វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

លោក ហ៊ុន ម៉ាណែត ដាក់គោលដៅធ្វើជាអ្នកនយោបាយតាំងពីឆ្នាំ១៩៩៤ក្នុងពេលដែលរៀននៅសហរដ្ឋអាមេរិក

ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជា លោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត បានដាក់គោលដៅរបស់លោកធ្វើជាអ្នកនយោបាយតាំងពីឆ្នាំ១៩៩៤ ក្នុងពេលដែលលោកកំពុងសិក្សាផ្នែកសេដ្ឋកិច្ចនៅក្នុងទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ក្នុងលិខិតដែលលោក ហ៊ុន ម៉ាណែត សរសេរជូនសម្ដេចតេជោក្នុងអំឡុងឆ្នាំ១៩៩៤និងត្រូវបានទម្លាយដោយសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃនេះឱ្យដឹងថា លោក ហ៊ុន ម៉ាណែត មានបំណងសិក្សាជំនាញចំនួន៣ក្នុងការរៀបចំគោលដៅនាពេលអនាគតរបស់ខ្លួនគឺ ជំនាញសេដ្ឋកិច្ច នយោបាយ និងទាហាន។

លោកបានបញ្ជាក់ក្នុងលិខិតនោះថា៖ «ចំពោះខ្ញុំ ខ្ញុំយល់ថាទាហ៊ាន អ្នកសេដ្ឋកិច្ច និងអ្នកនយោបាយមានឥទ្ធិពលណាស់នៅក្នុងសង្គម ការដែលសំខាន់គឺទោះជាអនាគតខ្ញុំអាចទៅជាអ្នកសេដ្ឋកិច្ចរឺក៏ជាអ្នកនយោបាយ គឺខ្ញុំចង់បានគ្រឹះរបស់ខ្ញុំជាទាហ៊ាន ព្រោះតាមខ្ញុំមើលប្រវត្តិសាស្រ្តនៅអាមេរិចរឺនៅប្រទេសមួយចំនួនគឺអ្នកដឹកនាំធំៗច្រើនចេញពីទាហ៊ានដែរ។ តែនេះជាគំនិតរបស់ខ្ញុំ ខ្ញុំសូមអោយពុកជួយអោយយោបល់ផង តើគំនិតនេះល្អរឺមិនល្អ» ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានសរសេរលើហ្វេសបុករបស់សម្ដេចដោយបញ្ជាក់ថា រហូតមកដល់ពេលនេះគឺមានរយៈពេល២៨ឆ្នាំហើយដែលសម្ដេចរក្សាការសម្ងាត់នៃសំបុត្រនេះ និងថាមិនចាំបាច់បន្តរក្សាការសម្ងាត់ទៀតទេព្រោះលោក ហ៊ុន ម៉ាណែត បច្ចុប្បន្នកំពុងមានជំនាញទាំង៣ដែលបានដាក់គោលដៅតាំងពីឆ្នាំ១៩៩៤រួចហើយនោះ។

សម្ដេចតេជោក៏បានប្រាប់រឿងមួយចំនួនដែលមិនបានសរសេរក្នុងសំបុត្រដែរថា៖ «អានលិខិតនេះនិងយល់ពីម៉ាណែតកាន់តែច្បាស់ ហើយអ្វីដែលមិនមានក្នុងលិខិតនេះគឺម៉ាណែតបានចូលទៅធ្វើកម្មសិក្សានៅធនាគារពិភពលោកដែលត្រូវបានបញ្ជូនទៅធ្វើការងារនៅប្រទេសកុងហ្គោបន្ទាប់ពីជាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសកលវិទ្យាល័យញ៉ូវយ៉ក។ ម៉ាណែតធ្លាប់បានទៅរស់នៅជាមួយគ្រួសារបារាំងមួយនៅប្រទេសបារាំងដោយស៊ីឈ្នួលបេះផ្លែប៉ោមឱ្យគ្រួសារនេះដើម្បីរៀនភាសាបារាំង។ នៅពេលរៀនថ្នាក់បណ្ឌិតនៅប្រទេសអង់គ្លេស ម៉ាណែតបានចូលបង្រៀនគណិតវិជ្ជាសម្រាប់និស្សិតឆ្នាំទី២និងទី៣ដើម្បីបានប្រាក់ខ្លះសម្រាប់ចំណាយកាត់បន្ថយការចំណាយរបស់ឪពុកម្តាយ» ។

លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ គឺជាកូនប្រុសច្បងរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែន។ លោកជាជនជាតិកម្ពុជាដំបូងដែលបញ្ចប់ការសិក្សានៅឯបណ្ឌិតសភាយោធា West Point របស់សហរដ្ឋអាមេរិក និងជាបណ្ឌិតសេដ្ឋកិច្ចនៃសកលវិទ្យាល័យ Bristol របស់ចក្រភពអង់គ្លេសផងដែរ។ បច្ចុប្បន្នលោក ហ៊ុន ម៉ាណែត មានឋារន្តរស័ក្កិជាឧត្តមសេនីយ៍ឯកផ្កាយ៣ កាន់តួនាទីជាអគ្គមេបញ្ជារងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយុទ្ធពលខេមរភូមិន្ទ។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសគាំទ្រកូនប្រុសច្បងរបស់សម្ដេចគឺលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីតពីសម្ដេច។ ការប្រកាសនេះធ្វើឱ្យមានការសាទរជាបន្តបន្ទាប់ពីជួរថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅកម្ពុជា។

នៅថ្ងៃស្អែកគណបក្សប្រជាជននឹងមានការប្រជុំគណៈកម្មការការកណ្ដាលគណបក្សដែលបើតាមសម្ដេចតេជោបញ្ជាក់កាលពីកន្លងទៅគឺទាក់ទងនឹងការរៀបចំគណៈរដ្ឋមន្ត្រីបន្តវេនជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។ សម្ដេចបានផ្ដាំឱ្យក្រុមប្រឆាំងចាំមើលពីភាពសាមគ្គីគ្នារបស់គណបក្សប្រជាជននាថ្ងៃស្អែកនេះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក