សិង្ហបុរី-ហុងកុង៖ កិច្ចសហប្រតិបត្តិការលើជើងហោះហើរសុវត្ថិភាពបែបគន្លងថ្មី (Air Travel Bubble) រវាងប្រទេសសិង្ហបុរី និងហុងកុង ត្រូវបានរុញកាលបរិច្ឆេទដំណើរការជាលើកទី២។ នេះបើយោងតាមសេចក្តីប្រកាសនៃភាគីទាំងពីរនៅថ្ងៃចន្ទនេះ។
Air Travel Bubble ដែលជាលំនាំថ្មីនៃការធ្វើដំណើរតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យអ្នកដំណើរមិនចាំបាច់ត្រូវធ្វើចត្តាឡីស័កនោះ ដំបូងឡើយគ្រោងបើកដំណើរការតាំងពីថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំមុនម្ល៉េះ ក៏ប៉ុន្តែត្រូវបានពន្យារពេលម្តងរួចមកហើយ ដោយសារតែករណីឆ្លងកូវីដ-១៩ថ្មីមានការកើនឡើងនៅទីក្រុងហុងកុង។ កាលបរិច្ឆេទថ្មីត្រូវបានកំណត់យកថ្ងៃទី ២២ ខែឧសភាវិញ ប៉ុន្តែម្តងនេះការប្រកាសពន្យារពេលជាថ្មីក៏បណ្តាលមកពីមូលហេតុមិនខុសគ្នាដែរ គ្រាន់តែប្តូរមកជាសិង្ហបុរីមានអ្នកឆ្លងថ្មីកើនឡើងវិញម្តង។
សិង្ហបុរីពេលនេះកំពុងតែមមាញឹកលើការទប់ស្កាត់ការឆ្លងកូវីដ-១៩ រលកទី២ ខណៈរដ្ឋមន្រ្តីសុខាភិបាលប្រទេសនេះ បានបញ្ជាក់ពីករណីឆ្លងក្នុងប្រទេសចំនួន ២១ករណីថ្មី ក្នុងនោះមាន ១១ករណី ដែលជាការឆ្លងគ្មានខ្សែបណ្តាញ ឬអាចនិយាយបានថា ពុំដឹងពីប្រភពដើមនៃការចម្លង។ សរុបជារួម ប្រទេសរីកចំរើនផ្នែកសេដ្ឋកិច្ចនៅអាស៊ាននេះ មានករណីឆ្លងសរុបច្រើនជាង ៦១,៦០០ករណី ក្នុងនោះមានអ្នកស្លាប់ដោយកូវីដ-១៩សរុបចំនួន ៣១នាក់៕
ប្រភព៖ Chanel News Asia