សាលារាជធានីភ្នំពេញអំពាវនាវដល់កម្មករក្រុមហ៊ុនណាហ្គាវើលបញ្ឈប់ការតវ៉ាខណៈដំណោះស្រាយនឹងបន្តនៅថ្ងៃស្អែកទៀត
ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានសម្រេចឱ្យសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើល រៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលមានបញ្ហាជាមួយក្រុមហ៊ុនចំនួន៣៦៥ដើម្បីស្រង់យកអ្នកដែលទាមទារសំណង និងអ្នកដែលចង់ត្រឡប់ចូលទៅធ្វើការវិញ ដើម្បីឱ្យរដ្ឋបាលរាជធានីភ្នំពេញសម្រុះសម្រួលជាមួយក្រុមហ៊ុនដោះស្រាយជូន ខណៈនឹងមានការដោះស្រាយបន្តទៀតនាថ្ងៃស្អែក។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ សាលារាជធានីភ្នំពេញបានឱ្យដឹងថាក្នុងកិច្ចប្រជុំដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គាវើលភាគីពាក់ព័ន្ធបានសម្រេចបាន៤ចំណុចគឺការរៀបចំបញ្ជីឈ្មោះកម្មករនិយោជិតដែលចង់ទទួលសំណង និងកម្មករនិយោជិតដែលទាមទារការចូលទៅធ្វើការវិញ។
សាលារាជធានីភ្នំពេញក៏បានសម្រេចឱ្យក្រុមហ៊ុនណាហ្គាវើលយកបញ្ជីឈ្មោះកម្មករនិយោជិតទាំងអស់ដែលទាមទារទៅផ្ទៀងផ្ទាត់ជាមួយក្រសួងការងារ ខណៈឱ្យតំណាងកម្មករយកសេចក្ដីសម្រេចនេះទៅផ្សព្វផ្សាយបញ្ឈប់ការប្រមូលផ្ដុំដើម្បីទុកពេលឱ្យអាជ្ញាធរមានពេលដោះស្រាយ និងស្វែងរកដំណោះស្រាយបន្តទៀតនៅថ្ងៃស្អែក។
សាលារាជធានីភ្នំពេញបានលើកឡើងបន្ថែមថា៖ «ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញសូមអំពាវនាវដល់កម្មករ និយោជិតដែលមានវិវាទការងារ ឱ្យបន្តភាពអត់ធ្មត់ ដោយបញ្ឈប់ការសំដែងមតិដោយខុសច្បាប់ ដើម្បីទុកពេលឱ្យក្រសួង ស្ថាប័នមានសមត្ថកិច្ចបន្តធ្វើការសម្របសម្រួលដោះស្រាយវិវាទការងារនេះជូនភាគីទាំងពីរដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យគ្នា និងស្របតាមច្បាប់ជាធរមាន» ។
ការប្រមូលផ្ដុំគ្នាតវ៉ារបស់កម្មករនិយោជិតនៃក្រុមហ៊ុនណាហ្គាវើលបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ រហូតមកដល់ថ្ងៃនេះមានរយៈពេល៤ថ្ងៃហើយ។ ពួកគេបានចោទប្រកាន់ក្រុមហ៊ុនថាបានបញ្ឈប់បុគ្គលិកក្នុងឆ្នាំនេះជាង ១៣០០នាក់ ដោយរំលោភសិទ្ធិការងារ ហើយកម្មករជាង៣០០នាក់បដិសេធលើការបញ្ឈប់នេះបាននាំគ្នាតវ៉ាជំទាស់នឹងការសម្រេចនេះ។ ខណៈក្រុមហ៊ុនបានចោទប្រកាន់លើកម្មករវិញថាក្រុមកម្មករទាំងនោះកំពុងធ្វើបាតុកម្មដោយខុសច្បាប់៕