ភ្នំពេញ៖ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន និងប្រធានាធិបតីវៀតណាមលោក ង្វៀន សួនហ៊្វុក បានអញ្ជើញរួមគ្នាក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អាគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជានៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ។
អាគារនេះជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានសន្យាផ្ដល់ដល់រដ្ឋសភាកម្ពុជាកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ ក្នុងតម្លៃ២៥លានដុល្លារអាមេរិក។
ប្រធានរដ្ឋសភាកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាម ដោយថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកទ្វេដងទៀតក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាពប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។ សម្ដេចពញាចក្រីបន្ថែមទៀតថា ទោះបីជាប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ក្តី ក៏កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-វៀតណាម នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរលើគ្រប់វិស័យ ជាពិសេសបានចែករំលែកព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងជំងឺនេះ តាមរយៈកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមក ទាំងថវិកា និងសម្ភារបរិក្ខាពេទ្យ។
សម្ដេចប្រធានរដ្ឋសភា ក៏បានថ្លែងអំណរគុណចំពោះជំនួយជាថវិកាចំនួន ២៥លានដុល្លារអាមេរិក ដែលបក្ស រដ្ឋ និងប្រជាជនវៀតណាម បានផ្តល់ជូនសម្រាប់កសាងអគាររដ្ឋបាលរដ្ឋសភាដែលបានធ្វើពិធីបញ្ចុះបឋមសិលានាពេលនេះផងដែរ។
ប្រធានរដ្ឋវៀតណាមលោក ង្វៀន សួនហ៊្វុក បានអបអរសាទរចំពោះការសាងសង់អាគាររដ្ឋបាលសភាជាតិថ្មីរបស់កម្ពុជានាពេល និងថាជាសមិទ្ធិផលប្រវត្តិសាស្ត្រមួយ និងសំខាន់ក្នុងចំណោមសមិទ្ធផលដែលកម្ពុជានិងវៀតណាម សម្រេចបាននាពេលកន្លងមក ទំាងនៅស្ថាប័ននីតិប្បញ្ញតិ្ត និងនីតិប្រតិបត្តិ។
លោកបានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់សម្តេចប្រធានរដ្ឋសភានៅក្នុងការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទំាងពីរឲ្យមានការរីកចម្រើនជាលំដាប់។ លោកក៏សង្ឃឹមថាចំណងទំនាក់ទំនងរវាងប្រទេសទាំងពីកាន់តែរីកចំរើននិងទទួលបានសមិទ្ធផលធំៗជាបន្តបន្ទាប់ទៀត។
អគាររដ្ឋបាលរដ្ឋសភាថ្មី ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាមនេះ មានកម្ពស់១២ជាន់ និងមានចំណតរថយន្តចំនួនពីរជាន់ទៀត។
នៅក្នុងរបាយការណ៍ដែលបានលើកឡើងដោយអគ្គលេខាធិការរដ្ឋសភាលោក ឡេង ប៉េងឡុង បានបង្ហាញថា នៅក្នុងគម្រោងការសាងសង់អគាររដ្ឋបាលថ្មីដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ ចាត់ចែងអនុវត្តទៅតាមផែនការមាន៤ដំណាក់កាល គឺការដេញថ្លៃជ្រើសរើសទីប្រឹក្សា បន្ទាប់មកជ្រើសរើសក្រុមហ៊ុន Archetype កសាងប្លង់ទំាងឡាយ និងបន្ទាប់មកបានដាក់សុំការអនុញ្ញាតសាងសង់ជូនទៅក្រសួងដែនដីនគរូបនីយកម្ម ដំណាក់កាលទី៣គឺដេញថ្លៃការសាងសង់អគារ និងការផ្គត់ផ្គង់បរិក្ខាទំាងឡាយ និងដំណាក់កាលចុងក្រោយគឺត្រូវធ្វើការសាងសង់អគារ និងបំពាក់គ្រឿងបរិក្ខាឲ្យរួចរាល់៕