សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ជប៉ុនផ្ដល់ជំនួយជិត៣០ម៉ឺនដុល្លារសម្រាប់ការសាងសង់សាលារៀននិងស្ដារធារាសាស្ត្រក្នុងខេត្តចំនួន៣

ភ្នំពេញ៖ ទឹកប្រាក់ចំនួន ២៨០ ៣៧៨ដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ) របស់ជប៉ុនត្រូវបានផ្ដល់ដល់មន្ទីរអប់រំខេត្តរតនគីរី មន្ទីរអប់រំខេត្តស្ទឹងត្រែង និងមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺសម្រាប់សាងសង់អាគារសិក្សា និងស្ដារប្រព័ន្ធធារាសាស្ត្រ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានឱ្យដឹងថាគម្រោងទាំង៣នេះនឹងផ្ដល់ឱ្យមន្ទីរអប់រំខេត្តរតនគិរីចំនួន ៩៨ ៣១៧ ដុល្លារអាមេរិក សម្រាប់ការសាងសង់អាគារសិក្សា១ខ្នង ចំនួន៦បន្ទប់ បង្គន់អនាម័យចំនួន៤បន្ទប់ និងស៊ីទែនទឹកចំនួន១ នៅអនុវិទ្យាល័យអូវយ៉ាដាវ ក្នុងខេត្តរតនគិរី។ ថវិកាចំនួន ៩១ ៥៦៦ ដុល្លារអាមេរិកនឹងត្រូវផ្ដល់ទៅមន្ទីរអប់រំខេត្តស្ទឹងត្រែង សម្រាប់សាងសង់អាគារសិក្សា១ខ្នង ចំនួន៣បន្ទប់ និងស៊ីទែនទឹកចំនួន១ នៅសាលាបឋមសិក្សាអូរឬស្សីលើ១ និងអាគារសិក្សា១ខ្នង ចំនួន៣បន្ទប់ បង្គន់អនាម័យចំនួន១ នៅសាលាបឋមសិក្សា អូរឬស្សី២ ក្នុងខេត្តស្ទឹងត្រែង។

ចំណែកគម្រោងស្ដារឡើងវិញនូវទំនប់ទឹកចាស់ដែលមានស្រាប់ និងលូប្រអប់ចំនួន២ ដែលបានតម្លៃប្រមាណ ៩០ ៤៩៤ ដុល្លារអាមេរិកត្រូវផ្ដល់ដល់មន្ទីរធនធានទឹកខេត្តកំពង់ស្ពឺសម្រាប់ចាត់ចែងកសាង។

លោកបញ្ជាក់ថា៖ «ខ្ញុំមានសេចក្ដីសោមនស្សរីករាយដោយសង្កេតឃើញថានាពេលថ្មីៗ ប្រទេសកម្ពុជា បាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជន។ […] ប្រទេសជប៉ុននឹងបន្ដរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈគ្រោងការណ៍សហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗរួមទាំង គូសាណូណិ ផងដែរ» ។

ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជានៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមកម្រិតមូលដ្ឋាន។ គិតរហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយឥតសំណង គូសាណូណិ ជាង៦៤លានដុល្លារអាមេរិកហើយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលដើម្បីអនុវត្តដែលសរុបគម្រោងមានចំនួន ៦៥១ គម្រោង៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក