម្មនុញ្ញអាស៊ានដែលធ្វើឱ្យប៉ះពាល់ដល់ស្មារតីអាស៊ាន ប៉ុណ្ណោះទេ ថែមទាំងកំពុងរុញមីយ៉ានម៉ាឱ្យធ្លាក់ក្នុងសង្គ្រាមស៊ីវិលថែមទៀត។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារគយនិងរដ្ឋាករនៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើអ្នកដែលរិះគន់លើការទៅធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ារបស់សម្ដេចតេជោនៅដើមខែមករាខាងមុខថា ជាអ្នកនយោបាយដែលក្មេងខ្ចីមិនដឹងពីស្ថានភាពដែលអាចកើតឡើងនាពេលខាងមុខ និងបានផ្ដាំទៅវិញឱ្យមើលពីទំនាក់ទំនងរវាងប្រទេសពួកគេជាមួយមីយ៉ាន់ម៉ាវិញជាជាងត្រឹមតែរឹះគន់សម្ដេចលើដំណើរទស្សនកិច្ចនេះ។ អ្នកទាំងនោះមានអតីតរដ្ឋមន្ត្រីការបរទេសថៃលោក កាស៊ីត ភារម្យ និងតំណាងរាស្ត្រម៉ាឡេស៊ីម្នាក់។

សម្ដេចតេជោថ្លែងថា៖ «មុននឹងអ្នកឯងសួរខ្ញុំ ចង្អុលមុខខ្ញុំ អ្នកឯងត្រូវសួរខ្លួនឯងថា អ្នកឯងធ្វើអី បើអ្នកឯងហ៊ានផ្តាច់ទូតចេញពីមីយ៉ាន់ម៉ាទើបអ្នកឯងចិត្តសឿង ប៉ុន្តែប្រទេសនៅលើលោកីយ៍នេះ អត់ទាន់មានប្រទេសណាមួយផ្តាច់ទូតចេញពីប្រទេសមីយ៉ាន់ម៉ាទេ! ហេតុអ្វីបានហ៊ុន សែន មិនអាចទៅមីយ៉ាន់ម៉ាបាន ខ្ញុំមានទូតនៅហ្នឹង ហើយមីយ៉ាន់ម៉ាមានទូតនៅភ្នំពេញ អញ្ចឹងដំណើររបស់ខ្ញុំទៅមីយ៉ាន់ម៉ា អត់មានអីខុស ជាទម្លាប់ការទូតធម្មតាហើយក៏ជាផ្នែកមួយនៃទំនាក់ទំនងភាពជាដៃគូក្នុងអាស៊ាន» ។

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមទៀតផងដែរថា ដរាបណាអាស៊ានមានតែ៩ប្រទេសគឺមានន័យថា «អាស៊ានមិនគ្រប់ទឹក» និងជាអាស៊ានដែលបរាជ័យ ធ្វើឱ្យមីយ៉ាន់ម៉ាធ្លាក់ក្នុងសង្គ្រាមស៊ីវិល។

សម្ដេចតេជោ បញ្ជាក់ថានៅពេលសម្ដេចទៅធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ាសម្ដេចនឹងទៅក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជាផង និងជាប្រធានអាស៊ានផង និងប្រើប្រាស់យន្តហោះពិសេសបិទទង់ជាតិកម្ពុជាធ្វើដំណើរទៅថែមទៀត។ សម្ដេចបានផ្ដាំទៅពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនដែលបង្ហាញការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចនេះ កុំឱ្យធ្វើការសន្និដ្ឋានទុកពេលឱ្យសម្ដេចធ្វើការសិន។

សម្ដេចតេជោ ហ៊ុន សែន ថា៖ «អ្នកដែលប្រឆាំងខ្ញុំជនជាតិមីយ៉ាន់ម៉ា។ ខ្ញុំយល់អារម្មណ៍របស់អ្នក ដូចជាមានដុតទាំងរូបថត មីន អ៊ុងឡាំង ហើយនឹងរូបខ្ញុំផង។ សុំអញ្ជើញធ្វើអីក៏ធ្វើចុះក៏ប៉ុន្ដែអ្នកឯងនឹងទទួលផលប្រយោជន៍នៅពេលក្រោយអំពីការស្ដារឡើងវិញ ការវិលត្រលប់នៃសន្ដិភាព ក៏ដូចជាដំណើរការប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា។ នេះជាការជូនសារ ថាអ្នកនឹងទទួលផលប្រយោជន៍» ។

បើតាមគម្រោងសម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណប្រតិភូកម្ពុជាធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៧ និង៨ ខែមករា ឆ្នាំ២០២២ខាងមុខ ដើម្បីជួយស្វែងរកដំណោះស្រាយ និងបើកផ្លូវឱ្យអាស៊ានអាចអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆ័នទាំង៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ាបាន។

កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់អាស៊ានសម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួលរបស់បេសកជនពិសេសអាស៊ាន ការផ្ដល់ជំនួយមនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេសទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី លោកប្រធានាធិបតីវីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោកមីន អ៊ុងឡាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ ខណៈអាស៊ាននាពេលចុងក្រោយក៏សម្រេចមិនដាក់បញ្ជូលប្រទេសមីយ៉ាន់ម៉ាចូលក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក